(ភ្នំពេញ)៖ ក្នុងចំណោមប្រជាពលរដ្ឋខ្មែរប្រមាណ២លាននាក់ ដែលស្លាប់ ក្នុងរបបខ្មែរក្រហម មានប្រជាពលរដ្ឋជាច្រើន ត្រូវបានសម្លាប់ ព្រោះតែរបបនោះចោទថាជា «យួន»។ លោកយាយ លួង ចាន់ គ្រួសារខ្មែរក្រោម ដែលភៀសខ្លួនទៅរស់នៅក្នុងខេត្តក្រចេះ ក៏ត្រូវបានរបបខ្មែរក្រហមចាប់ដាក់គុក និងសម្លាប់ស្វាមី ព្រោះតែការចោទថាជា «យួន»។
លោកយាយ លួង ចាន់ ជាគ្រួសារខ្មែរក្រោមរស់នៅក្នុងខេត្តព្រះត្រពាំង។ គ្រួសារលោកយាយមានសមាជិក៤នាក់ រួមមានស្វាមី និងកូនប្រុស ២នាក់ បានភៀសខ្លួនមកាន់ប្រទេសកម្ពុជា ក្នុងអំឡុងទសវត្សរ៍៦០។ ការភៀសខ្លួនមកកាន់កម្ពុជា គឺដើម្បីកេចពីសង្គ្រាមរវាង វៀតណាមខាងត្បូង និងខាងជើង។ ជាពិសេសក្រោយពេលស្វាមី របស់លោកយាយ រងរបួសក្នុងសង្គ្រាមនោះ។
លោកយាយ លួង ចាន់ ដែលបច្ចុប្បន្នមានជន្មាយុជាង ៨០ឆ្នាំហើយនោះ បានរំលឹកថា ដើម្បីភៀសចូលខ្លួនមកកាន់ប្រទេសកម្ពុជាបាននាពេលនោះ ស្វាមីរបស់លោកយាយ ត្រូវបួសជាសង្ឃបន្លំអាជ្ញាធរយួន ទើបអាចឡើងមកកម្ពុជាបាន។
លោកយាយ បានរំលឹកទៀតថា ក្រោយពេលភៀសខ្លួនមកដល់កម្ពុជា លោកយាយ និងស្វាមី ព្រមទាំងកូនតូច បានរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតមួយរយៈនៅរាជធានីភ្នំពេញ ក្រោយមកក៏ផ្លាស់ទៅរស់នៅក្នុងខេត្តពោធិ៍សាត់។ លុះមុនពេលរបបប្រល័យពូជសាសន៍ ប៉ុល ពត ចូលមកដល់លោកយាយ និងស្វាមី ព្រមទាំងកូនៗ ក៏បានផ្លាស់ទៅរស់នៅភូមិសង្គម ដែលជាភូមិមួយស្ថិតក្នុងឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។
ខេត្តក្រចេះ ជាទឹកដីដែលលោកគ្រួសារលោកយាយ លួង ចាន់ ក៏ដូចជាពលរដ្ឋខ្មែរដទៃទៀត ត្រូវរឿងរ៉ាវដ៏ជូរចត់នៅក្នុងគ្រួសារ ក្រោមការត្រួតត្រារបស់ខ្មែរក្រហម។ ជីវិតគ្រួសារលោកយាយ លួង ចាន់ មិនត្រឹមតែលំបាកដោយការអត់អាហារ ឬធ្វើការដ៏ទារុណនោះទេ។ អ្វីដែលកាន់តែខ្លោចផ្សារបំផុតនោះ នៅក្នុងរបបនេះគ្រួសារលោកយាយ ត្រូវបានគេចោទថា «យួន» ហើយលោកយាយ និងស្វាមី ត្រូវបានគេចាប់យកទៅដាក់ពន្ធនាគារ។ ការចោទថា «យួន» នេះ ក៏ព្រោះតែខ្មែរក្រោមដូចគ្នា រាយការណ៍ទៅកាន់អង្គការថាគ្រួសារគាត់ គឺជា «យួន»។
