(វៀតណាម)៖ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការនគរបាលជាតិ នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីជំនាញកម្ពុជា ចូលរួមកិច្ចប្រជុំលើកទី៣ ជាមួយនាយកដ្ឋានស៉ើបអង្គេតបទល្មើសគ្រឿងញៀន នៃក្រសួងនគរបាលវៀតណាម ជាមួយនាយកដ្ឋានប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃបញ្ជារការដ្ឋានកងទ័ពការពារព្រំដែនវៀតណាម ក្រសួងការពារជាតិវៀតណាម ដើម្បីបន្តពង្រឹងការអនុវត្តន៍រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនតាមព្រំដែន។
ថ្លែងនាឱកាសនោះលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានបញ្ជាក់ថា នៅក្នុងរយៈពេលចុងក្រោយនៃជំងឺកូវីដ១៩នេះ បានធ្វើឱ្យមានការលេចធ្លោជាថ្មីម្តងទៀតជាមួយនឹងស្ថានភាពគ្រឿងញៀន ជាពិសេសឧបាយកលសកម្មភាពរបស់បទល្មើសគ្រឿងញៀននៅកម្ពុជា។
លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានបន្ថែមថា ស្របជាមួយនឹងស្ថានភាពនេះ កម្ពុជាក៏បានដាក់ចេញនូវគោលនយោបាយសំខាន់ៗរួមមាន៖ បន្តជំរុញគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល, បន្តអនុវត្តឲ្យបានជោគជ័យ និងមានប្រសិទ្ធភាពនូវផែនការយុទ្ធសាស្ត្រនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល, អនុវត្តតាមបញ្ជារបស់រាជរដ្ឋាភិបាល ស្ដីពីការ ពង្រឹងវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសារាចរណែនាំ ស្ដីពីពង្រឹងការអនុវត្តវិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាលកម្ពុជា, ជំរុញការអនុវត្តផែនការសកម្មភាពឆ្នាំ២០២២ ឲ្យបានសម្រេចតាមការគ្រោងទុក, បន្តជំរុញការអនុវត្តន៍វិធានការស្រាវជ្រាវស៉ើបអង្គេតបណ្តាករណីធំៗ និងមេក្លោងដែលនៅសេសសល់ ដើម្បីបង្ក្រាបឱ្យដល់ឫសគល់ និងព្រមទាំងស្រាវជ្រាវបទល្មើសសំអាតប្រាក់ ដែលជាផលបទល្មើសនៃគ្រឿងញៀនផងដែរ។
លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានបន្ថែមទៀតថា ដើម្បីទប់ស្កាត់និងវិធីសាស្ត្រឧបាយកលរបស់ជនល្មើសខាងលើនៅពេលខាងមុខនេះ កងកម្លាំងមានសមត្ថកិច្ចរបស់កម្ពុជា និងវៀតណាម នឹងត្រូវអនុវត្តបណ្តាដំណោះស្រាយមួយចំនួនដូចខាងក្រោម៖
១៖ យកចិត្តទុកដាក់ ចាត់វិធានការក្នុងការបង្ការទប់ស្កាត់ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់ លួចលាក់កែច្នៃផលិតសារធាតុញៀន និងការជួញដូរគ្រឿងញៀន ប្រើប្រាស់គ្រឿងញៀនជាពិសេសពង្រឹងការគ្រប់គ្រងត្រួតពិនិត្យការឆ្លងកាត់តាមព្រំដែន និងការដឹកជញ្ជូនទំនិញគ្រប់ប្រភេទរួមទាំងបញ្ញើប្រៃសណីយ៍ ឲ្យបានហ្មត់ចត់ និងម៉ឺងម៉ាត់ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ ។
២៖ អនុវត្តព្រមគ្នារវាងរាជរដ្ឋាភិបាល នឹងមានវិធានការតាមច្បាប់ធ្វើការបង្ក្រាបជួញដូរគ្រឿងញៀនដូចភ្លៀងរលឹម សំដៅលុបបំបាត់ការលួចលាក់កែច្នៃការជួញដូរ ការប្រើប្រាស់គ្រឿងញៀនជាពិសេសនៅតាមគោលដៅដែលងាយកើតមានបទល្មើសគ្រឿងញៀន។
៣៖ ត្រូវពង្រឹងការគ្រប់គ្រងត្រួតពិនិត្យការនាំចូលនិងការប្រើប្រាស់សារធាតុគីមីផ្សំ ដោយអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតទៅតាមវិធានការបច្ចេកទេស និងការដកបទពិសោធធ្វើបច្ចុប្បន្នភាពជាប្រចាំ សំដៅបង្ការមិនឲ្យមានសារធាតុគីមីផ្សំធ្លាក់ចូលដល់ដៃឧក្រិដ្ឋជនយកទៅកែច្នៃ និងធ្វើសកម្មភាពគ្រឿងញៀនជាដាច់ខាត
៤៖ បង្កើតកិច្ចសហប្រតិបត្តិការរវាងការិយាល័យ BLO ជាមួយការិយាល័យជាប់ព្រំដែន BLO ជាប់ព្រំដែន បង្កើនកិច្ចសហប្រតិបត្តិការជាមួយភ្នាក់ងារអនុវត្តច្បាប់គ្រឿងញៀន អង្គការអន្តរជាតិជាពិសេសបណ្ដាប្រទេសដែលនៅជាប់ព្រំដែនកម្ពុជាដូចមាន ថៃ វៀតណាម និងឡាវ៕