(បន្ទាយមានជ័យ)៖ ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង​១០យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ នៅតាមផ្លូវជាតិ​លេខ៦ ត្រង់ចំណុចភូមិព្រៃមាន់ ឃុំរហាល ស្រុកព្រះ​នេត្រ ខេត្តបន្ទាយមានជ័យ បង្កឲ្យបុរសវ័យកណ្តាល ម្នាក់បើកម៉ូតូទៅបុក និងរថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យស្លាប់ភ្លាម នៅកន្លែងកើតហេតុតែម្តង អ្នកបើករថយន្តចុះ​គេចខ្លួនបាត់​ស្រមោលតែម្តង។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថ ស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនរងគ្រោះមាន​ឈ្មោះ អន សារ៉ាន់ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅក្នុង ភូមិបន្ទាយកងពលលេខ៥១ ក្នុងភូមិភ្នំជញ្ជាំង ឃុំជប់វ៉ារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។ លោកបន្តថា មុនពេលកើតហេតុនោះមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីមC125 បិតតែមឆ្នាំ 2005 គ្មានស្លាកលេខ​បើកមកពីកើតទៅលិច ក្នុងល្បឿនលឿនពេលបើកមកដល់ចំណុច កើតហេតុ ដោយសារតែមេឃងងឹតពេក មើលផ្លូវមិនឃើញស្រាប់តែ បានទៅបុករថយន្តមិនស្គាល់ ម៉ាក និងអត្តញ្ញាណដែលកំពុង​បើកពីខាងមុខក្នុងទិសដៅស្របគ្នាពេញមួយ​ទំហឹងបណ្តាលឲ្យអ្នក​បើកម៉ូតូស្លាប់ភ្លាមៗ​មួយរំពេច នៅកន្លែងកើតហេតុតែម្តង​ចំណែកម៉ូតូខូច​ខាតធ្ងន់។ រីឯវត្ថុតាងមានរថយន្ត និងម៉ូតូជនរងគ្រោះត្រូវបាន​សមត្ថកិច្ចយកទៅរក្សាទុក​នៅអធិការដ្ឋាន​នគរបាលស្រុក​ព្រះនេត្រព្រះ ដើម្បីស្រាវជ្រាវស្វែង​រកម្ចាស់រថយន្ត​ដើម្បីយក​មកដោះស្រាយ​តាមនិតិវិធីច្បាប់៕