(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកឡើងអំពីសច្ចធម៌ប្រវត្តិសាស្ត្រ និងសមិទ្ធផលកសាងជាតិដែលកើតឡើងបន្ទាប់ពីថ្ងៃរំដោះ ៧ មករា ១៩៧៩ ផ្សព្វផ្សាយបញ្ជ្រាបដល់សហជីព ក៏ដូចជាកម្មករនិយោជិតនៅកម្ពុជា។
ការរំលឹកអំពីសច្ចធម៌ប្រវត្តិសាស្ត្រនេះត្រូវបានធ្វើឡើងក្នុងឱកាសលោក អ៉ិត សំហេង អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំសហភាព សហព័ន្ធ សហជីព និងសមាជិក-សមាជិកាប្រមាណ៣០០នាក់ និងជាការចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៣) ដែលរៀបចំនៅមុខទីស្នាក់ការ នៃអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា (CGCU) ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។
នាឱកាសនោះ លោកស្រី ទេព គឹមវណ្ណារី ប្រធានអគ្គសម្ព័ន្ធសហភាពសហជីពកម្ពុជា បានសម្ដែងនូវកតញ្ញូតាធម៌ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិ និងប្រជាជន និងជាមគ្គុទ្ទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានាសម្រេចបានជោគជ័យដ៏ត្រចេះត្រចង់ជូនជាតិ និងប្រជាជន។
លោក អ៉ិត សំហេង បានបញ្ជាក់ថា ថ្ងៃរំដោះនិងទិវាជ័យជម្នះ ៧ មករា គឺជាសច្ចធម៌ប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា ដែលប្រជាពលរដ្ឋគ្រប់រូបបានចាត់ទុកថ្ងៃនេះជាថ្ងៃកំណើតទី២របស់ខ្លួន ពិសេសគឺជាថ្ងៃបើកទំព័រនៃការកសាងប្រទេស កសាងជីវភាពប្រជាជន កសាងសន្តិភាព កសាងហេដ្ឋារចនាសម្ពន្ធនិងសមិទ្ធផលនានាសម្រាប់ជាតិនិងប្រជាជនជាបន្តបន្ទាប់ លើកស្ទួយកិត្យានុភាពជូនជាតិលើឆាកអន្តរជាតិ ដឹកនាំកម្ពុជាទៅរកភាពភ្លឺស្វាង ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា ៧ មករា មិនមែនគ្រាន់តែរំដោះទឹកដី រំដោះជាតិប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាថ្ងៃដ៏សំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតប្រជាជនពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលកាន់កាប់ប្រទេស កាប់សម្លាប់ប្រជាជន អស់រយៈពេល៣ឆ្នាំ៨ខែ២០ថ្ងៃ បណ្ដាលឱ្យប្រជាជនជាង៣លាននាក់ស្លាប់ដោយអយុត្តិធម៌ ព្រមទាំងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធខ្ទេចខ្ទីទៀតផង។
លោកបានបន្តទៀតថា អ្វីដែលជាការចងចាំ និងជាមេរៀនប្រវត្តិសាស្ត្រ គឺចាំបាច់ត្រូវតែរំលឹក ដើម្បីឱ្យទាំងអស់គ្នាខិតខំទប់ស្កាត់អំពើប្រល័យពូជសាសន៍នេះកុំឱ្យកើតឡើងសាជាថ្មី។
លោក អ៉ិត សំហេង បានរំលឹកថា ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ រហូតដល់ដំណាក់កាលថ្មីនេះ ប្រជាជនកម្ពុជាបានទទួលភាពយុត្តិធម៌តាមរយៈការបង្កើតតុលាការកូនកាត់ (រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ) ដែលបានជំនុំជម្រះកាត់ទោសមេដឹកនាំប្រល័យពូជសាសន៍ និងបានបញ្ចប់បេសកកម្មរបស់ខ្លួននាពេលកន្លងទៅ។ អ្វីដែលពិសេសនោះ តុលាការនេះបានទទួលស្គាល់ថា រដ្ឋាភិបាលកម្ពុជាប្រជាធិបតយ្យ គឺបានបង្កើតនូវបនប្រល័យពូជសាសន៍កាប់សម្លាប់ប្រជាជនយ៉ាងព្រៃផ្សៃ។
លោករដ្ឋមន្ត្រីបានអំពាវនាវដល់សហជីពនានានៅកម្ពុជា រួមជាមួយកម្មករនិយោជិតត្រូវចូលរួមទប់ស្កាត់អំពើដ៏ព្រៃផ្សៃនេះកុំឱ្យវិលត្រឡប់មកវិញម្តងទៀតនៅកម្ពុជា និងត្រូវចងចាំនូវអ្វីដែលជាសច្ចធម៌ប្រវត្តិសាស្ត្រ ក៏ដូចជាសមិទ្ធផលដែលកើតមានបន្ទាប់ពីថ្ងៃរំដោះ ៧ មករា ពិសេសត្រូវចងចាំនូវស្មារតីទិវាជ័យជម្នះ ៧ មករា ជាប់ក្នុងចិត្តជានិច្ច។ សមិទ្ធផលក្រោយថ្ងៃ ៧ មករា គឺមានតម្លៃលើសអ្វីៗទាំងអស់៕