(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងថា សន្តិភាព គឺគ្រឹះនៃអាយុជីវិត ការអភិវឌ្ឍ និងសិទ្ធិទទួលបានការអប់រំ ហេតុនេះ ៧មករា ជាថ្ងៃកំណើតទី២ របស់យើង គាប់ជួនស្រុកអូររាំងឪពេលនេះទទួលបានសិស្សនិទ្ទេស A ចំនួន ៧នាក់ គឺជាមុខមាត់របស់ស្រុកអូររាំងឪ ក្នុងការអបអរសាទរ ទិវាជ័យជម្នះ ៧មករា ខួបលើកទី៤៤ ឆ្នាំ២០២៣។

ការលើកឡើងបែបនេះ របស់លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងសិស្សប្រលងសញ្ញាបត្រចំនួន ៣៩៤នាក់ នៅស្នាក់ការគណបក្សស្រុកអូររាំងឪ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក ឡាន់ ឆន សមាជិកព្រឹទ្ធសភា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោក លោកស្រី ប្រធាន និងអនុប្រធាន ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ នៃស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

នាឱកាសនោះដែរ លោក អ៊ាង សុផល្លែត ក៏បានសូមអរគុណដល់សន្តិភាព និងគោរពដឹង គុណដល់ ស្ថាបនិកសន្តិភាព បើគ្មានសន្តិភាព គឺយើងគ្មានអ្វីៗទាំងអស់ដូចសព្វថ្ងៃនេះនោះទេ។

លោក អ៊ាង សុផល្លែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំសិក្សា អាជ្ញាធរដែនដី និងក្រុមការងារទាំងអស់ ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ តាមរយៈការអប់រំបណ្តុះបណ្តាល ធនធានមនុស្សសម្រាប់ត្រៀមបន្តវេន និងបង្កលក្ខណៈឱ្យសង្គមកម្ពុជា មានធនធានមនុស្សប្រកបដោយគុណភាព។

ទន្ទឹមនឹងនេះដែរ លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា តាមរយៈសុខសន្តិភាព ស្ថេរភាពនយោបាយ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន កម្ពុជាទទួលបានកិត្តិយស ស្មើមុខស្មើមាត់លើឆាកអន្តរជាតិ តាមរយៈសមិទ្ធផលធំៗ៖

ទី១៖ ការរក្សាបាននូវសុខសន្តិភាពស្ថេរភាពនយោបាយ
ទី២៖ ជោគជ័យក្នុងនាមជាប្រធានអាស៊ាន ឆ្នាំ២០២២
ទី៣៖ ជោគជ័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងបើកដំណើរការប្រទេសក្នុងប្រក្រតីភាពឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ
ទី៤៖ ជោគជ័យក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណិត្តទី៥ ឆ្នាំ២០២២
និងទី៥៖ ភាពលេចធ្លោក្នុងកិច្ចការងារបរិស្ថាន ដែលប្រធានាធិបតីបារាំង បានកោតសរសើរ តាមរយៈការដាក់នូវរបាយការណ៍អធ្យាក្រឹតកាបូន។

សម្រាប់ឆ្នាំ ២០២៣នេះ លោក អ៊ាង សុផល្លែត និងក្រុមការងារ សូមជូនចំនងដៃ ចំនួន៤ធំៗ នៅក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខទី១៖ ដាំផ្កាស្បៃរឿង នៅតាមបណ្តោយទន្លេស្ងួត និងនៅតាមវត្តអារាម ដើម្បីបង្កើនសោភ័ណភាព បរិស្ថាន អនាម័យ នៅស្រុកយើងអោយមានភាពបៃតងស្រស់, ទី២៖ «យុទ្ធនាការផ្លូវរលោង» ដំណាក់កាលទី២ នៅទូទាំងស្រុក, ទី៣៖ កសាងសាលារៀនចំនួន ១២បន្ទប់ នៅវិទ្យាល័យ ហ៊ុន សែន ហេង សំរិន ចក ជាចំនងដៃដែលវិទ្យាល័យដណ្តើមបានជយលាភី សិស្សនិទ្ទេស A ចំនួន ៣នាក់ នៃសិស្សនិទ្ទេស A ចំនួន ៧នាក់ នៅទូទាំងស្រុក និងទី៤៖ «យុទ្ធនាការសាលាមួយ អណ្តូងមួយ យ៉ាងតិច» ដោយផ្តើមចេញពីឃុំដំរិល ដើម្បីលើកកម្ពស់សុមាលភាព លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស៕