(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញលិខិតបំភ្លឺមួយពាក់ព័ន្ធនឹងករណីប្រធានមន្ទីរអប់រំ ខេត្តត្បូងឃ្មុំ ដោយបញ្ជាក់ថា ក្រោយស្រាវជ្រាវ មិនបានរកឃើញកំហុសឆ្លងរបស់ប្រធានមន្ទីរ ដូចការចោទប្រកាន់នេះឡើយ ផ្ទុយទៅវិញគឺលោកប្រធានមន្ទីរ មានលក្ខណៈសម្បត្តិល្អប្រសើរ ក្នុងការដឹកនាំគ្រប់គ្រងទៀតផង។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា កន្លងទៅមានអ្នកសារព័ត៌មាន និងបណ្តាញសង្គមមួយចំនួន បានបង្ហោះតាមគេហទំព័រហ្វេសប៊ុកចោទប្រកាន់ ដូចខាងក្រោម ៖

១៖ ការប្រើប្រាស់ថវិកាគ្រូបង្រៀនពីរថ្នាក់ ពីរពេល ថ្នាក់គួប បានដាក់សាច់ញាតិ បងប្អូន មិត្តភក្តិ ដែលមានថវិកាចំនួន ២០២,៨៩៥,០០០រៀល (ពីររយពីរលាន ប្រាំបីរយកៅសិបប្រាំពាន់រៀលគត់)។

២៖ ការកាត់ប្រាក់ឧបត្ថម្ភគ្រូបង្រៀនជាប់កិច្ចសន្យានៅស្រុកមេមត់ នៅខែមករា ឆ្នាំ២០២២ ចំនួន៩៥នាក់ ដែលមានទឹកប្រាក់សំរុបចំនួន ៩៦,៨៣៧,២៥០រៀល (កៅសិបប្រាំមួយលាន ប្រាំបីរយសាមសិបប្រាំពីរពាន់ ពីររយហាសិបរៀលគត់)។

៣៖ គ្រូបង្រៀនថ្នាក់គួបចំនួន ៧នាក់ និងគ្រូបង្រៀនពីរថ្នាក់ ពីរពេល ចំនួន ៦នាក់ សរុប ១៣នាក់ ដែលទទួលបានប្រាក់ឧបត្ថម្ភពុំគ្រប់ខែដែលបានបង្រៀននោះ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ផ្អែកលើករណីបណ្ដឹងនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ បានបង្កើតក្រុមការងារថ្នាក់ខេត្ត ដើម្បីពិនិត្យ សិក្សា ស្រាវជ្រាវ អង្កេត និងដោះស្រាយ ដោយបានចុះទៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងហ្មត់ចត់ តាមរយៈការចុះសាកសួរមន្ត្រី លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធដោយ រក្សាការសម្ងាត់ និងស្រាវជ្រាវ ប្រមូលឯកសារធាតុចូលនៃអង្គហេតុនីមួយៗ និងបានដាក់ឆ្លងកិច្ចប្រជុំ គណៈអភិបាលខេត្ត ដើម្បីពិនិត្យ ពិភាក្សាករណ៍ខាងលើ ដោយឈរលើគោលការណ៍ច្បាប់ និងប្រកប ដោយអព្យាក្រឹត្យភាព។

ជាមួយគ្នានេះដែរ ក្នុងកិច្ចប្រជុំគណៈភិបាលខេត្ត មិនត្រឹមតែរកមិនឃើញនូវ កំហុសឆ្គងដូចការចោទប្រកាន់ប៉ុណ្ណោះទេ ថែមទាំងបានរកឃើញអំពីលក្ខណៈសម្បត្តិល្អប្រសើរក្នុង ការដឹកនាំគ្រប់គ្រងរបស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ព្រមទាំង បានសម្រេចការងារ និងសមិទ្ធផលក្នុងវិស័យអប់រំជាច្រើន ជាពិសេស លោកប្រធានមន្ទីរ បានខិតខំប្រឹងប្រែង យកអស់កម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតី សម្ភារ និងធនធាន ជួយកិច្ចការសង្គម និងមនុស្សធម៌ផងដែរ៕