(ភ្នំពេញ)៖ ដើម្បីពង្រឹងនីតិរដ្ឋ, រដ្ឋប្រកាន់ខ្ជាប់ទៅដោយច្បាប់ ក៏ដូចជាលើកកម្ពស់នូវស្មារតីគោរពច្បាប់សកម្មភាព និងទង្វើគោរពច្បាប់ របស់មេដឹកនាំ នៃរាជរដ្ឋាភិបាល ក៏ដូចជាមន្រ្តីជាន់ខ្ពស់តាមបណ្តាស្ថាប័ននានា គឺជាគំរូដ៏មានតម្លៃបំផុតសម្រាប់ឲ្យមន្រ្តីតូចតាចនិង ប្រជាពលរដ្ឋ អនុវត្តតាម និងបង្ហាញឲ្យឃើញថា ច្បាប់ត្រូវបានអនុវត្តដោយសមភាព មិនមានការរើសអើងសម្រាប់អ្នកធំ អ្នកតូច អ្នកមានអំណាច អ្នកអត់អំណាច ឬប្រជាពលរដ្ឋធម្មតានោះឡើយ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្សភូមិន្ទរដ្ឋបាល កាលពីដើមសប្តាហ៍នេះ នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសនៅចំពោះ មុខមហាជន ដោយមិនអល់អែកទទួលស្គាល់នូវទោសកំហុសរបស់ខ្លួន ដែលបានជិះម៉ូតូ ដោយមិនពាក់មួក សុវត្ថិភាពនៅក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង ជាមួយបុរសអ្នករត់ម៉ូតូឌុបម្នាក់ ដោយឥតបានគ្រោងទុកកាលពីសប្តាហ៍កន្លងទៅ ពេលកំពុងធ្វើដំណើរ ទៅចូលរួមបុណ្យសពលោកព្រឹទ្ធាចារ្យ សាយ ភូថង។
បើទោះបីកំហុសនេះ បានកើតឡើងដោយមិនបានគ្រោងទុក ក៏ដោយនោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា រូបនេះមិនគេចវេស ហើយប្រកាស សុំទោសប្រជាពលរដ្ឋទូទាំងប្រទេស និងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ និងមិនត្រូវប្រព្រឹត្តខុសដូចសម្តេច នោះឡើយ។
ជាមួយនិងការថ្លែងសុំទោសប្រជាពលរដ្ឋហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានបង់ការផាកពិន័យទៅតាមច្បាប់ចំពោះការល្មើសច្បាប់ ចរាចរណ៍នេះ ហើយក៏បានជួយបង់ការផាកពិន័យឲ្យលោក សេន ឌី ជាម្ចាស់ម៉ូតូផងដែរ។ ការផាកពិន័យចំពោះការជិះម៉ូតូមិនពាក់មួក សុវត្ថិភាព និងម៉ូតូមិនមានផ្លាកលេខនេះ មានតម្លៃសរុបប្រមាណ ៦០,០០០រៀល។
ក្រៅពីការព្រមបង់ផាកពិន័យហើយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏នឹងធ្វើដំណើរចូលទៅបង់ការផាកពិន័យ ដល់ក្នុងប៉ុស្តិ៍នគរបាល សង្កាត់ចតុមុខ ថែមទៀតផង នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ស្អែកនេះ។ ការទាមទារបង់ផាកពិន័យលើការប្រព្រឹត្តខុសនិងច្បាប់ ចរាចរណ៍ផ្លូវគោករបស់សម្តេចតេជោ ហ៊ុន សែន បាននាំឲ្យមានការកោតសរសើរខ្លាំងពីប្រជាពលរដ្ឋខ្មែរ។
ប្រជាពលរដ្ឋខ្មែរ បានលើកឡើងថា កាយវិការរបស់ប្រមុខរាជរដ្ឋាភិបាល គឺបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពីស្មារតី «ទទួលខុសនិងទទួល ត្រូវ» របស់មេដឹកនាំ កម្ពុជាដូចឱវាទដែលសម្តេចតែងតែបានដាស់តឿន និងអប់រំដល់មន្រ្តីរាជរដ្ឋាភិបាលកម្ពុជា។ ការបង់ផាកពិន័យចំពោះ ការប្រព្រឹត្តខុសលើច្បាប់ចរាចរណ៍ ផ្លូវគោកនៅកម្ពុជា ត្បិតថាមើលទៅហាក់ដូចជារឿងតូចតាចក្តី តែបានឆ្លុះបញ្ចាំងឲ្យពលរដ្ឋខ្មែរបានឃើញ ពីស្មារតីនៃការគោរពច្បាប់របស់មេដឹកនាំកម្ពុជា ហើយក៏ជាសារបំផុសស្មារតី ដល់ប្រជាពលរដ្ឋខ្មែរឲ្យរួមគ្នាគោរពច្បាប់ផងដែរ បើទោះបីទំហំ នៃការខុសឆ្គងនោះតិចតួចក៏ដោយ។
