(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារជំនាញចុះពិនិត្យវឌ្ឍនភាពការងារការដ្ឋានស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ ដែលមានទីតាំងស្ថិតនៅសង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។
គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១ នៅរាជធានីភ្នំពេញនេះ សម្រេចបានលទ្ធផលប្រមាណ ៧០ភាគរយហើយ ដែលនឹងឈានទៅសម្រេចការសាងសង់ ១០០ភាគរយ នាដើមខែឧសភាខាងមុខនេះ។
គម្រោងនេះនឹងចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ដោយនឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗ ចំនួន ៣រួមមាន៖
*ទី១៖ អត្ថប្រយោជន៍ផ្នែកបរិស្ថាន តាមរយៈការគ្រប់គ្រងសំណល់ភក់បង្គន់បានត្រឹមត្រូវ ដែលនឹងធ្វើឱ្យគុណភាពប្រឡាយទឹកកខ្វក់នៅក្នុងទីក្រុងបានល្អប្រសើរជាងមុន
*ទី២៖ អត្ថប្រយោជន៍ផ្នែកសង្គម តាមរយៈការបង្កើតការងារ និងកែច្នៃសំណល់ភក់បង្គន់ទៅជាជីសិរីរាង្គ កាត់បន្ថយការប្រើប្រាស់ជីគីមី
*ទី៣៖ អត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ច តាមរយៈការលក់ជីសិរីរាង្គដែលផលិតបានទៅក្នុងទីផ្សារកសិកម្ម ឬអាចនិយាយបានថា «យកសំណល់ គ្រប់គ្រងសំណល់»។
សូមជម្រាបថា គម្រោងជំហានទី១នេះ ជាហិរញ្ញប្បទានរួមរវាងរដ្ឋបាលរាជធានីភ្នំពេញ និងសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ព្យែរ ប៊ៃយ៉េ (Pierre BAILLET) លេខាធិការអចិន្ដ្រៃយ៍សមាគម AIMF។
ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនាពេលនេះ ជាការអនុវត្តតាម «យុទ្ធសាស្ត្រគ្រប់គ្រងសំណល់ភក់បង្គន់ សម្រាប់រាជធានីភ្នំពេញ ឆ្នាំ២០៣៥» ដែលបានចាប់ផ្តើមសិក្សាកាលពីឆ្នាំ២០១៨ តាមរយៈជំនួយបច្ចេកទេសមួយ របស់សមាគម AIMF។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងបន្តធ្វើការងារជាមួយដៃគូពាក់ព័ន្ធ ដើម្បីកៀរគរហិរញ្ញប្បទានបន្ថែម ដើម្បីសាងសង់ស្ថានីយប្រព្រឹត្តកម្មជាបន្តបន្ទាប់ទៅតាមផែនការ សំដៅចូលរួមលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋរាជធានីភ្នំពេញ៕