(ភ្នំពេញ)៖ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានទទួលជួបសំណេះសំណាល និងទទួលអំណោយជា អាវរងារ ចំនួន១០០០ ពីលោកស្រី ឈុន ស៊ីណា នាយិកាក្រុមហ៊ុន យូ អាយ ស៊ី អឹភែរឹល មេនូហ្វេកធឺរីង នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គលេខាធិការរងទី១ បានពាំនាំប្រសាសន៍ផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន ដែលតែងតែឧបត្ថម្ភគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា។

លោកស្រីអគ្គលេខាធិការរងទី១ បានបន្តថា អាវរងា ដែលបានផ្ដល់ជូននៅពេលនេះ គឺពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលាក្នុងកាលៈទេសៈ ដែលប្រទេសកម្ពុជាទទួលរងនូវការធ្លាក់ចុះសីតុណ្ហភាពត្រជាក់។ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ ដែលកំពុងប្រឈមទៅនឹងអាកាសធាតុត្រជាក់ពិសេសចាស់ជរា។

លោកស្រីអគ្គលេខាធិការរងទី១ បានបន្ថែមទៀតថា ជារៀងរាល់ឆ្នាំ កាកបាទក្រហមកម្ពុជា តែងរៀបចំទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ដើម្បីកៀងគររកថិវកាពីសប្បុសជននានា ដើម្បីឲ្យកាកបាទក្រហមកម្ពុជាមានធនធានក្នុងការជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ នៅចុងឆ្នាំ២០១៩មក កាកបាទក្រហមកម្ពុជា មិនបានរៀបចំទិវា៨ អស់រយៈពេល៣ឆ្នាំមកហើយ (២០២០, ២០២១ និង២០២២) ហើយឆ្នាំ២០២៣ នេះ កាកបាទក្រហមកម្ពុជា មិនបានរៀបចំបា្ររព្ធពិធីធំនោះទេ ព្រោះឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជន អាស៊ី-អាគ្នេយ៍ លើកទី២ និងកម្មវិធីថ្នាក់ជាតិជាច្រើនទៀតដូចកីឡាស៊ីហ្គែមជាដើម។

សូមបញ្ជាក់ ក្រុមហ៊ុន យូ អាយ ស៊ី អឹភែរឹល បានបរិច្ចាគអំណោយមនុស្សធម៌ជូន កាកបាទក្រហមកម្ពុជា បានចំនួន៣លើកមកហើយ ទី១នៅឆ្នាំ២០១៨ ទី២ឆ្នាំ២០២០ និងទី៣ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ៕