លោកយាយមានវ័យជាង ៨០ឆ្នាំទៅហើយ តែរឿងរ៉ាវប្រវត្តិដ៏ឈឺចាប់ និងជូរចត់ក្នុងជីវិតនេះ នៅតែចងចាំយ៉ាងច្បាស់សម្រាប់លោកយាយ។ លោកយាយ បានរៀបរាប់ក្នុងបទសម្ភាសន៍ជាមួយ Fresh News ថា លោកយាយ បានគុកខ្មែរក្រហមនៅគោកក្តួច ក្នុងស្រុកសំបូរអស់រយៈពេលប្រមាណពីរឆ្នាំ ទើបគេដោះលែង។ ក្នុងពេលជាប់គុកនោះ លោកយាយត្រូវបានគេដាក់ខ្នោះអស់រយៈពេលជាងមួយខែ ជាមួយការបង្អត់អាហារ និងធ្វើទារុណកម្មនានាជាច្រើន។
លោកយាយ បានរំលឹកថា ក្នុងអំឡុងពេលជាប់គុកនោះ ថ្នាក់ដឹកនាំតំបន់នោះ បានសាកល្បងលោកយាយជាច្រើនដង ដើម្បីចង់ដឹងថាលោកយាយជាភាសា «យួន» ឬអត់? ពួកគេបានព្យាយាមនិយាយភាសា «យួន» ដាក់លោកយាយ ដើម្បីឱ្យគាត់ឆ្លើយតប។ ជាអ្នកធ្លាប់រស់នៅខ្មែរក្រោម គ្រប់គ្រងដោយយួន លោកយាយ លួង ចាន់ ចេះស្តាប់ និងនិយាយ ភាសាយួន តែលោកយាយមិនបានឆ្លើយតប នឹងថ្នាក់គ្រប់គ្រងតំបន់ របស់ខ្មែរក្រហមនាពេលនោះឡើយ។ លោកយាយដឹងថា នោះជាការសាកល្បង បើលោកយាយនិយាយ គឺគេនឹងសម្លាប់ចោល។
ក្រោពេលការសាកល្បងអស់ជាច្រើនលើក ថ្នាក់គ្រប់គ្រងតំបន់ ក៏បានដោះលែងលោកយាយវិញ បន្ទាប់ពីជាប់គុកអស់ រយៈពេលប្រមាណជាពីរឆ្នាំ។
អាចរាប់ថា ទឹកដោះម្តាយ ឬជីវិតថ្លៃ បន្ទាប់ពីការពិសោធន៍ និងដាក់ពន្ធនាគារអស់រយៈពេលពីរឆ្នាំលោកយាយ លួង ចាន់ បានរួចខ្លួនសល់ជីវិតពីការចោទប្រកាន់ថា «យួន» នោះ។ ប៉ុន្តែស្វាមីរបស់លោកយាយមិនមានសំណាងសល់ជីវិតជួបជុំប្រពន្ធកូននោះឡើយ។ ស្វាមីលោកយាយ ត្រូវបានខ្មែរក្រហមវាយសម្លាប់ ព្រោះតែការចោទប្រកាន់ថាជា «យួន»។ នេះជារឿងដ៏សែនសោកសៅ និងជូរចត់មិនអាចបំភ្លេចបានឡើយនៅក្នុងជីវិតរបស់លោកយាយ។
បើតាមការរំលឹករបស់លោកយាយ ការស្លាប់របស់ស្វាមី គឺជាភាពក្តុកបំផុត តែក្នុងពេលនោះលោកយាយមិនហ៊ានសម្តែង ការសោកសៅនោះឡើយ។ បើសម្តែងការសោកសៅលោកយាយ ក៏អាចនឹងត្រូវគេយកទៅសម្លាប់ផងដែរ។
ការធ្វើទារុណកម្ម ការបាត់បង់ស្វាមី គឺជាការចងចាំមួយមិនអាចបំភ្លេច បានសម្រាប់លោកយាយ លួង ចាន់ ក្នុងអំឡុងពេលជាប់គុកខ្មែរក្រហម នោះ។ ក្រៅពីនោះ ការអត់អាហារ ការស្រេកឃ្លានក្នុងពេលជាប់គុកនោះ ក៏ជាការចងចាំមួយផងដែរនៅក្នុងជីវិត។ លោកយាយបានរំលឹកថា ព្រោះតែការអត់ឃ្លានសូម្បីតែជន្លេន និងដង្កូវក៏ត្រូវបរិភោគដែរ។
ការដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមចលនាតស៊ូរបស់កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដោយនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម និងសម្តេច ហ៊ុន សែន បានធ្វើឱ្យលោកយាយ លួង ចាន់ និងកូនប្រុសពីរនាក់ រស់រៀនមានជីវិត ដូចប្រជាពលរដ្ឋខ្មែរដ៏ដទៃផងដែរ។ លោកយាយបានមើលឃើញថា បើគ្មានការរំដោះនេះទេ ទាំងជីវិតលោកយាយ កូនប្រុសទាំងពីរ ក៏ដូចជាប្រជាពលរដ្ឋដទៃទៀត ប្រហែលមិនអាចសល់ជីវិតនោះឡើយ។
