(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ បានរៀបចំពិធីសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ, លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ ដោយមានការចូលរួមពី អនុប្រធានសាលាឧទ្ធរណ៍ អគ្គព្រះរាជអាជ្ញារង អគ្គលេខាធិការ ប្រធាន និងព្រះរាជអាជ្ញា នៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តទាំង០៨ ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ច លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញា អគ្គលេខាធិការរង ប្រធាននាយកដ្ឋាន ប្រធានលេខាធិការដ្ឋាន និងមន្ត្រីពាក់ព័ន្ធផងដែរ ដែលបានរៀបចំឡើងនៅក្នុងសាលប្រជុំជាន់ទី២ របស់សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ។

នាឱកាសនោះ លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញាបានថ្លែងសុន្ទរកថាស្វាគមន៍ និងបានស្នើឱ្យអង្គពិធីទាំងមូលលើកឡើងអំពីបញ្ហាប្រឈម ដែលកើតមានឡើងក្នុងការអនុវត្តន៍សមត្ថកិច្ចរបស់ខ្លួន ជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីពិភាក្សារកដោះស្រាយ ចែករំលែកនូវបទពិសោធន៍ និងចូលរួមផ្លាស់ប្តូរមតិយោបល់ទៅវិញទៅមក។ លោកក៏បានថ្លែងការកោតសរសើរដល់ លោក-លោកស្រី ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រីអគ្គលេខាធិការដ្ឋាន និងអង្គភាពពាក់ព័ន្ធ ចំពោះការផ្តល់កិច្ចសហការ ប្រកបដោយការទទួលខុសត្រូវខ្ពស់ អស់រយៈពេលជិត ០៣ឆ្នាំមកនេះ ចាប់ពីការបង្កើតសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ក្នុងបុព្វហេតុបម្រើការងារវិស័យយុត្តិធម៌ជូនប្រជាពលរដ្ឋ។

តមក លោក ទុំ សោភ័ណ អគ្គលេខាធិការ ក៏បានអាននូវរបាយការណ៍សង្ខេបក្នុងឆ្នាំ២០២២ ដែលបានអនុវត្តនាពេលកន្លងមក ដោយមានកិច្ចពិភាក្សាអំពីរបាយការណ៍សង្ខេប និងមានការសម្របសម្រួល ពីសំណាក់ ឯកឧត្តមប្រធាន និងឯកឧត្តមអគ្គព្រះរាជអាជ្ញា។ ការធ្វើបទបង្ហាញដោយលោកប្រធាននាយកដ្ឋាន ០៣រូប នៃអគ្គលេខាធិការដ្ឋានរដ្ឋបាលសាលាឧទ្ធរណ៍ ក្រោមប្រធានបទដែលពាក់ព័ន្ធនឹងនីតិវិធីក្នុងការទទួលសំណុំរឿងបណ្តឹងឧទ្ធរណ៍របស់នាយកដ្ឋានកិច្ចការរដ្ឋបាល នីតិវិធីនៃការបញ្ជូនឯកសាររបស់នាយកដ្ឋានកិច្ចការមហាអយ្យការ និងការចុះបញ្ជីបណ្តឹងឧទ្ធរណ៍របស់នាយកដ្ឋានកិច្ចការតុលាការ។

ការចែករំលែកបទពិសោធន៍ដោយប្រធានលេខាធិការដ្ឋានរដ្ឋបាលសាលាដំបូងខេត្តកំពង់ចាម អំពីការកសាងសំណុំរឿង និងបញ្ជូនសំណុំរឿងបណ្តឹងឧទ្ធរណ៍ ដែលមានជនជាប់ចោទច្រើនរូប និងការចែករំលែកបទពិសោធន៍ដោយប្រធានលេខាធិការដ្ឋាន រដ្ឋបាលសាលាដំបូងខេត្តមណ្ឌលគិរី អំពីនីតិវិធីនៃការបញ្ជូនសំណុំរឿង រួមជាមួយនឹងកិច្ចពិភាក្សា មានជា សំណួរ-ចម្លើយ ក្រោមប្រធានបទ “សេចក្តីសម្រេចប្រកបដោយគុណភាព” ដែលមានការលើកចោទសួរពីលោកប្រធានសាលាដំបូងខេត្ត លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត និងឆ្លើយតបដោយ លោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ ដែលជាធាតុចូលដ៏សំខាន់សម្រាប់ប្រព័ន្ធតុលាការ។

សូមបញ្ជាក់ផងដែរថា កិច្ចពិភាក្សាសំណួរ-ចម្លើយ ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានលើកឡើងអំពីបញ្ហាប្រឈមមួយចំនួន បញ្ហាការបញ្ជូនសំណុំរឿង ដីកាសម្រេច សាលក្រមផ្សេងៗ ដោយទទួលបានការបកស្រាយរកដំណោះស្រាយពីឯកឧត្តមប្រធានសាលាឧទ្ធរណ៍។

ថ្លែងបិទអង្គសន្និបាត លោក ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានមានប្រសាសន៏លើកឡើងអំពីលទ្ធផលដែលសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ សម្រេចបាននាពេលកន្លងមក ពិតជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ព្រមជាមួយនឹងកិច្ចពិភាក្សាផ្លាស់ប្តូរមតិយោបល់គ្នាទៅវិញទៅមកដើម្បីរកធាតុចូលនូវចំណុចថ្មីៗបន្ថែមទៀត នូវចំណុចខ្លាំង និងចំណុចខ្សោយរបស់ស្ថាប័ន។

លោកប្រធានសាលាឧទ្ធរណ៍ បានណែនាំបន្ថែមទៅដល់ក្រឡាបញ្ជីគ្រប់រូប ក្នុងស្ថាប័នសាលាឧទ្ធរណ៍ និងមហាអយ្យការ សូមបន្តខិតខំប្រឹងប្រែង ដោយប្តេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមការអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនឱ្យបានសកម្ម។

លោក ម៉ុង មុនីចរិយា ក៏បានសំដែងការកោតសរសើរ ដល់មន្ត្រីទាំងអស់នៅក្នុងស្ថាប័នសាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន សម្រេចបាននូវលទ្ធផល និង សមិទ្ធផល ថ្មីៗបន្ថែមទៀត មានដូចជាការភ្ជាប់ប្រព័ន្ធទិន្នន័យសំណុំរឿងរវាងសាលាដំបូងខេត្តទាំង០៨ និងសាលាឧទ្ធរណ៍ ការរៀបចំបន្ទប់បំពេញការងារ បន្ទប់សាលសវនាការ ការចូលរួមរៀបចំសួនច្បារ ការរក្សាអនាម័យក្នុងបរិវេណអគារ បានល្អស្អាតគួរជាទីមោទន និងប្រកាសបិទអង្គសន្និបាត បូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ប្រកបដោយបរិយាកាសរីករាយ៕