(បន្ទាយមានជ័យ)៖ ស្ដូបមិត្តភាពកម្ពុជា-វៀតណាម ដែលមានទីតាំងស្ថិតនៅខាងលិចគល់ស្ពានទឹកថ្លា ក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបានគេលួចដុតបំផ្លាញ។

របាយការណ៍របស់លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មាននេះ កម្លាំងអធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល បានចុះអន្ដរាគមន៍នាំគ្នាពន្លត់មិនឲ្យរីករាលដាលនៅកន្លែងផ្សេង។

លោកអភិបាលខេត្តបានបញ្ជាក់ថា ទីតាំងស្ដូបមិត្តភាពកម្ពុជា-វៀតណាម ដែលត្រូវភ្លើងឆេះនោះ គឺខូចខាតផ្ទាំងអក្សរក្រោមរូបសំណាក ផ្នែកខាងលិច នៃស្ដូប។ ផ្អែកតាមលទ្ធផលស្រាវជ្រាវរបស់គណៈកម្មការជំនាញ បានសន្និដ្ឋានថា នេះជាករណីលួចដុតបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។

ក្រោយហេតុការណ៍នេះកើតឡើង និងស្រាវជ្រាវរួចរាល់នោះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរបានជួសជុលកែលម្អរឡើងវិញរួចរាល់ផងដែរ៕