(ភ្នំពេញ)៖ នៅថ្ងៃនេះមន្រ្តីអ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លោក ទិត សុធា បានសម្តែងការប្រតិកម្មខ្លាំងៗចំពោះអ្នកវិភាគមួយរូបគឺលោក កែម ឡី ដោយបានលើកឡើងថា «មានងារដល់ទៅបណ្ឌិត ប៉ុន្តែបែរជាកម្រិតស្រាវជ្រាវបានត្រឹមតែកម្រិតកង្កែបក្នុងអណ្តូង»។ លោក ទិត សុធា បានលើកឡើងទៀតថា លោក កែម ឡី គួរណាស់តែបើកគ្រាប់ភ្នែកមើលពិភពលោកផង មិនមែនមានតែកម្ពុជាទេ ដែលប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ដើម្បីដាក់លើសមិទ្ធផលនានា,
ដូចជាព្រលានយន្តហោះបារាំង បានប្រើឈ្មោះប្រធានាធិបតីបារាំង គឺលោក Charle De Gaulle, ព្រលានយន្តហោះនៅទីក្រុងញូយ៉កឈ្មោះ John F. Kennedy ជាឈ្មោះអតីតប្រធានាធិបតី អាមេរិកមួយរូប នាសម័យដែលគេកសាងព្រលានយន្តហោះនោះ, ដូច្នេះលោក កែម ឡី គួរស្រាវជ្រាវឱ្យបានច្រើន និងទូលំទូលាយបន្តិច ទើបសាកសមជាអ្នកវិភាគបណ្ឌិត។
ការលើកឡើងប្រតិកម្មរបស់លោក ទិត សុធា មន្រ្តីអ្នកនាំពាក្យនៃអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សបែបនេះ ធ្វើឡើងដោយលោក កែម ឡី បានបង្ហាញនៅលើ Facebook របស់លោកផ្ទាល់ថា ការប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំជាតិលើសមិទ្ធិផលនានាជាការប្លន់ប្រវត្តិសាស្ត្រ និងចង់កែប្រែប្រវត្តិសាស្ត្រខ្មែរឱ្យបាត់បង់ ហើយទង្វើនេះជាការប្រមាថ ប្រជារាស្ត្រ និងជាការប្រព្រឹត្តអំពើពុករលួយ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ទិត សុធា បានរៀបរាប់ប្រាប់អង្គភាព Fresh News នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះយ៉ាងដូច្នេះថា «តាមខ្ញុំយល់ការ ស្រាវជ្រាវរបស់លោក កែម ឡី ទាក់ទងនឹងរឿងឈ្មោះទីតាំង រឺកន្លែងណាមួយ ដែលគេនិយមប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំទៅដាក់នោះ គឺមានលក្ខណៈទាប និងធ្វើឡើងក្នុងកំរិតកង្កែប ក្នុងអណ្តូងតែប៉ុណ្ណោះ។ លោក កែម ឡី គួរណាស់តែបើកគ្រាប់ភ្នែកមើលពិភពលោកផង ព្រោះមានប្រទេសច្រើនណាស់ មិនមែនតែកម្ពុជាទេ ដែលប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ ដើម្បីដាក់លើសមិទ្ធផលនានាដែលសម្រេចបាន ក្នុងសម័យកាលដែលអ្នកដឹកនាំរូបនោះកំពុងកាន់ការងារ។
