(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង និងជាទីប្រឹក្សាក្រសួងសុខាភិបាល បានលើកឡើងថា អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ បានកំពុងតែបម្រើសេវាពិនិត្យព្យាបាលអ្នកជំងឺយ៉ាងច្រើនក្នុងមួយថ្ងៃៗ ខណៈអ្នកជំងឺបានមកទទួលសេវាពិនិត្យសុខភាពទូទៅ ប្រមាណពី១,៣០០នាក់ ទៅ១,៧០០នាក់ ក្នុងមួយថ្ងៃ។

ការថ្លែងដូច្នេះរបស់លោកសាស្ដ្រាចារ្យ ក្នុងឱកាស ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) លោក នោ ហ្យន់ជូន (RHO Hyunjun) និងលោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការ គណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យសមិទ្ធផលនានា នៃមន្ទីរពេទ្យ និងដំណើរការអគារត្រចៀកច្រមុះបំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ។

នាយកមន្ទីរពេទ្យព្រះអង្គឌួងបានថ្លែងបន្ដថា «មន្ទីរពេទ្យយើងតែងតែប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ និងប្រសិទ្ធភាពជូនអ្នកជំងឺ ដោយធ្វើយ៉ាងណាប្រឹងប្រែងឱ្យអស់ពីលទ្ធភាព បម្រើសេវាសុខភាពជូនប្រជាពលរដ្ឋ មិនឱ្យមានការថ្នាំងថ្នាក់ ជាពិសេសពេលវេលា និងពាក្យសំដី។ លើសពីនោះយើងមិនទុកអ្នកជំងឺចោលនោះឡើយ អ្នកជំងឺមកច្រើនយ៉ាងណាក៏ដោយ យើងនៅតែបន្ដពិនិត្យព្យាបាលពួកគាត់ទាល់តែអស់ ខណៈអ្នកជំងឺមិនក្រោមជាង១០០នាក់ទេ ដែលត្រូវវះកាត់ និងពិនិត្យព្យាបាលទូទៅប្រមាណពី ១,៣០០-១,៧០០នាក់នៅក្នុងមួយថ្ងៃ» ។

ជាងនេះទៅទៀត គ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង បានចាត់ទុកអ្នកជំងឺ ដូចជាគ្រួសារតែមួយ ព្យាបាលមើលថែ យ៉ាងយកចិត្ដទុកដាក់។ ដូច្នេះដើម្បីកាន់តែទទួលបានសេចក្ដីទុកចិត្ដ និងប្រសិទ្ធភាពនៃការព្យាបាល យើងតែងតែពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យរបស់យើង តាមរយៈការបណ្ដុះបណ្ដាលនានា ពិសេសការផ្លាស់ប្ដូរបទពិសោធ៍ការងារទៅវិញទៅមក ជាមួយបណ្ដាប្រទេសជាដៃគូ។ ក្រៅពីនោះគឺបំពាក់នូវសម្ភារៈបរិកា្ខរទំនើបៗ ដើម្បីឱ្យមន្ទីរពេទ្យព្រះអង្គឌួង ជាមន្ទីរពេទ្យទំនើបកម្មមួយផងដែរ។ នេះបើតាមការបញ្ជាក់របស់លោកសាស្ដ្រាចារ្យ លី លូឃាង។

លោកសាស្ដ្រាចារ្យបានគូសបញ្ជាក់ថា បន្ទាប់ពីដាក់ដំណើរការអគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ មន្ទីរពេទ្យកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋកាន់តែប្រសើរផងដែរ។

អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ បានសម្ពោធដាក់ដំណើរការជាផ្លូវការ នៅខែមីនា ឆ្នាំ២០២២ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត ផាក ហ៉ឹងក្យុង ឯកអគ្គរាជទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា ដែលបានប្រសូត្រចេញមកពីផ្លែផ្កានៃ «គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឍមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង»

រយៈពេលបួនឆ្នាំ បន្ទាប់ពីការចុះហត្ថលេខាលើកំណត់ត្រា នៃកិច្ចពិភាក្សា (RoD) លើ«គម្រោងការកសាងសមត្ថភាពសម្រាប់មជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៅមន្ទីរពេទ្យព្រះអង្គឌួង» រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានប្រគល់អគារជំងឺត្រចៀក ច្រមុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលមានតម្លៃសរុបក្នុងគម្រាងទាំងមូល ៨លានដុល្លារអាមេរិក ដល់រដ្ឋាភិបាលកម្ពុជា។ អគារជំងឺត្រចៀក ច្រមុះ បំពង់ក ត្រូវបានបង្កើតឡើងដើម្បីផ្តល់ការព្យាបាលឯកទេសសម្រាប់អ្នកដែលមានបញ្ហាត្រចៀក ច្រមុះ និងបំពង់ក។

អគារនេះមានកម្ពស់ប្រាំជាន់បំពាក់ដោយឧបករណ៍ទំនើបសម្រាប់ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការវះកាត់ ត្រូវបានសាងសង់នៅក្នុងបរិវេណមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីជួយកែលម្អសេវាវេជ្ជសាស្រ្តនៅក្នុងមន្ទីរពេទ្យនេះ។ អគារជំងឺត្រចៀក ច្រមុះ បំពង់កថ្មីនេះ មានទំហំសរុប ៤,១៧៧.៩៤ម៉ែត្រការ៉េ មានគ្រែសរុបចំនួន ១២៨គ្រែ រួមមាន៖ ផ្នែកពិនិត្យពិគ្រោះជំងឺក្រៅ បន្ទប់វះកាត់ បន្ទប់ក្រោយវះកាត់ និងបន្ទប់សង្គ្រោះបន្ទាន់។

ក្រៅពីការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សមត្ថភាពរបស់វេជ្ជបណ្ឌិតឯកទេស និងបុគ្គលិក ត្រូវបានធ្វើឱ្យប្រសើរឡើងតាមរយៈការផ្តល់នូវកម្មវិធីបណ្តុះបណ្តាលក្នុងសេវាកម្ម និងការផ្ទេរចំណេះដឹងកម្រិតខ្ពស់ និងការចែករំលែកបទពិសោធន៍ពីវេជ្ជបណ្ឌិតកូរ៉េផងដែរ៕