(ភ្នំពេញ)៖ រហូតមកដល់ពេលនេះ ករណីទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយ ស្ថិតនៅភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រវាងគ្រួសារប្រជាពលរដ្ឋទន់ខ្សោយ ជាមួយមន្រ្តីយោធាពាក់ស័ក្តិ៤ រស់នៅខេត្តកោះម្នាក់ នៅតែពុំទាន់មានការដោះស្រាយឡើយ ខណៈគ្រួសារជនរងគ្រោះលោកយាយ កែវ មុន្នីចិន្តា បានទទួលស្នើកិច្ចអន្តរាគមន៍ ពីសំណាក់លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ដើម្បីជួយពន្លឿនការដោះស្រាយ ចេញប្លង់រឹងឲ្យពួកគាត់បានឆាប់រហ័ស ដើម្បីគេចផុតពីការគំរាមកំហែង ពីសំណាក់មន្រ្តីយោធាខាងលើ។
ទន្ទឹមគ្នានឹងការទទួចស្នើសុំពន្លឿន ការដោះស្រាយ និងចេញប្លង់រឹងនេះ គ្រួសារជនរងគ្រោះលោកយាយ កែវ មុន្នីចិន្តា ក៏បានអំពាវនាវស្វែងរកកិច្ចអន្តរាគមន៍ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងស្ថាប័នពាក់ព័ន្ធនានា បន្ទាប់ពីមន្រ្តីយោធាស័ក្តិ៤ឈ្មោះ លី សឹង បានប្រើអំណាចឃុបឃិតគ្នា ជាមួយអាជ្ញាធរមូលដ្ឋាន មានចេតនារំលោភដីអាស្រម របស់គាត់ផងនោះ។
គ្រួសារជនរងគ្រោះ កែវ មុន្នីចិន្តា អាយុ៦២ ឆ្នាំបានអះអាងប្រាប់ឲ្យដឹងថា ដីទំនាស់ដែលមានទំហំ១៣១ ៨៣ ម៉ែត្រការ៉េខាងលើនេះ គឺប្តីរបស់លោកយាយ ឈ្មោះលោកតា សំ ម៉េន បានទិញតាំងពីឆ្នាំ១៩៩០មកម្ល៉េះ ហើយបន្ទាប់ពីគាត់ និងប្តីគឺលោកតា សំ ម៉េន ទិញបានរយៈពេល២ឬ៣ឆ្នាំ ក៏នាំគ្នាចាប់ផ្តើមចូលមករស់នៅ លើដីនេះ និងបានចាប់ផ្តើមសាងសង់ធ្វើជាកន្លែងអាស្រម ដើម្បីទុកជាទីសក្ការគោរពបូជា ដែលមានរូបសំណាក់ព្រះបដិមាករ លោកតាព្រះមុន្នីឥសី និងព្រះនរាយជាដើម…។ អំឡុងពេលកំពុងសាងសង់ដោយមើលឃើញ ពីភាពខ្វះខាត សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចទាំងពីរកាលនោះ ក៏បានឧបត្ថម្ភស៊ីម៉ង់ត៍ចំនួន១០០តោន ដើម្បីបន្តការងារសាងសងនៅទីកន្លែងនោះ។
គ្រួសារជនរងគ្រោះបានបន្តថា ដីទួលព្រះជិនស្រីនេះ ប្តីរបស់គាត់ គឺលោកតា សំ ម៉េន បានទិញពីម្ចាស់ដើមចំនួន៤ទៅ៥ម្ចាស់ ដែលមានលិខិតទិញលក់ផ្ទេរសិទ្ធិត្រឹមត្រូវ និងមានការដឹងឮស៊ីញ៉េផ្តិតមេដៃ ពីសំណាក់លោកមេភូមិប៉ាយ៉ាប សព្វថ្ងៃឈ្មោះ មុយ ជា ព្រមទាំងម្ចាស់ដើមនិងមានសាក្សី ដឹងឮទៀតផង។ ប៉ុន្តែនៅឆ្នាំ២០១៣ ក្រោយពេលដែលប្តីរបស់គាត់ លោកតា សំ ម៉េន ស្លាប់ ក៏ត្រូវបានឈ្មោះ លី សឹង ជាមន្រ្តីយោធាស័ក្តិ៤ នៅខេត្តកោះកុង ចាប់ផ្តើមបង្កបញ្ហា ប្រើអំណាចយកឈ្មោះ អ្នកធំមកគំរាមកំហែង សំឡុតចង់បានដីរបស់គាត់ ពាក់កណ្តាលដោយមានការឃុបឃិតគ្នា ជាមួយអាជ្ញាធមូលដ្ឋាន។
លោកយាយ កែវ មុន្នីចិន្តា បានរៀបរាប់ទៀតថា បន្ទាប់ពីមានជម្លោះនេះឡើង ក៏មានការប្តឹងទៅថ្នាក់ភូមិសង្កាត់ ប៉ុន្តែរាល់ការដោះស្រាយទាំងនេះ គឺពុំដែលបានលទ្ធផលផ្លែផ្កានោះឡើយ។ ក្រោយមកទៀតស្រាប់តែឈ្មោះ លី សឹង ក៏បានប្ដឹងបន្តឡើងទៅ មន្ទីរសុរិយោដី តែជាលទ្ធផលបន្ទាប់ពីមានបណ្តឹងនេះឡើង ទៅខាងមន្ទីរសុរិយោដី ក៏បានចេញសេចក្តីសម្រេចមួយ ដោយកាត់សេចក្តីឲ្យឈ្មោះ លី សឹង មានសិទ្ធិកាន់កាប់ដីនេះ ពាក់កណ្តាល ។
ដោយការមិនសុខចិត្ត ព្រោះតែអំពើអយុត្តិធម៌ ដែលបានកាត់សេចក្តីសម្រេច ឲ្យបែងចែកទំហំដីពាក់កណ្តាល ទៅឲ្យមន្រ្តីយោធា ឈ្មោះ លី សឹង ទាំងបុគ្គលនេះ គ្មានជាប់ពាក់ព័ន្ធអ្វីជាមួយដីនេះអ្វីបន្តិចនោះ ទើបក្រុមគ្រួសារជនរងគ្រោះ លោកយាយ កែវ មុន្នីចិន្តា បានដាក់ពាក្យប្តឹងជំទាស់សេចក្តីសម្រេចនេះ ហើយអំពាវនាវសុំការជួយអន្តរាគមន៍ រកយុត្តិធម៌ពីសំណាក់ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មេត្តាជួយពិនិត្យ និងពន្លឿនការដោះស្រាយ ដើម្បីឲ្យគ្រួសារពួកគាត់ ឆាប់ទទួលបានប្លង់រឹង មកកាន់កាប់ដោយស្របច្បាប់ ដូចប្រជាពលរដ្ឋដទៃទៀត។
ជុំវិញរឿងរ៉ាវទំនាស់ដីធ្លី រវាងមន្រ្តីយោធាស័ក្តិ៤ជាមួយគ្រួសារជនរងគ្រោះ លោកយាយ កែវ មុន្នីចិន្តា ខាងលើនេះ Fresh News បានព្យាយាមទំនាក់ទំនង តាមទូរស័ព្ទ ដើម្បីសួរនាំ ពីលោក លី សឹង កាលពីរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ ប៉ុន្តែទូរស័ព្ទរបស់លោក ត្រូវបានបិទ៕