(ភ្នំពេញ)៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា គឺអង្គការចាត់តាំងផ្នែក នយោបាយដ៏ធំមួយ កើតឡើងដោយការប្រមូលផ្តុំខ្មែរ អ្នកតស៊ូចំនួន៥ភាគី ធ្វើចលនាវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត រំដោះជាតិ ទឹកដី សិទ្ធិសេរីភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា បានចាត់តាំងឡើងដោយ ផ្អែកលើស្មារតីឯករាជ្យជាតិដ៏បរិសុទ្ធរបស់ប្រជាជនកម្ពុជា សាមគ្គីគ្រប់ជនជាតិទូទាំងប្រទេស ប្រមូលរាល់កម្លាំងសង្គម ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា កម្មករ កសិករ បញ្ញវន្ត ព្រះសង្ឃគ្រប់ជនរួមជាតិទាំងឡាយ ដែលរស់នៅក្រៅប្រទេសផង។

ដើម្បីឱ្យចលនាតស៊ូសម្រេចបានតាមគោលដៅ និងផែនការរបស់ខ្លួនក្នុងបុព្វហេតុជាតិ និងប្រជាជននោះ រណសិរ្សសាមគ្គីសង្គ្រោះជាតិ បានដាក់ចេញនូវសេចក្តីថ្លែងការណ៍ចំនួន «១១ខ» ជាមាគ៌ាសម្រាប់ការអនុវត្តន៍ចលនាតស៊ូដ៏ប្តូរផ្តាច់នេះ។ សេចក្តីថ្លែងការណ៍ទាំង «១១ខ» នោះរួមមាន៖

១៖ អនុវត្តន៍មាគ៌ាមហាសាមគ្គីជាតិ វាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ រៀបចំការបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តទូទាំងប្រទេស។ បង្កើតរដ្ឋធម្មនុញ្ញាថ្មីសំដៅធានា អះអាងរាល់សិទ្ធិស្មើភាព សេរីភាព ប្រជាធិបតេយ្យពិតប្រាកដរបស់ប្រជាជន។

២៖ កសាងរាល់សមាគម ដែលជាសមាជិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីប្រមែប្រមូលគ្រប់កម្លាំងក្នុងសង្គមគ្រប់មជ្ឈដ្ឋាន មានសមាគមយុវជន នារី សហជីព កសិករ និងសមាគមបញ្ញវន្ត។ល។

៣៖ កសាង និងពង្រឹងកម្លាំងកងទ័ពជាតិ ដើម្បីការពារមាតុភូមិ ការពារអាយុជីវិត និងទ្រព្យសម្បត្តិប្រជាជន ការពារនូវឯករាជ្យ អធិតេយ្យ និងបូរណភាពទឹកដី។

៤៖ អនុវត្តន៍សិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ គោរពសិទ្ធិ និងតម្លៃមនុស្សរបស់ប្រជាជនគ្រប់ជាន់ថ្នាក់។ បើកសិទ្ធិជូនប្រជាជនឲ្យវិលត្រឡប់មករស់នៅ តាមភូមិឋានចាស់របស់ខ្លួន និងកសាងជីវ ភាពរស់នៅប្រកបដោយ សុភមង្គលក្នុងគ្រួសារឡើងវិញ។ ធានាសិទ្ធិក្នុងការស្នាក់អាស្រ័យ នូវការធ្វើដំណើរ ក្នុងប្រទេសដោយសេរី មានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំង មានសិទ្ធិសេរីភាពក្នុង ការនិយាយស្តី មានសិទ្ធិសេរីក្នុងការបង្កើតសមាគម មានសិទ្ធិសេរីភាពក្នុងជំនឿសាសនា មានសិទ្ធិប្រកបពលកម្ម សម្រាក និងរៀនសូត្រ។

ធានាអះអាងនូវសិទ្ធិសេរីភាព ខាងរូបកាយរបស់ប្រជាជនគ្រប់រូប។ មាន សិទ្ធិរស់នៅស្មើភាព។ មានកាតព្វកិច្ច និងមានផលប្រយោជន៍ដូចគ្នា។

៥៖ អនុវត្តន៍មាគ៌ាសេដ្ឋកិច្ច ឯករាជ្យតាមដំណាក់កាលនីមួយៗ កសាងឡើងវិញនូវទឹកដី ដែលបំផ្លិចបំផ្លាញ ជួសជុលសេដ្ឋកិច្ចថ្មីគឺ សេដ្ឋកិច្ចបម្រើផលប្រយោជន៍ លើមូលដ្ឋានពង្រីកកសិកម្ម និងឧស្សាហកម្ម ។ បំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើរួមហូបរួម បំបាត់ចោលរបបគៀរប្រមូលស្រូវ អង្ករ ទ្រព្យសម្បត្តិប្រជាជន បើកធនាគារចាយវាយក្រដាសប្រាក់ ជួសជុល និងពង្រីកការផ្លាស់ប្តូរនូវរាល់មុខទំនិញ បើកទូលាយការ លក់ដូរក្នុងប្រទេស លុបបំបាត់ចោលរបបចាប់បង្ខំ ឲ្យធ្វើពលកម្មបាក់កម្លាំង។

