Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ជូនដំណឹង៖ បញ្ចៀសចរាចរចាប់ពីថ្ងៃទី៨-៩ ខែមករា នៅកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីផ្លូវបំបែកផ្សារព្រៃទទឹង ដល់រង្វង់មូលស្គន់ ខេត្តកំពង់ចាម ដោយសាររៀបចំពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧

04-01-2023 17:44

(កំពង់ចាម)៖ រដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា នៅថ្ងៃទី០៩ ខែករា ឆ្នាំ២០២៣ វេលាម៉ោង ៧៖៣០នាទី ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំពិធីបើកការដ្ឋានពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ៧ ជាផ្លូវ៤គន្លង ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅភូមិតាំងគោក ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម (គីឡូម៉ែត្រលេខ៨៦)។

ដើម្បីឱ្យដំណើរការរៀបចំបើកការរដ្ឋាន ប្រព្រឹត្តទៅដោយរលូន ព្រមទាំងបញ្ចៀសការកកស្ទះចរាចរណ៍ និងរក្សាបានសណ្ដាប់ធ្នាប់ របៀបរៀបរយក្នុងពិធី រដ្ឋបាលខេត្តកំពង់ចាម នឹងបញ្ចៀសចរាចរចាប់ពីថ្ងៃទី៨-៩ ខែមករា ឆ្នាំ២០២៣ ចំពោះយានយន្តគ្រប់ប្រភេទ នៅកំណត់ផ្លូវជាតិលេខ៧ ចាប់ពីផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ដល់រង្វង់មូលស្គន់ ឃុំសូទិប ស្រុកជើងព្រៃ តាមតម្រាយផ្លូវ ដូចខាងក្រោម៖

១៖ ចំពោះយានយន្តដែលធ្វើដំណើរពីរាជធានីភ្នំពេញ ចូលមកក្រុងកំពង់ចាម ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចរង្វង់មូលស្គន់ ទៅផ្លូវបំបែកភូមិបាខម ឃុំសំពងជ័យ ស្រុកជើងព្រៃ តាមផ្លូវលេខ៦០ ដល់បំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងត្រូវបង្វែរទិសតាមផ្លូវលេខ២៧០ ត្រង់ផ្លូវបំបែករការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល កាត់តាមស្រុកកងមាស។

២៖ ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ទៅខេត្តកំពង់ធំ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកត្រែង ឃុំអូរស្វាយ ស្រុកកំពង់សៀម ឆ្ពោះទៅផ្លូវលេខ៧១ ស្រុកចំការលើ។

៣៖ ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍តាមផ្លូវលេខ ២៧០ កាត់ស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល។

៤៖ ចំពោះយានយន្តដែលធ្វើដំណើរពីក្រុងកំពង់ចាម ស្រុកចំការលើ ចេញទៅរាជធានីភ្នំពេញ ត្រូវបង្វែរទិសចរាចរណ៍ត្រង់ចំណុចផ្លូវបំបែកផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ទៅផ្លូវលេខ៧០ កាត់តាមស្រុកកងមាស ឆ្ពោះទៅផ្លូវបំបែករការកោង ស្រុកមុខកំពូល ខេត្តកណ្តាល៕