(ក្រចេះ)៖ កម្លាំងចម្រុះខេត្តក្រចេះ បានបើកប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទ នៅក្នុងអន្លង់អភិរក្សសត្វផ្សោតកាំពី ស្ថិតក្នុងឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដោយរឹបអូស និងដុតបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសច្បាប់ជាច្រើនប្រភេទ។

ប្រតិបត្តិការនេះ បានធ្វើឡើងនាល្ងាចថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយលោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ បានដឹកនាំក្រុមឆ្មាំទន្លេអភិរក្សសត្វផ្សោតប៉ុស្តិ៍កាំពី និងប៉ុស្តិ៍ជ្រោយបន្ទាយ។

បើតាមលោក ម៉ុក ពន្លក នាយខណ្ឌជលផលក្រចេះ បានបញ្ជាក់ថា ក្នុងការចុះបង្គ្រាបនោះកម្លាំងសមត្ថកិច្ចធ្វើការរឹបអូសវត្ថុតាងបទល្មើសជលផលរួមមាន៖ ដកហូតឧបករណ៍នេសាទ មងពាក់ក្នុងអន្លង់ជ្រោយបន្ទាយ និងចំណុចប្រឡោះបី ចំនួន០៦ ត្បូងប្រវែង ១៨០ម៉ែត្រ និងក្រលាពី៧-១៥សម, ដកហូតសន្ទួចរនងបាន០១ខ្សែ ប្រវែង១០០ម៉ែត្រ ផ្លែសន្ទួចលេខ៩ ចំនួន៥០ផ្លែ ហើយវត្ថុតាងទាំងនេះត្រូវបានដុតបំផ្លាញចោលនៅចំណុចមាត់ទន្លេ ខាងក្រោយប៉ុស្តិ៍ឆ្មាំកាំពី។

នាយខណ្ឌជលផល ក៏សូមសំណូពរដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសប្រជាពលរដ្ឋជាអ្នកនេសាទ ធ្វើយ៉ាងណាកុំប្រើប្រាស់ឧបករណ៍នេសាទខុសច្បាស់ដែលអនុក្រឹត្យស្ដីពីការគ្រប់គ្រងការពារអភិរក្សសត្វផ្សោត បានធ្វើការហាមឃាត់នោះរួមមាន៖ ឧបករណ៍ឆក់ត្រី មងក្រឡាធំ ឧបករណ៍សន្ទូចរនង ដែលជាហេតុបង្កឱ្យគ្រោះថ្នាក់ដល់ជីវិតសត្វផ្សោតពីមួយថ្ងៃទៅមួយថ្ងៃ។

លោកបានបញ្ជាក់ទៀតថា បើទោះបីជារដូវនេះជារដូវបើកនេសាទហើយក្ដី ក៏ប៉ុន្តែឧបករណ៍ដែលច្បាប់ហាមឃាត់ជាដាច់ខាត មិនអនុញ្ញាតឱ្យប្រើប្រាស់ឡើយ។ បើសិននៅតែប្រព្រឹត្តនឹងទទួលទោសទៅតាមផ្លូវច្បាប់ស្ដីពីជលផល។

ជាមួយគ្នានេះដែរ លោកសូមសំណូពរដល់អាជ្ញាធរមូលដ្ឋាន សុំជួយណែនាំផ្សព្វផ្សាយអំពីសារប្រយោជន៍អំពីសត្វផ្សោតទន្លេមេគង្គ ដែលជារតនសម្បិត្តជាតិមានជីវិតដ៏មានតម្លៃរបស់ប្រទេសកម្ពុជា ហើយធ្វើយ៉ាងណាការពារសត្វផ្សោតទន្លេមេគង្គ ជួយការពារទាំងអស់គ្នា ដើម្បីឱ្យសត្វផ្សោតទន្លេមេគង្គ នៅឋិតថេរគង់វង្សសម្រាប់បច្ចុប្បន្ន និងទៅថ្ងៃអនាគត។

សូមជម្រាបថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ថ្មីៗនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​​ណែនាំជាពិសេសដល់អភិបាល​ខេត្ត​ក្រចេះ និងស្ទឹងត្រែង ឱ្យបង្កើនការយក​ចិត្តទុក​ដាក់អភិរក្ស​សត្វផ្សោត ដោយមិនត្រូវពឹងផ្អែកតែលើក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះឡើយ និងបានណែនាំឱ្យបង្កើតតំបន់ស្នូលអចិន្ត្រៃយ៍ដើម្បីអភិរក្សសត្វផ្សោត។

ការណែនាំបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន គឺបន្ទាប់មានរបាយការណ៍ពីករណីសត្វផ្សោតដែលជាប្រភេទសត្វជិតផុតពូជ​ បានងាប់ជាបន្ទាប់ ដោយសារតែជាប់មង សន្ទូច និងបទល្មើសសនេសាទខុសច្បាប់មួយចំនួន នៅតំបន់សត្វផ្សោតទន្លេមេគង្គរស់នៅ។

សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅអភិបាលខេត្តទាំងពីរ ឱ្យរៀបចំកំណត់តំបន់ស្នូលអចិន្ត្ត្រៃយ៍ ដើម្បីការអភិរក្ស ដោយហាមឃាត់​ការនេសាទ ការ​ដាក់​មង​ និង​ការរំខានផ្សេងៗ ដើម្បីធ្វើយ៉ាងណាឱ្យតំបន់សត្វផ្សោតរស់នៅមានសុវត្ថិភាពបាន​១០០ភាគរយ រួមទាំងការកំណត់​តំបន់ស្នូល​ផ្សេងទៀត ទៅ​តាម​ស្ថានភាពទឹក​ឡើង​ និងទឹកចុះជាដើម៕