មន្រ្តីអ្នកនាំពាក្យរូបនោះបានបញ្ជាក់យ៉ាងដូច្នេះទៀតថា «ជាក់ស្តែងសូម្បីអន្តរជាតិ និងប្រទេសជឿនលឿនជាច្រើន ក៏បានប្រើប្រាស់លំនាំនេះដូចគ្នាដែរ។ ដូចជាករណី ព្រលានយន្តហោះបារាំង ក៏បានប្រើឈ្មោះប្រធានាធិបតីបារាំង គឺលោក Charle De Gaulle ដែរ ហើយសហរដ្ឋអាមេរិកព្រលានយន្តហោះ នៅទីក្រុងញូយ៉ក ឈ្មោះ John F. Kennedy ដែលជាឈ្មោះអតីតប្រធានាធិបតី អាមេរិកមួយរូបនាសម័យ ដែលគេកសាងព្រលានយន្តហោះនោះ។ ជាមួយគ្នានេះនៅអាស៊ីយើង ក៏ដូចគ្នាដែរ គឺព្រលានយន្តហោះនៅតៃវ៉ាន់ ឈ្មោះ Chiang Kai Shek ដែលជាឈ្មោះប្រធានាធិបតីតៃវ៉ាន់។ លើសពីនេះឈ្មោះថ្នាក់ដឹកនាំដែលគេបាន ដាក់ជាឈ្មោះព្រលានយន្តហោះខាងលើ គឺត្រូវបានប្រើរហូតមកដល់បច្ចុប្បន្ននេះ។ ដូច្នេះមុនបើកគម្របមាត់ លោក កែម ឡី គួរស្រាវជ្រាវឱ្យបានច្រើន និងទូលំទូលាយបន្តិច កុំឱ្យថោកដល់បណ្ឌិតគេផ្សេងទៀតដែលថ្លៃថ្នូរ និងមានការយល់ដឹងច្បាស់លាស់»។
លោក ទិត សុធា បានបន្តរៀបរាប់ទៀតថា៖ «ដើម្បីឱ្យបងប្អូនយើងងាយពិចារណា ហើយដើម្បីដាស់សតិរបស់លោកបណ្ឌិត កែម ឡី ផងនោះ ខ្ញុំសូមលើក ឧទាហរណ៍ ជាក់ស្តែងតែម្តង គឺនៅកម្ពុជាយើង តាំងពីមុនមកក៏មានប្រើប្រាស់ឈ្មោះថ្នាក់ដឹកនាំ និងមនុស្សមួយចំនួនដើម្បីសំគាល់លើទីតាំងនានាផងដែរ។ ក្នុងនោះរួមមានឈ្មោះផ្លូវជាច្រើននៅរាជធានីភ្នំពេញ ដែលគេបានប្រើប្រាស់ឈ្មោះស្ថាបនិក ដែលមានស្នាដៃក្នុងជំនាន់នោះទៅដាក់ដូចគ្នា ដូចជាផ្លួវ៖ ម៉ៅសេទុង, ផ្លូវគីម អ៊ីលស៊ុង, ផ្លូវ ព្រះនរោត្តម, ផ្លូវព្រះមុនីវង្ស, និងផ្លូវព្រះមុនីរ៉េត។ល។ ដែលឈ្មោះផ្លូវទាំងនោះត្រូវបានប្រើប្រាស់រហូតមកដល់ពេលនេះ ដូច្នេះហើយ សូមលោកបណ្ឌិតពុលទឹកមាត់ កុំល្ងីល្ងើពេក ហើយកុំដើម្បីតែវ៉ៃប្រហារ រដ្ឋាភិបាល ក្នុងបំណងទុច្ចរិតណាមួយរបស់ខ្លួន ធ្វើការវិភាគបែបខ្វះការចេះដឹងនោះ ព្រោះទង្វើរបស់លោក នឹងបង្ហាញឱ្យបងប្អូន ប្រជាពលរដ្ឋទូទៅពិចារណាថា តើបណ្ឌិតនេះសមជាអ្នកវិភាគឯករាជ្យ ឬអត់? បើវិភាគបែបវ៉ៃប្រហារអ្នក នយោបាយបក្សម្ខាង ដើម្បីចំណេញដល់អ្នកនយោបាយ បក្សម្ខាងទៀតបែបនេះ។ ជាមួយគ្នានេះសកម្មភាពលោក កែម ឡី កន្លងមក គឺតែងតែទៅលូនក្រាប ជាមួយគណបក្សសង្គ្រោះជាតិ ហើយថែមទាំងជួយបិទបាំង កំហុសរបស់គណបក្សសង្គ្រោះជាតិជានិច្ច ដូច្នេះគេពិបាកនឹងជឿណាស់ថា គាត់អាចធ្វើជា អ្នកវិភាគឯករាជ្យបាននោះ»៕