(បាត់ដំបង)៖ លោកឧកញ៉ា ភួ វាសនា ត្រូវបានសមាជិកសភាពាណិជ្ជកម្មខេត្តបាត់ដំបងទាំងចាស់ ទាំងថ្មី បានបោះឆ្នោតជ្រើសតាំងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ត សម្រាប់អាណត្តិទី១ លើកទី២។
ពិធីនេះបានធ្វើឡើងនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោក គឹម សុខសីហា អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពពាណិជ្ជកម្មកម្ពុជា, លោកស្រី កែវ ដាណា អភិបាលរងខេត្តតំណាង លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងតំណាងមន្ទីរសំខាន់នានាក្នុងខេត្ត និងសមាជិក សមាជិកាសភាពាណិជ្ជកម្មដែលទើបជាប់ឆ្នោតថ្មី ក៏មានវត្តមានក្នុងនោះផងដែរ។
ការបោះឆ្នោតនេះបានធ្វើឡើងតាមរយៈអាជីវករមកពីតំបន់ផ្សេងៗក្នុងខេត្តបាត់ដំបង បានចូលរួមបោះឆ្នោតគាំទ្របានចំនួន១៤រូបហើយ ក្រោមសំឡេងគាំទ្រ១០០%។
នាឱកាសនោះលោក គឹម សុខសីហា បានណែនាំដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកា សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដែលទើបជាប់អាណត្តិថ្មី ត្រូវអនុវត្តនូវគោលដៅសំខាន់ចំនួន៤ ដើម្បីចូលរួមលើកកម្ពស់វិស័យឯកជន ក៏ដូចជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ គឺកសិកម្ម ពាណិជ្ជកម្ម ឧស្សាហកម្ម និងសេវាកម្ម។
ទាំងលោក គឹម សុខសីហា និងលោកស្រី កែវ ដាណា បានសំដែងនូវការអបអរសាទរចំពោះលទ្ធផលបោះឆ្នោតដែលបានផ្តល់ជូនដោយសមាជិកដែលជាប់ឆ្នោត ប្របកដោយភាពយុត្តិធម៌ត្រឹមត្រូវ និងមានតម្លាភាពជូនលោកឧកញ៉ាភួ វាសនា បានទទួលតំណែងជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងនាពេលនេះ ហើយសង្ឃឹមថានឹងដឹកនាំការងាររបស់ខ្លួនទទួលបានជោគជ័យ ពិសេសដើម្បីផ្តល់នូវផលប្រយោជន៍ដល់អាជីវករ ពាណិជ្ជករ និងប្រយោជន៍រួមរបស់ប្រជាពលរដ្ឋមានការរីកចម្រើន។
លោកឧកញ៉ា ងួន ម៉េងតិច បានបញ្ជាក់ថា សភាពាណិជ្ជកម្មខេត្តបាត់ដំបង បានកើតឡើងអស់រយៈពេលជាង១០ឆ្នាំមកហើយ ហើយលោកឧកញ៉ា ទទួលស្គាល់អំពីសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានដំណើរការទៅដោយរលូន ដោយមានការទំនាក់ទំនងល្អរវាងសភា ជាមួយអាជ្ញាធរខេត្តបាត់ដំបងយ៉ាងល្អប្រសើរ។
ក្នុងនាមជាតំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា ងួន ម៉េងតិច បានរម្លឹកដល់សមាជិកដែលជាប់ថ្មីទាំងអស់ត្រូវរួមកម្លាំងគ្នាធ្វើឱ្យមានការរីកចម្រើនដល់ សង្គមជាតិ គឺជាការធានានូវការរឹងមាំរបស់សេដ្ឋកិច្ចជាតិផងដែរ។
លោកឧកញ៉ា ភួ វាសនា ដែលទើបជាប់ថ្មី បានបញ្ជាក់ថា ក្រោមពីការបោះឆ្នោតជាប់ជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងហើយ ប្រធានសភានឹងកោះប្រជុំបន្ទាន់ ដើម្បីធ្វើការបែងចែកតួនាទីរបស់សមាជិកជ្រើសតាំង ឱ្យទទួលខុសត្រូវ លើ៤ផ្នែកសំខាន់ៗ គឺកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ដើម្បីជួយជំរុញអាជីវករក្នុងខេត្តឱ្យមានភាពល្អប្រសើរឡើង។
លោកឧកញ៉ា ភួ វាសនា ក៏បានអំពាវនាវដល់អាជីវករទាំងអស់ សូមចូលរួមជាសមាជិករបស់សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដើម្បីសភាប្រមូលផ្តុំ បើសិនជាមិននៅក្នុងចំណោម សភាទេ ខាងសភាមិនបានដឹងពីបញ្ហារបស់អាជីវករ នីមួយៗឡើយ ពេលដែលយើងប្រមូលម្តុំបានហើយ ពេលនោះបើគាត់ជួបបញ្ហា សភាពាណិជ្ជកម្មនឹងធ្វើការទំនាក់ទំនងស្អិតរមួតជាមួយរដ្ឋបាលខេត្ត ដើម្បីលើកពីបញ្ហាជូនរដ្ឋបាលខេត្តឱ្យជួយដោះស្រាយ ក្នុងករណីដោះស្រាយ លើកទី១ អត់បានសភាមានតីនិវីធីយកបញ្ហាហ្នឹងលើកទៅសភាពាណិជ្ជកម្មកម្ពុជា ហើយបើដោះស្រាយមិនបានទៀត នឹងលើកទៅក្រសួងពាណិជ្ជកម្ម ហើយក្រសួងនឹងបន្តឱ្យមានបើកវេទិកាថ្នាក់ជាតិបន្តទៀត ដោយមានប្រមុខដឹកនាំរាជរដ្ឋាភិបាលបានចូលរួមដោះស្រាយនៅថ្នាក់ជាតិតែម្តង៕