(ភ្នំពេញ)៖ លោកស្រី ស៊ូ ហ្សូលីដា ត្រូវជាភរិយាលោក គឹម សិរីវុឌ្ឍ ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចប្រើប្រាស់ថវិកាមួយចំណែកទទួលបានពីចំណងដៃអាពាហ៍ពិពាហ៍កាលពីខែធ្នូ ឆ្នាំ២០២២ ដើម្បីរៀបចំកម្មវិធីប្រកួតប្រជែងអាហារូបករណ៍ជ្រេីសរេីសយុវជនឆ្នើម ៤០ នាក់ ចូលរួមវគ្គបណ្តុះបណ្តាល «ជំនាញទសវត្សរ៍ទី២១ ឆ្ពោះទៅភាពជោគជ័យ» ស្តីពីជំនាញទន់រួមមានផ្នែកភាពជាអ្នកដឹកនាំ ទំនាក់ទំនង ចរចា។
ក្នុងចំណោម ៤០ នាក់នេះ យុវជនឆ្នើមដែលទទួលបានលទ្ធផលសិក្សាល្អជាងគេ ១០នាក់ ក្នុងវគ្គបណ្តុះបណ្តាលនេះនឹងទទួលបានកុំព្យូទ័រ Microsoft Surface Laptop 3 (RAM 16GB, hard disk size 256GB, ទំហំ 15 អ៊ីញ) ម្នាក់មួយៗ សម្រាប់ប្រើប្រាស់ក្នុងការសិក្សាស្រាវជ្រាវ។
បន្ថែមពីនេះ យុវជន ដែលត្រូវបានជ្រេីសរេីសក្នុងវគ្គជម្រុះ ក៏នឹងទទួលបានការឧបត្ថម្ភការសិក្សាតាមអនឡាញលើវគ្គសិក្សាជំនាញផ្នែក Digital Marketing, Graphic Design និង Information Technology រួមជាមួយនឹងការប្រឹក្សា ស្តីពីការស្វែងរកការងារធ្វើដែលសក្តិសមនឹងសមត្ថភាពរបស់ខ្លួនផងដែរ។
ដើម្បីដាក់ពាក្យប្រកួតប្រជែង អ្នកអាចដាក់ពាក្យតាមរយៈទំព័រហ្វេសប៊ុក Jolyda Sou https://www.facebook.com/jolydasou289?mibextid=LQQJ4d អោយបានមុនថ្ងៃទី ១៤ ខែមករា ២០២៣ ម៉ោង១១យប់។
គួររំលឹកថាលោកស្រីបានឧបត្ថម្ភអាហារូបករណ៍ដល់សិស្សនិស្សិត ២៥ នាក់ ពីមុនរួចម្តងហើយស្តីពីការសិក្សាផ្នែក Digital Marketing, Graphic Design និង Information Technology។ លោកស្រីក៏ជាអតីតនិស្សិតអាហារូបករណ៍ Fulbright របស់រដ្ឋាភិបាលអាមេរិក និងជាស្ថាបិក Project Inspire ផងដែរ ហើយតែងតែដឹកនាំកិច្ចការងារយុវជនជាប្រចាំ។
លោកស្រីបានបន្ថែមថា «ពួកយើងរីករាយក្នុងការចូលរួមចំណែកលើកស្ទួយសមត្ថភាពយុវជនផ្នែកជំនាញទន់និងផ្នែកបច្ចេកវិទ្យា និងផ្តល់ជំនួយដល់យុវជនដែលខ្វះលទ្ធភាព ដើម្បីការអភិវឌ្ឍប្រទេសជាតិយើងនៅក្នុងឧស្សាហកម្ម ៤.០»៕