៦៖ បំបាត់ចោលរបបអាពាហ៍ពិពាហ៍ដោយចាប់បង្ខំ ។ អនុវត្តន៍របបកសាងជីវភាពគ្រួសារ អនុវត្តន៍ សិទ្ធិស្មើភាពរវាងបុរស និងនារី ។ លើកទឹកចិត្តនារីឲ្យបានរៀនសូត្រខាងវប្បធម៌ និងមុខវិជ្ជាជំនាញ ដើម្បីបម្រើសង្គម ជួយឧបត្ថម្ភដល់ជនពិការ គ្រួសារពលី មរណៈ ។ យកចិត្តទុកដាក់អ្នកចាស់ជរា ក្មេងកំព្រា ស្រ្តី មេម៉ាយ។ មានមាគ៌ាត្រឹមត្រូវចំពោះបងប្អូនខ្មែរកំពុងរស់នៅបរទេស និងជនបរទេសកំពុងរស់នៅក្នុងប្រ ទេសកម្ពុជា ។

៧៖ បំបាត់ចោលវប្បធម៌ប្រតិកិរិយា ហើយកសាងវប្បធម៌ថ្មី មានចរិកជាតិ និងទស្សនៈប្រជាជន។ បំបាត់គ្រោះអវិជ្ជា ពង្រីកកម្រិតសិក្សាគ្រប់ថ្នាក់ និងវិជ្ជាជីវៈជំនាញ ។ ថែរក្សាការពារវត្ថុបុរាណ បេតិកភណ្ឌ ជាតិ សួនឧទ្យាន វត្តអារាម ដែលត្រូវ ប៉ុល ពត បំផ្លាញ ។

៨៖ អបអរសាទរ និងបង្កលក្ខណៈងាយស្រួលដល់នាយទាហាន ពលទាហាន ក្នុងកម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិក ដែលបានបោះបង់របប ប៉ុល ពត ហើយវិលត្រឡប់មករួមរស់ជាមួយប្រជាជន។ ផ្តទ្ទាទោសមេក្លោងក្បាលរឹង និងអនុគ្រោះចំពោះអ្នកស្មោះត្រង់ និងកែប្រែទាន់ពេលវេលា ព្រមទាំងលើកសរសើរ ចំពោះអ្នកមានស្នាដៃ។

៩៖ អនុវត្តន៍មាគ៌ាបរទេស សន្តិភាព មិត្តភាព និងមិនចូលបក្ខសម័្ពន្ធជាមួយប្រទេសទាំងឡាយ ដោយ មិនប្រកាន់របបនយោបាយសង្គម លើលក្ខការណ៍សន្តិសហវិជ្ជមាន គោរពឯករាជ្យ អធិបតេយ្យ និងបូរណ ភាពដែនដីគ្នា មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នា ស្មើភាព និងមានផលប្រយោជន៍ទៅវិញទៅមក។

១០៖ ដោះស្រាយរាល់បញ្ហាវិវាទជាមួយ បណ្តាប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើមូលដ្ឋានគោរព ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីគ្នាទៅវិញទៅមក ។ បញ្ចប់សង្រ្គាមតាមព្រំដែនជាមួយវៀតណាម ដែលពួក ប៉ុល ពត បង្កឡើង។ ស្ថាបនាឡើងវិញនូវចំណងមិត្តភាព សហប្រតិបត្តិការល្អ ក្នុងន័យជាអ្នកភូមិ ផងរបងជាមួយ និងបណ្តាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ រួមចំណែកកសាងភូមិភាគអាស៊ីអាគ្នេយ៍ជា មណ្ឌលមួយប្រកបដោយសន្តិភាព ឯករាជ្យ សេរីភាព អព្យាក្រឹត ស្ថិរភាព និងសម្បូណ៌ស្តុកស្តម្ភ។

១១៖ បង្កើនសាមគ្គីភាពជាមួយ បណ្តាប្រទេសលើសកលលោក ដើម្បីសន្តិភាព ឯករាជ្យជាតិ ប្រជាធិបតេយ្យ និងវឌ្ឍនសង្គម។

យោងតាមសេចក្តីថ្លែងការណ៍ទាំង «១១ខ»នេះ បានបង្ហាញឱ្យឃើញ ពីស្មារតី ផែនការ និងគោលដៅដ៏ច្បាស់លាស់របស់រណសិរ្ស ក្នុងរំដោះ ជាតិ និងកសាងសង្គមមួយ ដែលជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់និន្នាការ ឈរលើស្មារតីឯករាជ្យ។

ផ្អែកលើសេចក្តីថ្លែងការណ៍ជាសារវន្ត នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានេះហើយ ទើបធ្វើឱ្យកម្ពុជាសម្រេចបាននូវការបង្រួបបង្រួមជាតិដោយជោគជ័យ។ គ្រប់ស្រទាប់ វណ្ណៈ ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណភាព ជំនឿសាសនា៕