(ព្រះវិហារ)៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល អនុប្រធានទី១ អាជ្ញាធរមីន តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ បានចុះសំណេះសំណាលសាកសួរសុខទុក្ខ និង ចែកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជូនដល់ជនរង គ្រោះថ្នាក់ដោយសារមីន ២នាក់ នៅមន្ទីរពេទ្យបង្អែក១៦ មករា ខេត្តព្រះវិហារ និងបានបន្តដំណើរ សាកសួរសុខទុក្ខ ចែកគ្រឿងឧបភោគ បរិភោគជូនដល់ជនពិការដោយសារមីន ដែលមានជីវភាពក្រីក្រ ៥នាក់នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្នុងឱកាសសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី បាននាំនូវការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងបានផ្សព្វផ្សាយអប់រំពី គ្រោះថ្នាក់ ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយបានណែនាំប្រជាពលរដ្ឋកុំឲ្យលេង ប៉ះពាល់ ឬ កែច្នៃគ្រាប់ និង នៅពេលឃើញគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ត្រូវរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន។
លោកទេសរដ្ឋមន្ត្រី សេរី កុសល បានស្នើដល់អភិបាលស្រុក មេឃុំ និងប្រធានភូមិ ត្រូវលើកយកបញ្ហាគ្រោះថ្នាក់មីន និងគ្រាប់សំណល់ ជាតិផ្ទុះពីសង្គ្រាមជាបញ្ហាអាទិភាពក្នុងកិច្ចពិភាក្សាសម្រាប់កិច្ចប្រជុំប្រចាំសប្តាហ៍។
ក្នុងពិធីសំណេះសំណាលនោះ លោកទេសរដ្ឋមន្ត្រី ក៏បានណែនាំឲ្យថ្នាក់ដឹកនាំស៊ីម៉ាក់ បញ្ជូនកងកម្លាំងទៅធ្វើការបោសសំអាតមីន នៅក្នុងភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយសំណេះសំណាលលោក សេរី កុសល បានចែកគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនដូចជា៖ អង្ករ ៥០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកក្រូច ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកសុទ្ធ ១កេស និងថវិកាម្នាក់ ២០០,០០០រៀល សរុប ១,៤០០,០០០រៀល និងជូនថវិកាប្រជាពលរដ្ឋមកចូលរួមពិធី ៣៦នាក់ ក្នុងម្នាក់ៗទទួលបាន ៣០,០០០រៀល និងអាជ្ញាធរមូលដ្ឋាន ៨នាក់ ក្នុងម្នាក់ៗទទួលបាន ចំនួន ៥០,០០០រៀល។
លោកទេសរដ្ឋមន្រ្តី ក៏បានចុះពិនិត្យមើលទីតាំងផ្ទុះមីនតោន នៅភូមិសែនតេជៈ ឃុំមរកត ស្រុកជាំក្សាន្តផងដែរ៕