(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខ ចំពោះមរណភាពភរិយាឯកឧត្តម វ៉ា គឹមហុង ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន។
សាររំលែកទុក្ខរបស់ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ ខ្ញុំ និងភរិយាទើបទទួលដំណឹងដ៏ក្រៀមក្រំថាលោកជំទាវ ញាណធាន ណារី ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនៅវេលាម៉ោង ៦ ល្ងាច ថៃ្ងព្រហស្បតិ៍ ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧២ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្ដែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះការបាត់បង់ដ៏ធំធេងក្នុងគ្រួសាររបស់ឯកឧត្តម នាពេលនេះ។ ពេញមួយឆាក
ជីវិតរបស់លោកជំទាវ ញាណធាន ណារី បានតស៊ូខិតខំចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានមាន បុត្រធីតារហូតក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមជាតិ។ ទោះបីរូបកាយរបស់លោកជំទាវ
បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ញាណធាន ណារី សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តមទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា៕