ក្រោយពេលមើលឃើញកាយវិការរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការបង់ផាកពិន័យទៅច្បាប់ចរាចរណ៍ ដោយមិនមានការគេចវេសបែបនេះ ក៏នាំឲ្យមានការ ប្រៀបធៀបគ្នាផងដែរ ចំពោះស្មារតីទទួលខុសត្រូវចំពោះមុខច្បាប់រវាងប្រមុខរាជរដ្ឋាភិបាល និងជាប្រមុខបក្សកាន់អំណាច សម្តេចតេជោ ហ៊ុន សែន ជាមួយប្រមុខដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី និង លោក កឹម សុខា។
លោក សម រង្ស៊ី និង លោក កឹម សុខា ប្រធាន អនុប្រធានគណបក្សសង្រ្គោះជាតិ ជារឿយៗ តែងតែនិយាយប្រាប់អ្នកគាំទ្ររបស់ខ្លួន ពីការប្រយុទ្ធប្រឆាំងទៅនឹងវប្បធម៌និទណ្ឌភាព (ភាពគ្មានទោស) នៅក្នុងសង្គមកម្ពុជា និង ចង់ឲ្យប្រព័ន្ធតុលាការ នៅកម្ពុជាអនុវត្តច្បាប់ ដោយសម ភាពក្រោមស្តង់ដារតែមួយ ដោយគ្មានការបែងចែកវណ្ណៈ ឬពណ៌សម្បុរអ្វីនោះឡើយ។
ផ្ទុយពីបាក្យសម្តីរបស់ខ្លួនប្រមុខមេដឹកនាំបក្សប្រឆាំងទាំងពីររូប មិនដែលបានធ្វើកាយបង្ហាញឲ្យអ្នកគាំទ្ររបស់ខ្លួនបានឃើញពីស្មារតី នៃការគោរពច្បាប់ នៅក្នុងប្រទេសកម្ពុជានោះឡើយ។ ទាំងលោក សម រង្ស៊ី និង លោក កឹម សុខា ត្រូវបានមើលឃើញថា ជាមនុស្សមិន គោរពច្បាប់និងកំពុងជាន់ឈ្លីប្រព័ន្ធច្បាប់នៅកម្ពុជាថែមទៀតផង។
លោក សម រង្ស៊ី បានព្យាយាមរត់គេចខ្លួនទៅក្រៅប្រទេស គេចវេសពីការអនុវត្តច្បាប់ ក្នុងសំណុំរឿងបរិហាកេរ្តិ៍ លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ខណៈលោក កឹម សុខា ព្យាយាមក្រាញននៀលក្នុងទីស្នាក់ការក្រោមសំណាញ់ការពាររបស់អ្នកគាំទ្រ ព្រោះតែការគេចវេស មិនព្រម ចូលទៅបំភ្លឺក្នុងសំនុំរឿងសញ្ចារកម្ម ដែលប្តឹងដោយអតីតនារីកំណាន់ចិត្តរបស់ខ្លួន។
តាមរយៈកាយវិការនេះ បានបង្ហាញឲ្យឃើញច្បាស់ពីស្មារតីមិនគោរពច្បាប់ របស់មេដឹកនាំបក្សប្រឆាំងទាំងពីររូប។ មានសំណួរសួរថា ប្រសិនបើខ្លួនឯង មិនទាំងគោរពច្បាប់ផង តើចង់ប្រយុទ្ធប្រឆាំងនឹងវប្បធម៌និទណ្ឌភាពនៅក្នុងប្រទេសយ៉ាងដូចម្តេច?
តាមរយៈការលើកឡើងខាងលើ នាំឲ្យគេអាចវាយតម្លៃបាន ពីស្មារតីនៃការគោរព និងលើកម្ពស់ច្បាប់របស់សម្តេចតេជោ ហ៊ុន សែន ជាមួយនិងលោក សម រង្ស៊ី និង លោក កឹម សុខា។ សម្តេចតេជោ ហ៊ុន សែន អាចវាយតម្លៃបានថា ជាប្រមុខដឹកនាំដែលបាននិងកំពុង លើកកម្ពស់ នីតិរដ្ឋ រដ្ឋប្រកាន់ខ្ជាប់នូវច្បាប់កំពុង មានជាធរមាន ដែលផ្ទុយស្រឡះពីលោក សម រង្ស៊ី និង លោក កឹម សុខា «ច្បាប់មានតែលើ បបូរមាត់ តែការអនុវត្តន៍សូន្យ [Zero]»។
មានការជំរុញឲ្យលោក សម រង្ស៊ី និង លោក កឹម សុខា ចូលរួមគោរព និងអនុវត្តន៍ច្បាប់ ឲ្យបានដូចសម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញ ស្មារតី នៃការគោរព និងអនុវត្តច្បាប់នៅកម្ពុជា ឲ្យបានកាន់តែល្អប្រសើរ។ ប្រសិនបើលោក សម រង្ស៊ី និង លោក កឹម សុខា ធ្វើដូចពេល បច្ចុប្បន្ន វាស្មើនិងការជំរុញឲ្យប្រជាពលរដ្ឋខ្មែរ គេចវេសពីការអនុវត្តន៍ច្បាប់យ៉ាងដូច្នោះដែរ៕