(រតនគិរី)៖ លោក ចាន់ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តរតនគិរី នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានប្រាប់ឲ្យដឹងថា ទោះបីជារដូវវស្សាមានភ្លៀងធ្លាក់ ក្នុងតំបន់មួយចំនួន នៃខេត្តរតនគិរី ក៏ដោយប៉ុន្តែប្រជាពលរដ្ឋ ក្នុងក្រុងបានលុង កំពុងប្រឈមមុខនឹងបញ្ហាខ្វះខាតទឹកស្អាត ប្រើប្រាស់ប្រចាំថ្ងៃ នៅឡើយទេ ហេតុនេះហើយ ទើបអាជ្ញាធរបានអនុញ្ញាតឱ្យក្រុមហ៊ុនទឹកស្អាត «តាយ សេង» ធ្វើការបូមទឹកបឹងកន្សែង ចំនួន៥,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ សម្រាប់បំពេញតម្រូវការជូនប្រជាពលរដ្ឋប្រើប្រាស់ តែសុំឱ្យមានការសិក្សាពីអនាម័យឱ្យបានត្រឹមត្រូវ និងកុំឱ្យមានការខ្ជះខ្ជាយ។
លោក ចាន់ ប៊ុនធឿន បានបញ្ជាក់ប្រាប់អង្គភាព Fres News ថា «ខាងក្រុមហ៊ុនបានដាក់ទុយោបូមទឹកចេញពីបឹងកន្សែង ក្នុងមួយថ្ងៃ បានចំនួន៥,០០០ម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋ ប្រមាណជិត៣,០០០គ្រួសារ នៅក្នុងក្រុងបានលុង»។
លោកប្រធានមន្ទីរ បានបន្តថា បឹងកន្សែងមានបរិមាណទឹកប្រមាណ១៨៨,១០០ម៉ែត្រគូប មិនអាចផ្គត់ផ្គង់ ប្រជាពលរដ្ឋប្រមាណជិត៣០០០គ្រួសារនោះបានទេ ដោយអនុញ្ញាតឱ្យខាងក្រុមហ៊ុនបូមទឹក ពីបឹងកន្សែងយ៉ាងយូរ១០ថ្ងៃទៀត ហើយប្រជាពលរដ្ឋ ប្រមាណ៣,០០០គ្រូសារ ដែលខ្វះទឹកស្អាតប្រើប្រាស់នោះ មានចំនួនច្រើនលើសបរិមាណទឹកទៅហើយ ទំរាំកំណើនប្រជាពលរដ្ឋ ក្នុង១ឆ្នាំៗ តើផលលំបាកទៅថ្ងៃក្រោយមានទំហំធំប៉ុណ្ណា ដូច្នេះសូមឱ្យខាងក្រុមហ៊ុនត្រូវតែមានអាងស្តុកទឹកឱ្យធំតាមតែអាចធ្វើបាន។
លោក នាន ឃឿន តំណាងក្រុមហ៊ុនទឹកស្អាត តាយ សេង បានឲ្យដឹងថា «ក្រុមហ៊ុនបានបូមទឹកចេញពីបឹងកន្សែង ពិតប្រាកដមែន ហើយត្រូវយកទៅចម្រោះ ចំនួន៤ដំណាក់ការ ដូចជាសារធាតុ ក្ល កំបោរ សាច់ជូ ទើបចែកចាយទៅប្រជាពលរដ្ឋប្រើប្រាស់ នៅក្រុងបានលុង ពោលគឺទឹកមានអនាម័យល្អ មិនដូចពាក្យចចាមអារាមថា បូមទឹកពីបឹងកន្សែងកខ្វក់គ្មានអនាម័យ យកទៅចែកចាយជូនប្រជាពលរដ្ឋប្រើប្រាស់នោះទេ»។
លោក នាន ឃឿន បានបន្តទៀតថា ប្រជាពលរដ្ឋក្នុងក្រុងបានលុង ប្រមាណ៣,០០០គ្រួសារ ត្រូវការទឹកប្រមាណ៤,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ។
សូមរំលឹកថា ក្រុមហ៊ុនទឹកស្អាត តាយ សេង បានធ្វើអាជីវកម្មនេះ បានជាង៣ឆ្នាំកន្លងមកហើយ ហើយនេះ ជាលើកទី១ ដែលក្រុមហ៊ុនខ្វះទឹកស្អាតផ្គត់ផ្គង់តម្រូវជូនប្រជាពលរដ្ឋ ទើបបានធ្វើការបូមទឹកបឹងកន្សែង ដើម្បីយកទឹកទៅចម្រោះចែជូនប្រជាពលរដ្ឋបន្ត៕