(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្មបានរៀបចំទស្សនទានថ្មី អំពីការនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ពោលគឺទៅថ្ងៃខាងមុខ កម្ពុជា​នឹងផ្តោតទៅការផលិតឱ្យមានគុណភាព ជាមួយផលចំណេញខ្ពស់​។

រដ្ឋមន្រ្តីក្រសួងកសិកម្ម លើកឡើងបែបនេះធ្វើឡើងនៅក្នុង​សន្និសីទសារព័ត៌មានស្ដីពី «ទស្សនទាន ក្នុងវិស័យកសិកម្មនៅកម្ពុជា» នៅទីស្តីការគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣​។

លោកបានថ្លែងថា ​​​ចំពោះទីផ្សារនាំចេញ ផ្អែកលើទស្សនទាននេះ យុទ្ធសាស្រ្តរបស់ក្រសួង គឺជំរុញការនាំចេញផលិតផល ដែលមានគុណភាពខ្ពស់ និងលក់បានតម្លៃខ្ពស់ ដែល​ហៅថា ផលិតផលគន្លឹះ ឬផលិតផលប្រណិត។ កម្ពុជាមិនអាច និងមិនត្រូវប្រកួតប្រជែងជាមួយអ្នកជិតខាង ដោយផ្អែកលើបរិមាណ និងតម្លៃទាបនោះទេ ដោយសារកត្ដាថ្លៃដើមខ្ពស់ ទាំងក្នុងការផលិត និងដឹកជញ្ជូន។ កម្ពុជាមានឧត្តមភាពខ្ពស់ លើកត្តាគុណភាព ដូច្នេះកម្ពុជាគួរផ្តោតលើការពង្រឹងឧត្តមភាពនេះ សម្រាប់ការប្រកួតប្រជែងរបស់ខ្លួន។

លោកគូសបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងខ្សែច្រវាក់នៃការនាំចេញ ទស្សនទានរបស់ក្រសួងកសិកម្ម គឺជំរុញទៅដល់ការផលិតផលិតផលណា ដែលមានគុណភាពខ្ពស់ ហើយមានតម្លៃបន្ថែមខ្ពស់។ ចំណុចនេះ គឺខុសគ្នារវាងទីផ្សារក្នុងស្រុក កម្ពុជាត្រូវទទួលស្គាល់នូវស្ថានភាពរបស់ខ្លួន យើងមានចំណុចខ្លាំង និងចំណុចខ្សោយ អីចឹងការផលិតឱ្យមានលក្ខណៈទ្រង់ទ្រាយធំ ហើយតម្លៃថោក គឺមិនមែនជាចំណុចខ្លាំងរបស់កម្ពុជានោះទេ យើងបានវាយតម្លៃរួចហើយ នូវស្ថានភាពនៃថ្លៃដើមទាំងការផលិត ទាំងស្ថានភាពថ្លៃដើមនៃការដឹកជញ្ជូន អីចឹងជាជាងផលិតឱ្យច្រើនហើយថោក ដើម្បីទៅប្រកួតប្រជែងជាមួយនឹងប្រទេសផ្សេងៗ អ្នកផលិតផ្សេងៗ គឺយើងជំរុញលក្ខណៈផលិតកម្មមួយ ជាផលិតផលគន្លឹះ»

លោកបានពន្យល់បន្ថែមថា ផ្អែកទៅលើបទពិសោធន៍កន្លងមក ​ក្រសួងបានសិក្សាពីភាពជោគជ័យរបស់ម្រេចកំពត មកពិនិត្យវាយតម្លៃ និងរៀបចំ ដើម្បីរៀបចំផលិតផលផ្សេងៗ ឱ្យមានស្តង់ដារបែបនេះ ព្រោះផលិតផលនេះ បើទោះបីជាផលិតបានតិច តែមានតម្លៃខ្ពស់ នៅលើទីផ្សារអន្តរជាតិ។

លោកកត់ស្គាល់ថា ផលិតផលកម្ពុជាផ្សេងទៀត ដូចជា កៅស៊ូ អង្កររំដួល និងគ្រាប់ស្វាយចន្ធីជាដើម សុទ្ធតែជាផលិតផល ដែលមានការទទួលស្គាល់នូវគុណភាព ជាបណ្តាប្រទេសផ្សេងទៀត ហេតុនេះផ្អែកលើចំណុចនេះ ទស្សនទានមិនចាំបាច់ផលិតអង្ករបែបនេះក្នុងបរិមាណច្រើន ​ក្នុងតម្លៃថោក ដើម្បីទៅប្រកួតប្រជែងជាមួយប្រទេសជិតខាងនោះទេ ​គឺត្រូវលក់ឱ្យបានតម្លៃថ្លៃជាងគេ​។

លោកលើកឡើងទៀតថា ទៅថ្ងៃមុខ ការផលិតរបស់កម្ពុជា គឺយកផលចំណេញជាគោល ពោលគឺ​ក្រសួងនឹងមិនបង្ខំ ក្នុងការផលិតច្រើនឡើយ តែផលិតក្នុងបរិមាណល្មម ហើយចំណេញច្រើន។ ហើយផលិតផលគន្លឹះទាំងនេះ កសិក​រកម្ពុជា នឹងមានជម្រើសក្នុងការពិនិត្យមើល​ ថាតើគួរជ្រើសយកការផលិតណាមួយសម្រាប់ក្នុងស្រុកឬនាំចេញ។

​លោកបន្ថែមថា ទិសដៅខាងមុខក្រសួងនឹងជំរុញការផ្សព្វផ្សាយ លើកកម្ពស់កម្រិតយល់ដឹងពីគុណភាពផលិតផលកសិកម្មកម្ពុជាដ ល់ពីផ្សារបរទេស ​តាមរយៈការសហការជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញលទ្ធភាពបន្ថែមទៀត ក្នុងការផ្សព្វផ្សាយ និងបើកទីផ្សារតាមរយៈយន្តការផ្សេងៗ រួមទាំងយន្តការបើកទីផ្សារសេរីផងដែរ។

លោកបានមានប្រសាសន៍ផងដែរថា ដើម្បីសម្រេចគោលដៅនេះ ក្រសួងកសិកម្ម ត្រូវទទួលបន្ទុករៀបចំប្រព័ន្ធផលិតកម្មមួយ ដែលមានប្រសិទ្ធិភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃទីផ្សារ ទាំងបរិមាណ និងគុណភាព។ នោះគឺប្រព័ន្ធផលិតកម្ម ដែលមានការចូលរួមសហការ និងអនុវត្តរួមគ្នាពីគ្រប់តួអង្គទាំងអស់ ដោយមានយន្តការគ្រប់គ្រង និងសម្របសម្រួលច្បាស់លាស់ ហើយតាមរយៈនេះ រដ្ឋនឹងតួនាទីច្រើនជាងមុន ដើម្បីផ្តល់ការគាំទ្រ និងរៀបចំចងក្រង និងប្រមូលផ្តុំគ្នា ដើម្បីចូលរួមអនុវត្តប្រព័ន្ធផលិតកម្មកសិកម្មថ្មីនេះ នៅតែគោរពគោលការណ៍ស្ម័គ្រចិត្ត និងទីផ្សារសេរីដដែល។ ដូច្នេះអង្គទាំងឡាយ ដែលសម្រេចចិត្តនៅក្រៅប្រព័ន្ធនេះ នៅតែអាចបន្តសកម្មភាពអាជីវកម្មរបស់ខ្លួនបាន ប៉ុន្តែត្រូវប្រឈមនឹងហានិភ័យនៃទីផ្សារ ដោយខ្លួនឯង​៕