(ភ្នំពេញ)៖ លោកស្រី អ៊ួង សុផល្លា ភរិយាលោក ឃ្លាំង ហួត ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី, អភិបាលរងរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារគណបក្ស ចុះជួយខណ្ឌជ្រោយចង្វារ និងលោកស្រី កែវ ច័ន្ទ ស៊ុនណារី ជំនួយការសម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចាស់ជរា ស្រ្តីមេម៉ាយ សង្កាត់កោះដាច់ និងសង្កាត់បាក់ខែង ចំនួន៤០គ្រួសារ។

ក្នុងឱកាសនោះ លោកស្រី អ៊ួង សុផល្លា បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ, សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត និងថ្នាក់ដឹកនាំទាំងអស់ ព្រមទាំងការគិតគូរយកចិត្តទុកដាក់ ចំពោះសុខទុក្ខប្រជាពលរដ្ឋ, និងបានសំណូមពរ សូមឲ្យបងប្អូនមានការយកចិត្តទុកដាក់ ថែទាំសុខភាពប្រុងប្រយ័ត្នជានិច្ច ចំពោះជំងឺកូវីដ១៩។

លោកស្រី អ៊ួង សុផល្លា ក៏បានប្រាប់ដល់ប្រជាពលរដ្ឋ សូមទៅចាក់ថ្នាំដូសទី៥ ឲ្យបានគ្រប់គ្នា ណែនាំកូនចៅឲ្យជៀសឆ្ងាយពីល្បែងស៊ីសង និងគ្រឿងញៀនផ្សេងៗ ពិសេសគោរពច្បាប់ចរាចរណ៍ កុំឲ្យមានគ្រោះថ្នាក់។

ជាមួយគ្នានោះដែរ លោកស្រី អ៊ួង សុផល្លា បានឧបត្ថម្ភអំណោយ ក្នុង១គ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម ជាអំណោយរបស់សម្តេចតេជោ សរុប១,០០០គីឡូក្រាម និងថវិកា៥០,០០០រៀល, មី១កេស ជាថវិការបស់លោក ឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា សរុបថវិកា២,០០០,០០០រៀល។

ក្នុងឱកាសនោះផងដែរ លោកស្រី អ៊ួង សុផល្លា បានឧបត្ថម្ភដល់ប្រជាការពារសង្កាត់កោះដាច់ ចំនួន៦០នាក់ ក្នុងម្នាក់ៗទទួលបាន១០,០០០រៀល សរុបប្រាក់៦០០,០០០រៀល៕