(ភ្នំពេញ)៖ យុទ្ធនាការសៀវភៅមួយ សហគមន៍មួយ (One Book One Community) ដែលគ្រោងបើកដំណើរការឱ្យបានគ្រប់ ២៥រាជធានីខេត្ត ក្នុងរយៈពេល២ឆ្នាំនេះ នឹងប្រកាសដាក់ដំណើរការជាផ្លូវ ការលើកដំបូង នៅលើទឹកដីខេត្តកំពង់ស្ពឺ នៅបណ្ណាល័យកំពង់ស្ពឺ នៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់ការអាន នៅតាមសហគមន៍» ក្នុងគោលបំណងបណ្ដុះវប្បធម៌អាន និងការរៀនសូត្រឯករាជ្យ ក្នុងចំណោមយុវជន មុនពេលយុទ្ធនាការនេះ បន្តសកម្មភាពបន្តបន្ទាប់ទៅខេត្តក្រុងដទៃទៀត ទូទាំងប្រទេស។
គម្រោងយុទ្ធនាការលើកម្ពស់ការអានជាសារធាណៈ នឹងមានសកម្មភាពរយៈពេល២ឆ្នាំ ឬ២៥ខែ ជុំវិញ២៥ខេត្តក្រុង ដែលមានសកម្មភាពធំៗ៥ គឺការប្រកួងប្រជែងការអានប្រចាំខេ ការចែកសៀវភៅដោយឥតគិតថ្លៃ បណ្ណាល័យចល័ត ការអភិវឌ្ឍបណ្ណាល័យ និងផ្សារណាត់សៀវភៅ។
យុទ្ធនាការនេះផ្ដួចផ្ដើមគំនិតដោយក្រុមការងារ Riel Tiger Solutions, បណ្ណាល័យបញ្ញវន្ត គ្រឹះស្ថានបោះពុម្ពផ្សាយ Business Record និងដៃគូសហការសំខាន់ៗដូចជាអង្គការ Sipar សហព័ន្ធសេវាអប់រំកម្ពុជា ព្រមទាំងមានការគាំទ្រពីសមាគមអ្នកបោះពុម្ពផ្សាយ សៀវភៅនៅកម្ពុជា សមាគមបណ្ណាល័យកម្ពុជា សមាគមអ្នកនិពន្ធខ្មែរ និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
ជាមួយនឹងការការប្រកាសជាផ្លូវការ នៃយុទ្ធនាការនេះនៅបណ្ណាល័យកំពងស្ពឺ ក៏មានរៀបចំសកម្មភាពជាច្រើនដូចជា៖ កម្មវិធីចែករំលែកនូវទស្សនទាន បទពិសោធន៍ល្អៗ អំពីគន្លឹះជោគជ័យក្នុងការសិក្សា សារៈសំខាន់នៃការអាន គន្លងអាជីព ការរៀបចំផែនការជីវិតដោយ វាគ្មិនជាថ្នាក់ដឹកនាំ និងជាអ្នកជំរុញទឹកចិត្តល្បីៗ ចែកសៀវភៅ១០០០ក្បាល សកម្មភាពបណ្ណល័យចល័ត និងផ្សារណាត់សៀវភៅដែលនឹងមានបង្ហាញសៀវភៅរាប់ពាន់ចំណងជើងជាលើកដំបូងនៅខេត្តកំពង់ស្ពឺ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន មុនបើកដំណើរការយុទ្ធនាការសៀវភៅមួយ សហគមន៍មួយនារសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ លោក សុខ ឡាក់ ប្រធានយុទ្ធការសៀវភៅមួយ សហគមន៍មួយ បានបញ្ជាក់ថា នៅក្នុងយុទ្ធនាការសៀវភៅមួយ សហគមន៍មួយ នៅខេត្តកំពង់ស្ពឺនេះ ក៏មានការផ្តល់ឱកាសដល់អ្នកអាន បានបង្ហាញសមត្ថភាពចូលរួមប្រកួតប្រជែងអំណានជាសាធារណៈទៀតផង។ ចំពោះបេក្ខជនជ័យលាភីប្រចាំខេត្តកំពង់ស្ពឺ នឹងចូលរួមប្រកួតប្រជែងជាមួយបេក្ខជនជ័យលាភី២៤ខេត្តក្រុងទៀត ក្នុងកម្មវិធី «ជើងឯកបំបែកជើងឯក» ហើយអ្នកទទួលបានជ័យលាភី ផ្នែកអំណានប្រចាំប្រទេសនេះ និងមានឱកាសទៅទស្សនកិច្ចសិក្សានៅប្រទេសជប៉ុនផងដែរ។
បើតាមលោក ហុក សុទ្ធី ប្រធានសមាគមបណ្ណាល័យកម្ពុជា បានឱ្យដឹងក្នុងរយៈពេលប៉ុន្មានឆ្នាំចុក្រោយនេះ មានយុវជនជាច្រើន បានចាប់អារម្មណ៍ច្រើនទៅលើការអានសៀវនេះ ដោយសារតែប៉ុន្មានឆ្នាំចុងក្រោយនេះ យុវជនបានចាប់អារម្មណ៍លើការអានេះ និងបានចូលរួមកម្មវិធីពិព័រណ៍សៀវភៅប្រចាំឆ្នាំកាន់តែច្រើនឡើងជាបន្តបន្ទាប់ ជាក់ស្តែងស្ថិតិនៅក្នុងឆ្នាំ២០១៩ ចាប់ផ្តើមមានការកើនឡើងចំនួនអ្នកចូលរួមវិធីពិព័រណ៍សៀវភៅរហូតដល់ ១៨ម៉ឺននាក់ និងមានអ្នកចូលរួមកាន់តែច្រើនឡើងជាបន្តបន្ទាប់សម្រាប់ឆ្នាំចុងក្រោយនេះផងដែរ។
សូមបញ្ជាក់ដែរថា យោងតាមការស្ទង់មតិសេដ្ឋកិច្ចសង្គមកម្ពុជាឆ្នាំ ២០១៤ ប្រទេសកម្ពុជា មានអត្រាអក្ខរកម្មទាបបំផុតលំដាប់ទី២ ក្នុងចំណោមប្រទេសអាស៊ាន បន្ទាប់ពីប្រទេសឡាវ និងប្រហែល២៩ភាគរយនៃប្រជាជនសរុប គឺខ្វះជំនាញអាន និងសរសេរជាមូលដ្ឋាន។ ចំពោះការរកឃើញរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍យុវជនជាតិ (NYDC 2021) នៅកម្ពុជាបានបង្ហាញថា កម្ពុជាជាប្រទេសដែល មានយុវជន ៣២ភាគរយដែលមានអាយុពី១០ ដល់ ២៤ឆ្នាំ និង ៧១ភាគរយនៃយុវជនមិនបានសិក្សាជាផ្លូវការ៕