មកដល់ពេលនេះរបបខ្មែរក្រហម ត្រូវបានកម្ចាត់ មេដឹកនាំខ្មែរក្រហមបានស្លាប់ និងកាត់ទោសហើយដែរ។ ប៉ុន្តែការឈឺចាប់ ទុក្ខសោកវេទនាក្នុងរបបដ៏ព្រៃផ្សៃនោះ នៅតែដក់ជាប់ជាមួយលោកយាយ លួង ចាន់ ទោះបីគាត់សុំសីលរំងាប់ អារម្មណ៍ និងមានអាយុកាន់តែចាស់ហើយក្តី។ អ្វីដែលលោកយាយចងចាំមិនអាចបំភ្លេច និងឈឺចាប់បំផុតនោះ គឺការដែលគេរាយការណ៍ចោទលោកយាយ និងគ្រួសារថាជា «យួន»។
រយៈពេលប្រមាណ ៤៤ឆ្នាំ ក្រោយការដួលរលំនៃរបបខ្មែរក្រហម សង្គមកម្ពុជាមានការរីកចម្រើនប្រែមុខប្រែមាត់យ៉ាងខ្លាំង ក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។ កម្ពុជាបានប្រែក្លាយពីប្រទេសក្រីក្រ មកជាប្រទេសមានចំណូលមធ្យមកម្រិតទាបនាពេលបច្ចុប្បន្ន, ប្រជាពលរដ្ឋមានជីវភាពរស់នៅកាន់តែប្រសើរ មានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើសកម្មភាពនានាក្រោមបន្ទាត់នៃច្បាប់, ការសិក្សាអប់រំត្រូវបានលើកកម្ពស់, ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពានត្រូវបានសាងសង់ឡើងខ្វែងខ្វាត់ប្រទាក់ក្រឡាពីរាជធានី រហូតដល់ជនបទ, បណ្តាញអគ្គិសនី ប្រព័ន្ធទឹកស្អាត ក៏ត្រូវបានរៀបចំ និងចែកចាយនៅទូទាំងប្រទេស។ មិនត្រឹមការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើឱ្យកិត្យានុភាពជាតិ ត្រូវបានលើកកម្ពស់ និងល្បាញល្បីទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។
មិនខុសពីប្រជាពលរដ្ឋដទៃទៀតនោះឡើយ លោកយាយ លួង ចាន់ បានពេញចិត្ត និងរីករាយ ចំពោះការបានឃើញសង្គមជាតិ បានរីកចម្រើន និងលូតលាស់បែបនេះ។
មិនត្រឹមតែស្វាមីនោះទេ តែសាច់ញាតិមួយចំនួនទៀតរបស់លោកយាយ លួង ចាន់ ក៏ត្រូវបានសម្លាប់នៅក្នុងរបបខ្មែរក្រហមផងដែរ។ លោកយាយមិនចង់ឃើញក្តីវេទនា ការឈឺចាប់ ការព្រាត់ប្រាស់ដូចក្នុងរបបខ្មែរក្រហមវិលត្រឡប់មកវិញនោះឡើយ។ លោកយាយអំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាគាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីធានារក្សាបានសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីករាយដូចពេលបច្ចុប្បន្ន៕