(រតនគិរី)៖ កម្លាំងនគរបាលការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បានឃាត់រថយន្តដឹកអុសដើមស្វាយចន្ទីមួយគ្រឿង ដែលកំពុងដឹកបម្រុងទៅកាន់ប្រទេសវៀតណាម។

លោកឧត្តមសេនីយ៍ត្រី នូវ ដារ៉ា ស្នងការរងនគរបាលទទួលផែនប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រាប់ថា ពេលគាត់ចុះទៅជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី មិនបានឃាត់រថយន្តដឹកអុសចន្ទីទេ ប៉ុន្តែមិនអនុញ្ញាតឲ្យរថយន្តនោះដឹកអុសចន្ទីទៅក្រៅទេពោលគឺគ្មានបែបបទឯកសារត្រឹមត្រូវ។

ទាក់ទិនទៅនឹងការឃាត់រថយន្តដឹកអុសចន្ទីខាងលើនេះលោក កែវ ភក្តី អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី បានប្រាប់ថា ពាក់ព័ន្ធទៅនឹងបច្ចេកទេសផ្លូវថ្នល់ដឹកលើសទំងន់មិនពាក់ព័ន្ធ និងអុសចន្ទីទេ។

គេសង្កេតឃើញរថយន្តដឹកអុសចន្ទីនៅទ្រឹងមួយកន្លែងវិលកង់មិនរួចជិតច្រកទ្វារអន្តរជាតិអូរយ៉ាដាវរយៈពេល២ថ្ងៃ គឺថ្ងៃទី៣-៤ មានកម្មករចំនួន៥នាក់មានទឹកមុខស្រពាប់ស្រពោនដាច់បាយក្រហាយទឹក មិនទាន់ដឹងជំនាញខាងណាអ្នកទទួលខុសត្រូវ។

កម្មករដែលនៅលើរថយន្តបានបញ្ជាក់ថា ពួកគាត់បានប្រមូលទិញអុសចន្ទីក្នុងភូមិសាស្ត្រឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដោយម៉ៅក្នុង១ហិកតា តម្លៃ១០-១៥ម៉ឺនរៀល និងម្ចាស់ចំការចន្ទីខ្លះទៀតឲ្យមិនគិតលុយព្រោះដើមចន្ទីចាស់ៗ គ្មានផ្លែទៀតទេ ដោយគ្រាន់តែម្ចាស់ចំការទាំងនោះឲ្យប្រមូលដើម និងមែកចន្ទីឲ្យស្អាតហើយយកដីដាំដំណាំផ្សេងៗទៀត ហើយការចាប់ផ្តើមរកស៊ីពួកគាត់ជើងទី១ មិនទាន់ដឹកដល់វៀតណាមជួបឧបសគ្គតែម្តង។

លោក វ៉ាន់ សោភា អភិបាលស្តីទីខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ថា គាត់មិនបានដឹងករណីឃាត់រថយន្តដឹកអុសចន្ទីបំរុងទៅលក់នៅប្រទេសវៀតណាម ទុករយៈពេល២ថ្ងៃនេះនៅឡើយទេ ព្រោះគ្មានរបាយការណ៍ចូលមករដ្ឋបាលខេត្ត។

សូមជម្រាបថា កន្លងទៅថ្មីៗនេះរាជរដ្ឋាភិបាល បាននិរាករណ៍សារាចរណែនាំកៅស៊ូ និងដើមកៅស៊ូមិនទាន់កែច្នៃទៅបរទេស ប៉ុន្តែអុសចន្ទី (ដើមឈើស្រុក) មិនដឹងថាអាចដឹកទៅលក់ក្រៅប្រទេសបានឫអត់!។

មន្ត្រីរាជការ និងប្រជាពលរដ្ឋខេត្តសុំណូមពរថ្នាក់ដឹកនាំឲ្យពួកគាត់បានដឹកអុសចន្ទីទៅលក់នៅវៀតណាមដោយរលូនផង ព្រោះដើមចន្ទីចាស់ៗអស់ផ្លែកន្លងមក កាប់ដុតចោលដោយគ្មានអ្នកទិញឥលូវមានអ្នកទិញពួកគាត់ សប្បាយចិត្តណាស់បានកម្រៃខ្លះធ្វើចំការ និងដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ៕