(ភ្នំពេញ)៖ លោក William .A. Heidt បានកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ថាជាប្រទេសនាំមុខគេ ក្នុងវិស័យបោសសម្អាតមីន និងបានដាក់បញ្ចូលវិស័យសកម្មភាពមីននេះ ជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាព ហើយលោក William .A. Heidt ដែលតំណាងឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ក៏បានប្តេជ្ញាគាំទ្ររាជរដ្ឋាភិបាលកម្ពុជា នាពេលខាងមុខ និងបានសន្យាថា នឹងជួយអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ទាំងអស់ ឱ្យបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីននេះ បន្តទៅទៀត ហើយរដ្ឋាភិបាលរបស់លោក នឹងផ្ដល់ជំនួយថវិកាចំនួន១០ម៉ឺនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជាផងដែរ។ ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជាខាងលើនេះ បានធ្វើឡើងពេលជួបពិភាក្សាការងារជាមួយលោកទេសរដ្ឋមន្រ្តី លី ធុជ អគ្គលេខាធិការ អាជ្ញាធរមីន និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ។
លោកទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានប្ដេជ្ញាចូលរួមគាំទ្រសកម្មភាពរបស់អាជ្ញាធរមីន បន្តទៀត ដើម្បីជួយសម្រួលបន្ទុករបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យអាទិភាពនេះ។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក William .A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោកទេសរដ្ឋមន្ត្រីបានឡើកឡើងថា ដោយ សារសង្រ្គាមឥណ្ឌូចិន និងសង្រ្គាមផ្ទៃក្នុង ចាប់ពីទសវត្សទី៦០ដល់៩០ បានបន្សល់ទុកនូវគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមយ៉ាងច្រើន លើសលប់ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសកម្មភាពមីននេះ ជាវិស័យអាទិភាពមួយដ៏សំខាន់ ក្នុងចំណោមអាទិភាពផ្សេងៗទៀត ហើយបានដាក់បញ្ចូលទៅក្នុងគោលដៅទី៩ នៃផែនការអភិវឌ្ឍន៍សហសតវត្សកម្ពុជា និងគោលដៅទី១៨ នៃគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព។ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយធនធាន ថវិកា និងសម្ភារជារៀងរាល់ឆ្នាំ ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីននិងសំណល់ជាតិ ផ្ទុះពីសង្រ្គាម ដើម្បីរំដោះផ្ទៃដីជូនប្រជាពលរដ្ឋ សំដៅកាត់បន្ថយអត្រាគ្រោះថ្នាក់ និងបានរួមចំណែកយ៉ាងធំធេង ក្នុងការកាត់បន្ថយភាព ក្រីក្ររបស់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្រ្តី បានបន្ថែមថា «ក្នុងនាមតំណាងឱ្យសមេ្តចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន ខ្ញុំសូម ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាពលរដ្ឋនៃសហរដ្ឋអាមេរិក ដែលបានគាំទ្រទាំងថវិកា សម្ភារ និងធនធាន ដល់រាជរដ្ឋាភិបាល កម្ពុជា តាមរយៈប្រតិបត្តិករជាតិ និងអន្តរជាតិ ដើម្បីជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាលក្នុងវិស័យសកម្មភាពមីន នៅកម្ពុជា»។
ឆ្លើយតបនឹងការប្តេជ្ញាយ៉ាងមុតមាំ និងការឧបត្ថម្ភថវិកា ខាងលើនេះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក ដែលនឹងផ្តល់ថវិកាដល់អាជ្ញាធរមីន ដើម្បីគាំទ្រអង្គភាពគ្រប់គ្រងទិន្នន័យសកម្មភាពមីន។
លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ក៏ដូចជាដៃគូអភិវឌ្ឍន៍ដទៃទៀត បន្តពង្រឹងកិច្ចសហប្រតិបត្តិការនិងភាព ជាដៃគូអភិវឌ្ឍន៍ បន្ថែមទៀត ក្នុងការរួមចំណែកជួយការងារមនុស្សធម៌នេះ ដើម្បីឲ្យកម្ពុជាអាចធ្វើការបោសសម្អាតមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាម បានជាបន្តទៀត។ ទន្ទឹននឹងនេះ លោកទេសរដ្ឋមន្រ្តី និងលោកឯកអគ្គរដ្ឋទូត បានទទួលស្គាល់អំពីកេរ្តិ៍មរតកដ៏ធ្ងន់ធ្ងរពីសង្រ្គាម និងវិសាលភាពការងារ ចំពោះមុខ ដែលចាំបាច់ត្រូវតែបន្តរួមគ្នា ដោះស្រាយនូវបញ្ហា ដែលនៅសេសសល់ទាំងនោះ៕