(ភ្នំពេញ)៖ លោក ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ក្រសួងកសិកម្មបានបើក និងសម្រួលឱ្យមាននាំចូលឈើពីក្រៅប្រទេស ដើម្បីកាត់បន្ថយសម្ពាធនៃតម្រូវការឈើ ប្រើប្រាស់មកលើធនធានព្រៃឈើនៅកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» ដែលរៀបចំដោយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នៅទីស្ដីការគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ លោក ឌិត ទីណា បានថ្លែងថា តម្រូវការប្រើប្រាស់ឈើពីសំណាក់ពលរដ្ឋកម្ពុជានៅតែមាន តែយ៉ាងនេះក្តី បច្ចុប្បន្ននេះប្រជាជនកម្ពុជា ​បានកែប្រែទម្លាប់ ក្នុងការប្រើប្រាស់ឈើ ​​គឺបានផ្លាស់ប្តូរពីការប្រើប្រាស់ឈើប្រណិត មកប្រើប្រាស់ឈើគ្រប់បែបយ៉ាង ដែលមានគុណភាពប្រហាក់ប្រហែលគ្នា ពោលគឺពីបេង នាងនួន និងក្រញូង មកប្រើធ្នង់ គគី ឈ្លិច ផ្ចិក និងប្រភេទឈើនាំចូលដើម។

ទន្ទឹមគ្នានេះ ​លោកបានកត់សម្គាល់​ថា និន្នាការនៃការប្រើប្រាស់​ឈើនាំចូល ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងសព្វថ្ងៃនេះ កម្ពុជាបាននាំចូលឈើ​ប្រភេទមួយចំនួន មានដូចជា ធ្នង់ នាំចូលមកពីអាហ្វ្រិក និងឈើប្រភេទផ្សេងៗ ដូចឈើកិន (កុំប្លាកេ) ​​និងឈើប្រណិត​ដែលនាំពី ចិន និងម៉ាឡេស៊ីជាដើម សម្រាប់ការប្រើប្រាស់ក្នុងស្រុក​។

លោកគូសបញ្ជាក់បន្ថែមថា «យើងមិនអាចបដិសេធបានទេ នូវតម្រូវឈើប្រើប្រាស់ក្នុងស្រុក​ ដោយប្រជាពលរដ្ឋយើងនៅតែត្រូវការសង់ផ្ទះពីឈើ នៅតែត្រូវការឈើធ្វើជន្លង់ ធ្វើជន្ទុល ឬរបងផ្សេងៗ​ ឬតម្រូវការធ្វើជាអុស ឬជាធ្យូង។ អីចឹងតម្រូវការផ្សេងៗគ្នានេះ គឺបង្កើតជាសម្ពាធមួយចំនួន ទៅលើធនធានធម្មជាតិយើងដែលមាន»

ដើម្បីបំពេញតម្រូវការប្រើប្រាស់ឈើក្នុងស្រុក​ ក្រសួងនឹងពង្រឹងសមត្ថភាពផលិតឈើ ស្របតាមតម្រូវការក្នុងស្រុក និងសម្រួលការនាំចូល​ពីក្រៅប្រទេស ​ព្រមទាំងជំរុញចលនាដាំឈើផងដែរ ទាំងសម្រាប់ការស្តារព្រៃឈើឡើងវិញ និងសម្រាប់អាជីវកម្ម ដូចជាអាកាស្យា ឬប្រេងខ្យល់ដែលងាយដាំដុះ និងធំធាត់លឿន​៕