(កំពង់ចាម)៖ ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរ ត្រូវបានសម្ភោធដាក់ឲ្យដំណើរការ ហើយចាប់ពីល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ក្រោមអធិបតីលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអាជ្ញាធរខេត្តកំពង់ចាម។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានថ្លែងថា ក្នុងនាមក្រសួងពាណិជ្ជកម្ម សូមសម្ដែងនូវការអបអរសាទរចំពោះការរៀបចំ ពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ ក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦។
ជាមួយគ្នានេះលោក សូមស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ចំពោះបងប្អូនពាណិជ្ជករទាំងអស់ ដែលកំពុងបានចូលរួមនៅក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មដ៏មានសារៈសំខាន់នេះ ក្នុងនាមជាអ្នកតាំងពិព័រណ៍ក្តី ឬជាភ្ញៀវទស្សនាក្តី។ យុទ្ធនាការទិញផលិតផលខ្មែរ គឺជាសំឡេងជួងពញ្ញាក់ស្មារតីអ្នកប្រើប្រាស់ទាំងឡាយ ឱ្យងាកមកប្រើប្រាស់ ទំនិញក្នុងស្រុក, កាត់បន្ថយការហូរចូលទំនិញពីបរទេស, ជំរុញការនាំចេញផលិតផលខ្មែរទៅ ក្រៅប្រទេស, រួមចំណែកជួយពង្រឹងសមត្ថភាពផលិត និងបង្កើនការងារធ្វើជូនប្រជាជនក្នុងស្រុក។ យុទ្ធនាការនេះ ក៏នឹង ផ្ដល់ការយល់ដឹងខ្ពស់ដល់អ្នកផលិតក្នុងស្រុក ធ្វើយ៉ាងណាផលិតនូវទំនិញដែល មានគុណភាពខ្ពស់, មានអនាម័យ, ធានាសុវត្ថិភាពប្រើប្រាស់,មានសោភ័ណ ភាពទាក់ទាញ និងមានតម្លៃសមរម្យ អាចប្រកួតប្រជែងជាមួយទំនិញនាំចូល។
ការសម្រេចបានជោគជ័យក្នុងការធ្វើយុទ្ធនាការទិញផលិតផលខ្មែរ នឹងជួយកម្ពុជាឱ្យ បង្កបាននូវបរិយាកាសអាជីវកម្ម ពាណិជ្ជកម្មក្នុងស្រុកកាន់តែល្អប្រសើរ បង្កើនលទ្ធភាពផលិតកម្ម និងបង្កើនតម្លៃបន្ថែមលើផលិតផលក្នុងស្រុកបានជាអតិបរិមា . ផលិតនូវទំនិញថ្មីៗ បម្រើសេចក្ដីត្រូវការក្នុងស្រុក បន្ថយការនាំចូល និងជំរុញការនាំចេញ - ធ្វើពិពិធកម្មមុខទំនិញថ្មីៗ ដែលមានលទ្ធភាពប្រកួតប្រជែងទាំងលើទីផ្សារក្នុងស្រុក ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក, បង្កើតបាននូវការងារថ្មីថែមទៀត ជួយបង្កើនប្រាក់ចំណូល ជួយទប់ស្កាត់ការធ្វើចំណាកស្រុក និង រួមចំណែកកាត់បន្ថយភាពក្រីក្រ។
លោក រដ្ឋមន្ត្រី បានថ្លែងទៀតថា ព្រឹត្តិការណ៍ពាណិជ្ជកម្មកម្រិតជាតិដ៏សំខាន់របស់យើង ត្រូវបានបង្កើតឡើងក្នុងបំណងជំរុញសកម្មភាពពាណិជ្ជកម្ម, បង្កើតឱកាសទីផ្សារ, បង្ហាញពីបរិយាកាសធុរកិច្ច និងសក្ដានុពលវិនិយោគល្អប្រសើរ ព្រមទាំងបង្ហាញអំពីគោលនយោបាយគាំពារវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
តាមរយៈព្រឹត្តិការណ៍ពាណិជ្ជកម្មនេះផងដែរ អ្នកប្រើប្រាស់នឹងបានស្គាល់ និងគាំទ្រទំនិញក្នុងស្រុក ដែលមានគុណភាព។ ជាមួយនឹងការដាក់តាំងបង្ហាញទំនិញសក្ដានុពលដ៏សម្បូរបែប ដែលយកមកពីបណ្ដាខេត្តនៅទូទាំងប្រទេស ក្នុងព្រឹត្តិការណ៍ពាណិជ្ជកម្មនេះ ក៏មានរៀបចំនូវសិក្ខាសាលានៅថ្ងៃស្អែក និងការសម្ដែងសិល្បៈពីររាត្រី សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋយើងលំហែផងដែរ៕