(ភ្នំពេញ)៖ លោក ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ក្រសួងបានកំណត់យកពូជស្រូវចំនួន២ប្រភេទ គឺពូជស្រូវសែនក្រអូប និងពូជ OM 54 51 ជាពូជស្រូវដែលមានការពេញនិយម និងមានទីផ្សារល្អ។
ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ឌិត ទីណា អញ្ជើញចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទានក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ។
រដ្ឋមន្ដ្រី ឌិត ទីណា បានបញ្ជាក់យ៉ាងដូច្នេះថា «តាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ នៅក្នុងការចែកពូជស្រូវ នៅពេលដែលរងគ្រោះទឹកជំនន់នោះ យើងបានកំណត់នៅពូជស្រូវ ២ប្រភេទ ដែលពេញនិយម ហើយមានទីផ្សារល្អ គឺពូជស្រូវសែនក្រអូប និងពូជ OM 54 51»។
បន្ថែមពីនោះទៀត លោក ឌិត ទីណា បានឲ្យដឹងថា ពូជស្រូវសែនក្រអូប គឺជាពូជដែលបង្កើតដោយស្ថាប័នខ្មែរ ដែលជាស្រូវមិនប្រកាន់រដូវ និងផ្ដល់ផលរយៈពេលខ្លី ហើយមានរសជាតិ និងក្រអូបស្ទើរនឹងដូចអង្ករផ្ការំដួល។
លោក ឌិត ទីណា បានបញ្ជាក់ថា សព្វថ្ងៃនេះ ការងារពូជស្រូវ កំពុងតែធ្វើដោយ លោក ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលលោកកំពុងសស្រាក់សស្រាំ ពិនិត្យមើលរៀបចំទីតាំងដាំពូជស្រូវ។ លោកថា នៅពេលដែលពូជស្រូវនេះផលិតបាន ក្រសួងនឹងរៀបចំធ្វើការងារចងក្រង ជាមួយនឹងសហព័ន្ធស្រូវអង្ករ ដែលជាអ្នកកែច្នៃទិញស្រូវនេះ។
ទន្ទឹមគ្នានេះ លោក ឌិត ទីណា បានលើកឡើងថា អ្វីដែលទស្សនទានទៅមុខ ដែលចេញពីវិស័យស្រូវអង្ករនោះ ប្រជាពលរដ្ឋទៅថ្ងៃមុខ បើគាត់ចូលរួមក្នុងទស្សនទានថ្មី គឺគាត់នឹងអាចមានទីផ្សាររួចជាស្រេច មុនពេលចាប់ផ្ដើមដាំ ដោយដឹងថា ដាំហើយលក់ឲ្យរោងម៉ាស៊ីនណា និងក្នុងតម្លៃប៉ុន្មាន ព្រមទាំងបរិមាណប៉ុន្មាន ដែលធ្វើឲ្យគាត់មិនសល់ស្រូវ។
លោក ឌិត ទីណា បានឲ្យដឹងទៀតថា ទស្សនទានថ្មី របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនេះ គឺជាប្រភេទនៃការកែទម្រង់បន្តិចម្តងៗ ហើយត្រូវផ្តល់ពេលវេលា និងការកែប្រែផ្នត់គំនិតទាំងអស់គ្នា។
ជាមួយគ្នានេះ លោក ឌិត ទីណា ក៏សូមថ្លែងអំណរគុណ ចំពោះសហព័ន្ធស្រូវអង្ករ, ធនាគារអភិវឌ្ឍន៍ជនបទ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម ដែលកន្លងមកបានធ្វើការ ជាមួយក្រសួងកសិកម្ម ដោះស្រាយបញ្ហាផ្សេងៗ យ៉ាងទាន់ពេលវេលា៕