(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែមករាឆ្នាំ២០២៣ បានអញ្ជេីញរៀបចំពិពីសែនក្រុងពាលី និងអភិសេករូបសំណាក «បារមីលោកតា លោកយាយព្រះពោធិ៍ព្រឹក» ថែរក្សាខេត្តស្វាយរៀង ស្ថិតនៅអាស្រមថ្មី សួនច្បារលោកហុកឡងឌី (សួនពោធិ៍ព្រឹក្សា) ស្ថិតក្នុងភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
ពិធីនេះមានការចូលរួមពីលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ព្រមទាំងលោក លោកស្រី មន្ទីរជុំវិញខេត្ត ក្រុមការងារ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា អាស្រមថ្មីបារមី «លោកតា លោកយាយព្រះពោធិ៍ព្រឹក» ដែលបានរៀបចំពិធីសែនក្រុងពាលីនាព្រឹកនេះ គឺជាទីគោរពសក្ការៈបូជាសម្រាប់ថ្នាក់ដឹកនាំខេត្ត និងប្រជាពលរដ្ឋមកបន់ស្រន់សុំសេចក្តីសុខចម្រេីន ហើយសួនច្បារលោក ហុក ឡងឌី (សួនពោធិ៍ព្រឹក្សា) ក៏ជាទីកន្លែងសម្រាប់ប្រជាពលរដ្ឋខេត្តស្វាយរៀង ហាត់ប្រាណ និងដើរលេងកម្សាន្តផងដែរ។
ប្រជាពលរដ្ឋបានលើកឡើងថា អាណត្តិដឹកនាំរបស់លោក ម៉ែន វិបុល ជាអភិបាលខេត្តស្វាយរៀង បានកែរប្រែមុខមាត់ខេត្តស្វាយរៀង លើកកម្ពស់ការអភិវឌ្ឍលើគ្រប់វិស័យ និងបានជំរុញកំណើនសេដ្ឋកិច្ច ឱ្យមានសន្ទុះខ្លាំងក្លាឡើង តាមរយៈការទាក់ទាញ អ្នកវិនិយោគមកបណ្តាក់ទុន នៅក្នុងទឹកដីខេត្តស្វាយរៀង បង្កើតការងារឱ្យប្រជាពលរដ្ឋធ្វើនៅមូលដ្ឋានរាប់ម៉ឺននាក់ បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យមានជីវភាពធូរធាបានមួយកម្រិត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ៕