(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានប្រកាសផ្តល់ជូនអាហារូបករណ៍ ១០០ភាគរយ ចំនួន១៥កន្លែង ដល់សិស្សានិសិស្សដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងខេត្តកោះកុង រយៈពេល៤ឆ្នាំ ឱ្យសិក្សានៅសាកលវិទ្យាល័យបញ្ញាជាតិ។
តាមរយៈសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌តមាន Fresh News ទទួលបាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា សម្រាប់អាហារូបករណ៍នេះ សម្រាប់ផ្តល់ជូនកូនៗក្មួយមន្ត្រីសាលាខេត្ត និងសិស្សានុសិស្សទូទាំងខេត្តកោះកុង។
រដ្ឋបាលខេត្ត បានឱ្យដឹងថា សូមសិស្សានុសិស្សទូទាំងខេត្តកោះកុង ដែលបានប្រឡងជាប់សញ្ញាបត្រទុតិយភូមិ ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យបញ្ញាជាតិ សូមមកទំនាក់ទំនងចុះឈ្មោះនៅទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តយ៉ាងយូរត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧៖០០ ជាការបរិច្ឆេទចុងក្រោយ៕