(បន្ទាយមានជ័យ)៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ទោ អាត់ ខែម បាននិងកំពុងបន្តយុទ្ធនាការដឹកនាំកម្លាំង នគរបាលជាច្រើននាក់ ចុះទៅជួយជួសជុល ផ្ទះរបស់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ នៅស្រុកថ្មពួក ព្រមទាំងនាំយក អំណោយជាគ្រឿងឧបភោគបរិភោគ និងថវិការបស់ថ្នាក់ដឹកនាំ ទៅចែកជូនដល់ប្រជាពលរដ្ឋជាម្ចាស់ផងដែរ។
លោកឧត្តមសេនីយ៍ស្នងការ ខេត្តបន្ទាយមានជ័យ បានថ្លែងថា តាំងពីថ្ងៃម្សិលមិញ និងរហូតមកដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ លោកបានដឹកនាំកម្លាំងនគរបាលស្រុកថ្មពួក កម្លាំងនគរបាលវរៈ៨០៧ និងនគរបាលមូលដ្ឋានប្រមាណ៦០នាក់ ចុះទៅជួយជួសជុលផ្ទះ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ ចំនួន២៦ខ្នង ស្ថិតនៅភូមិក្តឹបថ្ម ឃុំគោករមៀត ស្រុកថ្មពួក។ សម្រាប់យុទ្ធនាការចុះជួយប្រជាពលរដ្ឋ នៅពេលមានគ្រោះអាសន្ននេះ លោកស្នងការបាននាំយកស័ង្កសីចំនួន៥០០សន្លឹក ជាអំណោយរបស់លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ទៅធ្វើផ្ទះជូនប្រជាពលរដ្ឋភ្លាមៗ ដើម្បីឲ្យមានកន្លែងស្នាក់អាស្រ័យបានសមរម្យឡើងវិញ។
នៅចំពោះមុខ ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះរងគ្រោះទាំងនេះ លោកឧត្តមសេនីយ៍ស្នងការ បានលើកឡើងថា ក្រោយមានហេតុការណ៍ គ្រោះធម្មជាតិ ភ្លាមៗនោះលោកឧបនាយករដ្ឋមន្រ្តី បានែណែនាំឲ្យលោកដឹកនាំកម្លាំងចុះទៅជួយអន្តរាគមន៍ ទៅដល់កន្លែងកើតហេតុ តែម្តង។
លោកស្នងការបានលើកឡើងថា ឲ្យតែប្រជាពលរដ្ឋមានសុខទុក្ខនៅទីណាក៏ដោយ គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានយកចិត្តទុកដាក់គ្រប់ពេលវេលា និងចាត់ចែងឲ្យអាជ្ញាធរ និងសមត្ថកិច្ចចុះជួយភ្លាមៗតែម្តង ដោយមិនទុកឲ្យប្រជាពលរដ្ឋជួបការលំបាក នោះទេ៕