(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ចំពោះការផ្តល់វ៉ាក់សាំង Pfizer ជិត៣លានដូស និងម៉ាស៉ីនបង្កកដើម្បីរក្សាទុកវ៉ាក់សាំងចំនួន ១៣៣គ្រឿង ក៏ដូចជា ចំពោះជំនួយអភិវឌ្ឍន៍ផ្លូវការនៅក្នុងវិស័យជាច្រើន រួមមាន វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាតមីន និងការអភិវឌ្ឍធនធានមនុស្ស។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបណ្តាញ Fresh News ទទួលបាន។
ថ្លែងនៅចំពោះមុខលោក ផាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្រា្តលីចប់អាណត្តិ ក្នុងអំឡុងពេលដែលលោកឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានកត់សម្គាល់ដោយក្តីរីករាយអំពីនិន្នាការ នៃកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។
លោក ប្រាក់ សុខុន បានសម្តែងនូវសេចក្តីរីករាយចំពោះសន្ទុះដ៏ល្អក្នុងការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់ រួមមាន ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់លោកស្រី ម៉ារីស ផេន (Marise Payne) អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ៍ឯក ចន សេនដឺសុន(John Sanderson) មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការសន្តិភាពនៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃអាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ព្រមទាំងការអញ្ជើញចូលរួមរបស់លោកស្រី ផេននី វង (Penny Wong) រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងលោក អេនថូនី អាល់បានីស៉ី (Anthony Albanese) នាយករដ្ឋមន្ត្រី អូស្ត្រាលី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីឆ្នាំមុន។
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងលោកឯកអគ្គរដ្ឋទូត ផាប្លូ កាង បានសម្តែងការពេញចិត្តចំពោះទំនាក់ទំនងនាពេលបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ជាពិសេស វិស័យពាណិជ្ជកម្មនិងការវិនិយោគ សុខាភិបាល យោធា និងសន្តិសុខ ការអប់រំ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ត្រាលី។
លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏គួរឱ្យស្ងើចសរសើរជាប្រធានអាស៊ានឆ្នាំ២០២២ និងចំពោះការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានស្វាគមន៍ការបញ្ចប់ប្រកបដោយខ្លឹមសារនូវកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្រ្តាលី-នូវែលសេឡង់ ដែលបានលើកកម្ពស់កិច្ចចរចារនានា។
លោក ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការថ្លែងអំណរគុណរបស់លោក ចំពោះការ គាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់អូស្រ្តាលី ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និង លោកឯកអគ្គរដ្ឋទូត ផាប្លូ កាង ក៏បានផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍រួម។
សូមជម្រាបថា នាឱកាសនោះ លោក ប្រាក់ សុខុន ក៏បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូន លោក ផាប្លូ កាង (Pablo Kang) ដើម្បីជាការថ្លែងអំណរគុណចំពោះការរួមចំណែករបស់លោក ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងអូស្រ្តាលី៕