(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាចំនួន ១៣៧,៣៨១.១៣ដុល្លារ ដើម្បីខួងអណ្តូងចំនួន៥៦ ជូនប្រជាពលរដ្ឋ ៣,២៦៦គ្រួសារ ស្មើនឹងមនុស្ស ២១,០២៣នាក់ នៅក្នុងខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តពោធិ៍សាត់ និងធ្វើរបងព័ទ្ធជុំវិញស្រះចំនួន១៣ ជូនប្រជាពលរដ្ឋ ២,៣៥៧គ្រួសារ ស្មើមនុស្ស ១០,៤៩៩នាក់ នៅខេត្តឧត្តរមានជ័យ។
អណ្តូងទឹកទាំង៥៦ និងស្រះទឹកទាំង១៣នេះ ជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានទីតាំងស្ថិតនៅ៖
១-ខេត្តក្រចេះចំនួន២០ អណ្តូង សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋចំនួន ២,៣៦៩គ្រួសារ ស្មើមនុស្ស ១៧,០៩៤នាក់ រស់នៅក្នុងឃុំ ២ធ្នូ និងឃុំស្រែចារ នៃស្រុកអង្គស្នួល។
២- ខេត្តស្ទឹងត្រែងចំនួន២០អណ្តូង សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋចំនួន៤៤៩គ្រួសារ ស្មើមនុស្ស ២,២៤០នាក់ រស់នៅក្នុងឃុំព្រែកមាស និងឃុំស្រែសំបូរ ស្រុកសៀមប៉ាង។ ៣-ខេត្តពោធិ៍សាត់ចំនួន១៦អណ្តូង សម្រាប់ប្រជាពលរដ្ឋចំនួន ៤៤៨គ្រួសារ ស្មើមនុស្ស ១,៦៨៩នាក់ រស់នៅក្នុងសង្កាត់ចំនួន៥នៃក្រុងពោធិ៍សាត់ ក្នុងឃុំចំនួន៥នៃស្រុកក្រគរ និងក្នុងឃុំស្នាមព្រះ នៃស្រុកបាកាន។
ដោយឡែកថវិកាចំនួន១២,៩៤១.១៣ដុល្លារ សម្រាប់ធ្វើរបងព័ទ្ធជុំវិញស្រះ ចំនួន១៣ ស្ថិតនៅទីតាំងចំនួន១២កន្លែង ក្នុងខេត្តឧត្តរមានជ័យ សម្រាប់ផ្ដល់ជូនប្រជាពលរដ្ឋ ចំនួន២,៣៥៧គ្រួសារ ស្មើមនុស្ស១០,៤៩៩នាក់។
សូមបញ្ជាក់ថា ដំណើរការនៃការខួងអណ្តូងទាំង៥៦ និងជីកស្រះទាំង១៣ខាងលើនេះ មានការចុះត្រួតពិនិត្យគុណភាព និងសុវត្ថិភាពពីមន្ត្រីទីស្នាក់ការ កណ្តាលកាកបាទក្រហមកម្ពុជា ហើយនឹងធ្វើពិធីប្រគល់ជូន ប្រជាពលរដ្ឋប្រើប្រាស់នៅពេលឆាប់ៗខាងមុខនេះ ជាបន្តបន្ទាប់ផងដែរ៕