(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតី បើកបវេសនកាលឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
បន្ទាប់ពីលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ឡើងអានសារលិខិតសម្តេចតេជោ ហ៊ុន សែន ជូនដល់អង្គពិធីបានស្តាប់ និងជ្រួតជ្រាបយល់ពីអត្ថន័យរួចមក លោកបណ្ឌិត បានសំណេះសំណាល ព្រមទាំងធ្វើការសំណូមពរដល់ឪពុកម្តាយ អាណាព្យាបាលសិស្សជួយលើកទឹកចិត្តអប់រំកូនចៅ ឲ្យខិតខំរៀនសូត្រ ឲ្យបានចប់វិទ្យាល័យ និងបន្តការសិក្សាបញ្ចប់ថ្នាក់ឧត្តមសិក្សា ព្រោះចំណេះដឹងជាគុណតម្លៃ សម្រាប់មនុស្សគ្រប់រូប សំដៅឈានទៅចូលរួមការអភិវឌ្ឍប្រទេសជាតិ និងការអភិវឌ្ឍសង្គមគ្រួសារ ចំណេះដឹងវាមានអត្ថប្រយោជន៍ខុសគ្នា អ្នកដែលមានចំណេះដឹងទទួលបានអត្ថប្រយោជន៍ នៅក្នុងសង្គមកាន់តែខ្ពស់។
ស្ថិតក្នុងឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវឲ្យលោកគ្រូអ្នកគ្រូ និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាពនេះ ឲ្យបានជ្រួតជ្រាប ដល់សិស្សានុសិស្សគ្រប់ភូមិសិក្សា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មីប្រកបដោយការរីកចម្រើនលើគ្រប់វិស័យ។ ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀនដែលមានគ្រូបង្រៀន «គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ»។
លោកបណ្ឌិត បន្តថា មាតាបិតាឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួន ឲ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងគ្រួសារ និងជួយពង្រឹងឲ្យកូន-ចៅខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្លៃថ្នូរ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ ៕