(ភ្នំពេញ)៖ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីនៃឡាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជាពោលគឺ នៅថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ខាងមុខនេះ ដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវទំនាក់ទំនង មិត្តភាពជាប្រពៃណី ដែលមានស្រាប់ ទំនាក់ទំនងអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។
នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ដែលអង្គភាព Fresh News ទើបទទួលបានមុននេះបន្តិច។
សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចនេះ លោក ថងលូន ស៊ីសូលីត នាយករដ្ឋមន្រ្តីឡាវ នឹងចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅព្រះបរមរាជវាំង។
ក្រៅពីនោះ លោក ថងលូន ស៊ីសូលីត ក៏នឹងជួបសំដែងការគួរសមជាមួយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបចរចាផ្លូវការជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាផងដែរ៕