(ភ្នំពេញ)៖ រណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបង្កើតឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ នៅស្រុកស្នួល ខេត្តក្រចេះ គឺជាអង្គការចាត់តាំងផ្នែកនយោបាយដ៏សំខាន់បំផុត ក្នុងការឆ្ពោះទៅវាយផ្តួលរំលំរបបប្រល័យពូជសាសន៍នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

រណសិរ្សសាមគ្គីសង្គ្រោះជាតិ ត្រូវបានបង្កើតឡើងដោយចលនាអ្នកតស៊ូចំនួន៥ក្រុមរួមមាន៖

ក្រុមទី១៖ ស្ថិតនៅភូមិភាគបូព៌ា ដឹកនាំដោយសមមិត្ត ហេង សំរិន និងសមមិត្ត ជា ស៊ីម។
ក្រុមទី២៖ មានមូលដ្ឋាននៅភូមិភាគឦសានដឹកនាំដោយសមមិត្ត ប៊ូ ថង ក្រោកឡើងបះបោរនៅឆ្នាំ១៩៧៥។
ក្រុទី៣៖ ជាក្រុមកុម្មុយនិស្តដឹកនាំដោយបញ្ញវន្ត ធ្លាប់ទទួលការបណ្តុះបណ្តាលនៅទីក្រុងហាណូយ រួមមាន៖ សមមិត្ត ចាន់ ស៊ី, សមមិត្ត ប៉ែន សុវណ្ណ និងសមមិត្ត ជា សុទ្ធ។
ក្រុមទី៤៖ ជាកម្លាំងថ្មីបង្កើតឡើងដោយសមមិត្ត ហ៊ុន សែន។
ក្រុមទី៥៖ មានមូលដ្ឋាននៅភូមិភាគនិរតី ដឹកនាំដោយសមមិត្ត សាយ ភូថង និងសមមិត្ត ទៀ បាញ់ ជាក្រុមចលនាប្រឆាំងខ្មែរក្រហមក្នុងទឹកដីថៃ។

ក្រោយការបង្កើតចលនាតស៊ូដើម្បីឆ្ពោះទៅរកការរំដោះជាតិហើយនោះ ស្មារតីពីរធ្នូនៃកម្លាំងរណសិស្សកាន់តែស្រួចស្រាវត្របាញ់ចូលគ្នា ដើរតាមខ្សែបន្ទាត់តែមួយ គោលដៅតែមួយ និងបុព្វហេតុរួមតែមួយ។

ស្មារតីនេះអាចឆ្លុះបង្ហាញឱ្យឃើញតាមរយៈរចនាសម្ព័ន្ធរបស់ «រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលមានឥស្សរជនចំនួន៨រូបជាក្បាលម៉ាស៊ីនរួមមាន៖

១៖ សមមិត្ត ហេង សំរិន, ២៖ សមមិត្ត ជា ស៊ីម, ៣៖ សមមិត្ត ហ៊ុន សែន, ៤៖ សមមិត្ត ប៉ែន សុវណ្ណ, ៥៖ សមមិត្ត រស់ សម័យ, ៦៖ សមមិត្ត ប៊ូ ថង, ៧៖ សមមិត្ត ប៊ុន មី និងទី៨៖ សមមិត្ត ស៊ើយ កែវ។

ក្រោយរៀបចំកម្លាំងរណសិរ្សហើយនោះ ក្រុមចលនារំដោះប្រើពេលត្រឹមតែ ២៨ថ្ងៃប៉ុណ្ណោះ ក្នុងការវាយរំដោះយកខេត្តដំបូងបង្អស់នៅក្នុងប្រទេស គឺខេត្តក្រចេះ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ១៩៧៨។ នៅថ្ងៃទី៣១ ខែធ្នូ កងកម្លាំងរណសិរ្ស ក៏បានឆ្ពោះទៅវាយរំដោះខេត្តរតនគិរី ហើយវាយឆ្ពោះទៅក្រុងភ្នំពេញ ហើយរំដោះបានទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។ ក្រុងភ្នំពេញ ជាទីតាំងរដ្ឋបាលដ៏សំខាន់ និងជាបេះដូងរបស់ប្រទេសទាំងមូល។ ចលនាតស៊ូ ក៏បានកំណត់ថ្ងៃវាយបានក្រុងភ្នំពេញ ជាទិវាជ័យជម្នះ និងជាថ្ងៃកំណើតទី២ របស់ប្រជាជាតិខ្មែរទាំងមូល៕