(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២នេះ បានផ្ញើសាររំលែកទុក្ខជូន លោក វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន ចំពោះមរណភាពភរិយាលោក។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំដោយបានទទួល ដំណឹងថា លោកជំទាវ ញាណធាន ណារី ត្រូវជាភរិយារបស់ ឯកឧត្តម បានទទួលមរណភាពនៅថៃ្ងព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៦ ល្ងាច ក្នុងជន្មាយុ៧២ឆ្នាំ ដោយរោគាពាធ»។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា «ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តមទេសរដ្ឋមន្រ្តី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់នូវភរិយា ម្តាយ ជីដូន ជីដូនទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយ ព្រហ្មវិហារធម៌ ដ៏ល្អប្រពៃក្នុងការអប់រំទូន្មានកូនៗចៅៗទាំងអស់ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត។ ទោះបីរូបកាយ របស់ លោកជំទាវ ញាណធាន ណារី បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្តី ថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តឯកឧត្តមជាស្វាមី កូនៗចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍»។
ជាថ្មីម្ដងទៀត សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណក្ខន្ធ លោកជំទាវ ញាណធាន ណារី បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