(កណ្តាល)៖ លោក ហាក់ សុខមករា អភិបាលរងខេត្តកណ្តាល ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារមានប្រធានមន្ទីរធនធានទឹក និងឧតុនិយម, អភិបាលរងក្រុងតាខ្មៅ, ចៅសង្កាត់តាខ្មៅ និងមន្ត្រីពាក់ព័ន្ធ បានចុះពិនិត្យទីតាំងគម្រោងទប់ច្រាំងស្ទឹងព្រែកត្នោត នៅចំណុចអ្នកតា «សា ថៃជឺ» ស្ថិតនៅសង្កាត់តាខ្មៅ ក្រុងតាខ្មៅ បន្ទាប់ពីរងការបាក់ស្រុតដោយសារទឹកជំនន់នាពេលថ្មីៗនេះ។

សម្រាប់គម្រោងទប់ច្រាំងស្ទឹងព្រែកត្នោតនៅចំណុចអ្នកតា «សា ថៃជឺ» គឺជាការចំណាយថវិការបស់រាជរដ្ឋាភិបាលតាមរយៈ គម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

សម្រាប់គម្រោងនេះ គឺមានប្រវែងបណ្តោយម្ខាងៗនៃស្ទឹង មានប្រវែង ១២០ម៉ែត្រ ទាំងសង្ខាងសរុបប្រវែង ២៤០ម៉ែត្រ និងទទឹងច្រាំងខួងសសរគ្រឹះ ៤ជួរ មានជម្រៅ១០ ទៅ ១២ម៉ែត្រ។

សម្រាប់លទ្ធផលអនុវត្តបានរួមមានកាយដីធ្វើជាជម្រាលរួចទាំងសង្ខាងស្ទឹង ដើម្បីអាចឱ្យគ្រឿងចក្រចុះអនុវត្តការងារបាន និងទប់កុំឱ្យស្រុតទៀត និងគ្រឿងចក្របានចុះខួងគ្រឹះដើម្បីចាក់សសរបានចំនួន ៣ដើម។

សូមជម្រាបថា កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២ កន្លងទៅ មានការបាក់ស្រុតច្រាំងមាត់ស្ទឹងព្រែកត្នោត ចាប់ពីគល់ស្ពានថ្មតាខ្មៅ រហូតដល់វិហារលោកតា «សា ថៃជឺ» ដែលមានប្រវែង ២១០ម៉ែត្រ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដោយសារតែទឹកហូរច្រោះ៕