(ព្រះសីហនុ)៖ រដ្ឋបាលក្រុងព្រះសីហនុ បានប្រកាសប្រាប់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិថា ការមកលេងកម្សាន្តតាមបណ្តាឆ្នេរនៅក្នុងខេត្តនេះ គឺមិនមានការបង់ប្រាក់នោះទេ ដែលសាធារណជនអាចក្រាលកន្ទេល បោះតង់សម្រាប់អង្គុយលេង ឬពិសារម្ហូបអាហារ ប៉ុន្តែមិនអនុញ្ញាតឱ្យនរណាម្នាក់វាតទីយកឆ្នេរសាធារណៈធ្វើជាទីតាំងផ្ទាល់ខ្លួន ដើម្បីប្រកបអាជីវកម្មជាដាច់ខាត។
បើមានករណីដូចជម្រាប់ជូនខាងលើនេះ រដ្ឋបាលក្រុង សូមឱ្យប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលជួបប្រទះការទារប្រាក់ សូមទាក់ទងមកក្រុមការងារផ្ទាល់ ដែលមានលេខទូរស័ព្ទ៖ ០៩៦ ៧២៣ ៦៦ ០០។
កន្លងមកនេះ ក្នុងថ្ងៃបុណ្យឆ្លងឆ្នាំ ក៏ជាបុណ្យចូលឆ្នាំសកល ២០២៣ មានបងប្អូនអ្នកលក់ដូរ ឆ្លៀតឱកាសជួលតុកៅអីលើឆ្នេរសាធារណៈតម្លៃ ២០ដុល្លារ ក្នុងថ្ងៃឆ្លងឆ្នាំសកល ដែលបានបង្ហោះតាមបណ្តាសង្គម ក្នុងនោះអាជ្ញាធររបស់រដ្ឋបាលក្រុងព្រះសីហនុ បានចាត់វិធានការភ្លាមៗផងដែរ។ ម្យ៉ាងទៀត រដ្ឋបាលក្រុងព្រះសីហនុ សូមអំពាវនាវដល់បងប្អូនបញ្ឈប់យកចិញ្ចើមផ្លូវក្រានីតធ្វើជាកន្លែងប្រកបអាជីវកម្ម ឬចតយាន្តយន្ត និងទុកដាក់សម្ភារផ្សេងៗ ដែលសកម្មភាពទាំងនេះធ្វើឱ្យបាក់បែក ប្រេះស្រាំថ្មក្រានីត បាត់បង់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់សោភ័ណភាពទីក្រុង។
ចិញ្ចើមក្រាលថ្មក្រានីត ដែលគណៈកម្មាធិការគ្រប់គ្រងតំបន់ឆ្នេរ បានស្ថាបនាឡើងគឺសម្រាប់តែអ្នកធ្វើដំណើរដោយថ្មើងជើងដើរ ឬរត់ហាត់កីឡា រទេះជនពិការ ជិះកង់ (តាមដងផ្លូវមួយចំនួន) និងដើម្បីលើកកម្ពស់សោភ័ណភាពតាមដងផ្លូវសាធារណៈប៉ុណ្ណោះ៕