(កំពង់ធ)៖ លោក សុក ហៃ អភិបាលរងខេត្ត និងលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្តកំពង់ធំ រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំត្រៀមការងារ រៀបចំពិធីបុណ្យជាតិ៧មករា ឆ្នាំ២០២៣ ដើម្បីឲ្យមានសណ្តាប់ធ្នាប់ ប្រកបដោយសុវត្ថិភាព និងមានអនាម័យជូនបងប្អូនប្រជាពលរដ្ឋ ដែលមកទស្សនានៅលើទឹកដីខេត្តកំពង់ធំ ដែលប្រារព្ធនៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេនសួនដងស្ទឹងសែន។
លោក សុក ហៃ បានថ្លែងថា ដើម្បីប្រារព្វពិធីបុណ្យជាតិ០៧មករា ប្រកបដោយជោគជ័យ រដ្ឋបាលខេត្តកំពង់ធំ បានផ្សព្វផ្សាយទូលំទូលាយដល់មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ដើម្បីសហការគ្នា ក្នុងការរៀបចំធ្វើសកម្មភាពឱ្យមានដំណើរការល្អប្រកបដោយគុណភាពខ្ពស់។ សម្រាប់អ្នកនិវត្តន៍ជនចំនួន២៥០នាក់ គឺរដ្ឋបាលខេត្តកំពង់ធំ បានរៀបចំជាអំណោយជូនដល់ពួកគាត់ ក្នុងការលើកទឹកចិត្តដែលពួកគាត់ ដែលបានតស៊ូនិងជួយសង្គមជាតិ ឲ្យមានការរីកចម្រើនដល់សព្វថ្ងៃផង។
លោកបានបន្តទៀតថា ចំពោះការដាក់កង់ម៉ូតូនិងឡាន ត្រូវរៀបចំសណ្តាប់ធ្នាប់ដាក់ឲ្យមានរបៀបរៀបរយ ដើម្បីនឹងជួយការពារដោយសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលខុសត្រូវ របស់កម្លាំងនគរបាល។ សូមឲ្យមានធុងសំរាមគ្រប់ទីកន្លែង ដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋ ក្នុងការទុកដាក់ឲ្យមានអនាម័យ។ សម្រាប់ការរៀបចំប្រព័ន្ធអគ្គិសនី ត្រូវតុបតែងឲ្យបានល្អស្រស់បំព្រងដើម្បីទាក់ទងភ្ញៀវជាតិនិងអន្តរជាតិមកកំសាន្ត ចំពោះមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈត្រូវតែរៀបចំឲ្យមានក្រុមតន្ត្រីត្រូវ មានរបាំជូនពរសម្រាប់មកសម្ដែងក្នុងកម្មវិធីខាងមុខនេះ។
លោកក៏បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ត្រូវរៀបចំអនាម័យតាមដងស្ទឹង និងសំអាតជាប្រចាំ គ្រប់មន្ទីរទាំងអស់ត្រូវតែរៀបចំដាក់បដា ទង់ជា្វលាឲ្យបានច្រើន សម្រាប់ក្រុងស្ទឹងសែន សូមសំណូមពរ ឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រៀបចំចងទង់ជាតិនៅតាមមុខផ្ទះឲ្យបានគ្រប់ៗគ្នានៅតាមដងផ្លូវ៕