(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ រួមទាំង អភិបាលរងខេត្ត និងមន្ទីរអប់រំខេត្ត នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សានុសិស្សប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២២ ដែលជាប់និទ្ទេស A ទាំង២៩នាក់ នៅក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងអាណាព្យាបាលសិស្ស និងលោកនាយកសាលា នៅសាលប្រជុំ (ក) សាលាខេត្ត។
ក្នុងឱកាសនោះ លោកបណ្ឌិត អភិបាលខេត្ត បានផ្តល់ជូននូវកុំព្យូទ័រយួរដៃ ដល់សិស្សជាប់និទ្ទេសAទាំង២៩នាក់ ក្នុងម្នាក់១គ្រឿង ព្រមទាំងថវិកា ជាមួយគ្នានោះអាណាព្យាបាលសិស្ស និងនាយកសាលាទាំង១៣ ដែលប្អូនៗក្មួយសិក្សារៀនសូត្រ ទទួលបានថវិកាលើកទឹកចិត្តមួយចំនួនផងដែរ ដែលទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីជាការលើកទឹកចិត្តដែលសិស្សានុសិស្សៗ អាណាព្យាបាល និងនាយកសាលា ដែលតែងតែខិតខំប្រឹងប្រែងបង្រៀនដល់ក្មួយៗ ក្នុងការសិក្សារៀនសូត្រ ដោយប្រឡងបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ព្រមទាំងទទួលបាននិទ្ទេសAថែមទៀតនោះ ដែលជាកិត្តិយសសម្រាប់ខ្លួនឯង ក្រុមគ្រួសារ និងប្រជាជនក្នុងខេត្តត្បូងឃ្មុំទាំងមូល។
ស្ថិតក្នុងឱកាសនោះដែរ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានថ្លែងថា សុខសន្តិភាព គឺជាកត្តាចម្បង ដែលធ្វើឲ្យសិស្សានុសិស្សរបស់យើង មានឱកាសគ្រប់គ្រាន់ដើម្បីសិក្សា ក្លាយទៅជាសិស្សពូកែ ដែលប្រឡងជាប់និទ្ទេសល្អយ៉ាងច្រើននាពេលនេះ។
បន្ថែមពីនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណដល់លោកគ្រូអ្នកគ្រូដែលខិតខំបង្រៀនសិស្ស ព្រមទាំងមាតាបិតាដែលជួយជំរុញ និងទំនុកបំរុងកូនៗរបស់ខ្លួន រហូតសម្រេចលទ្ធផលដ៏ល្អនេះថ្ងៃនេះ។
លោកបណ្ឌិត ក៏បានថ្លែងការកោតសរសើរចំពោះសិស្សានុសិស្សទាំងអស់ដែលខិតខំសិក្សារៀនសូត្រ ជាពិសេសផ្ដល់នូវគន្លឹះសំខាន់ៗមួយចំនួនសម្រាប់បន្តទៅថ្នាក់បរិញ្ញាបត្រនៅឯមហាវិទ្យាល័យ និងសាកលវិទ្យាល័យនានា ក្នុងនោះមាន៣ចំណុចសំខាន់ គឺត្រូវមានចំណេះជំនាញ ភាសា និងកុំព្យូទ័រ ក៏ដូចជាលើកទឹកចិត្តដល់សិស្សដែលប្រលងធ្លាក់ ត្រូវបង្កើនការខិតខំប្រឹងប្រែង ដើម្បីទទួលបានជោគជ័យនៅឆ្នាំក្រោយ។
បើតាមរបាយការណ៍របស់លោក អ៊ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា នាឆ្នាំសិក្សា២០២១-២០២២ នៅក្នុងខេត្តត្បូងឃ្មុំ មានបេក្ខជនមកប្រឡងសរុប ៤,៨១០ នាក់ ក្នុងនោះនិទ្ទេសA សរុបចំនួន២៩នាក់ ស្រី២១នាក់ និទ្ទេសB សរុប២៦៨នាក់ ស្រី១៦៩នាក់ និទ្ទេសC សរុប៧៨១នាក់ ស្រី៤៨៩នាក់ និទ្ទេស D សរុប១,២៩៧នាក់ ស្រី៧៩៤នាក់ និទ្ទេស E សរុប១,២៤៩នាក់ ស្រី៦៨៧នាក់ និងបេក្ខជនប្រឡងធ្លាក់សរុប១,១៨៦នាក់ ស្រី៥៦៤នាក់៕