(ស្វាយរៀង)៖ រដ្ឋបាលខេត្តស្វាយរៀង បានសម្រេចអភិវឌ្ឍន៍ច្រាំងទន្លេវ៉ៃគោខាងលិចស្ពានហាវ៉េ ផ្លូវជាតិលេខ១ ប៉ែកខាងជើងផ្លូវបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យមកទាក់ទស្សនាក្នុងខេត្តមួយនេះ។

ការសម្រេចបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលរដ្ឋបាលខេត្ត បើកកិច្ចប្រជុំពិនិត្យអនុវត្តលើការងារអភិវឌ្ឍន៍ខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង។ កិច្ចប្រជុំនេះ គឺដើម្បីឱ្យខេត្តកាន់តែមានភាពរីកចម្រើនទាក់ទាញភ្ញៀវទេសចរបន្ថែមទៀត ជាពិសេសនាំយកទឹកស្អាតជូនប្រជាពលរដ្ឋប្រើប្រាស់ឱ្យកាន់តែទូលំទូលាយ ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាននាពេលបច្ចុប្បន្ន។

បើតាមមន្ត្រីសាលាខេត្តស្វាយរៀង បានឱ្យដឹងថា ការងារអភិវឌ្ឍន៍នៅខេត្តស្វាយរៀងក្រោមការគិតគូរយកចិត្តទុកដាក់ពីសំណាក់លោកម៉ែន វិបុល ជាអភិបាលខេត្ត គឺមានផែនការអភិវឌ្ឍន៍ជាច្រើនទៀត ក្នុងការធ្វើឱ្យខេត្តស្វាយរៀងមានការរីកចម្រើននិងក៏ក្លាយទៅជាខេត្តដែលមានសក្តានុពលទេសចរណ៍ផងដែរ។

មន្ត្រីបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំព្រឹកមិញនេះបានសម្រេច​រៀបចំទីតាំងស្ថានីយបូមទឹកឆៅ ដើម្បីពង្រីកវិសាលភាពប្រព័ន្ធទឹកស្អាតក្នុងខេត្តស្វាយរៀង ជូនប្រជាពលរដ្ឋឱ្យបានទូលំទូលាយ និងបានសម្រេចលើការរៀបចំ ច្រាំងទន្លេវ៉ៃគោ បន្ថែមទៀតខាងលិចស្ពានហាវ៉េផ្លូវជាតិលេខ១ ខាងជើងផ្លូវ ដោយមានការរៀបចំឱ្យមានបញ្ជរមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍កម្ពុជា បន្ទប់ទឹកសាធារណៈ​ និងកន្លែងចំណតរថយន្តជាដើម។ ព្រមទាំងពិនិត្យនិងដោះស្រាយលេីឯកសារពាក់ព័ន្ធដែលជាសំណូមពររបស់ប្រជាពលរដ្ឋ។

លោកបានស្នើដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តស្វាយរៀង សូមចូលរួមសហការជាមួយរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍខេត្ត ហើយកុំមានការយល់ច្រឡំចំពោះការចាក់ដីនៅមាត់ច្រាំងទន្លេវៃគោ ត្រង់ប៉ែកខាងជើងផ្លូវជាតិលេខ១ ថាយកទៅធ្វើជាកម្មសិទ្ធិឯកជននោះ គឺមិនពិតនោះទេ ព្រោះនេះជាគម្រោងផែនការអភិវឌ្ឍរបស់ខេត្ត ដើម្បីឱ្យក្រុងស្វាយរៀង មានការរីកចម្រើន មានសោភ័ណភាពល្អ និងជាតំបន់ទេសចរផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានការចូលរួមពី​លោក ហែម ពិសិដ្ឋ អភិបាលរងខេត្ត, នាយករដ្ឋបាលសាលាខេត្ត, ប្រធានមន្ទីរពាក់ព័ន្ធ, នាយកទីចាត់ការ​ហិរញ្ជវត្ថុសាលាខេត្ត លោកអភិបាលក្រុង​ស្វាយរៀង​ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត៕