(វ៉ាស៊ីនតោន)៖ លោក Nate Thayer អ្នកកាសែតអាមេរិកម្នាក់ ដែលបានធ្វើបទសម្ភាសន៍ជាមួយមេដឹកនាំប្រល័យពូជសាសន៍ខ្មែរក្រហម ប៉ុល ពត ក្នុងឆ្នាំ១៩៩៧ បានទទួលមរណភាព ក្នុងអាយុ៦២ឆ្នាំ។ នេះបើតាមការឱ្យដឹងពីគ្រួសាររបស់ លោក Nate Thayer នៅថ្ងៃពុធសប្ដាហ៍នេះ។

លោក Nate Thayer បានទទួលមរណភាព​ នៅឯគេហដ្ឋានរបស់លោក ក្នុងទីក្រុង Falmouth រដ្ឋ Massachusetts សហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ ក្រុមគ្រួសារលោក Thayer បានគូសបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោកមានជំងឺជាច្រើន ហើយបានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរអស់រយៈពេលជាច្រើនខែមកហើយ។

លោក Thayer បានចំណាយពេលជាច្រើនឆ្នាំ ក្នុងការរាយការណ៍ព័ត៌មានពីនយោបាយកម្ពុជា និងសង្គម ក្នុងនោះរួមមានទាំងរបបខ្មែរក្រហមផងដែរ ដែលបានកាប់សម្លាប់រង្គាលមនុស្សច្រើនជាងមួយលាននាក់ នៅចន្លោះពីឆ្នាំ១៩៧៥ ដល់ ឆ្នាំ១៩៧៩។

លោក Thayer បានចាប់ផ្ដើមការងារដំបូងជាអ្នកកាសែតបម្រើការឱ្យទីភ្នាក់ងារសារព័ត៌មាន Associated Press នៅឆ្នាំ១៩៨៩ និងកាសែត រួមទាំងទស្សនាវដ្ដីមួយចំនួនទៀតដូចជា Phnom Penh Post និង Far Eastern Economic ជាដើម។ នៅអន្លង់វែង ក្នុងឆ្នាំ១៩៩៧ លោកបានធ្វើបទសម្ភាសន៍ជាមួយ ប៉ុល ពត ដែលមិនបានជួបអ្នកកាសែតណាម្នាក់អស់ពេលជាង២ទសវត្សរ៍៕