(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានលើកឡើងថា មាតា បិតា ឬអាណាព្យាបាលសិស្ស មានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកជំរុញកុលបុត្រ កុលធីតារបស់ខ្លួនឲ្យខិតខំប្រឹងប្រែងព្យាយាមរៀនសូត្រ ដើម្បីកាត់បន្ថយភាពក្រីកក្នុងគ្រួសារ និងជួយពង្រឹងឲ្យកូនចៅខ្លួនមានការទទួលខុសត្រូវលើខ្លួនឯង មានសីលធម៌ និងអាកប្បកិរិយាថ្ងៃថ្នូរ ដើម្បីក្លាយខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ។
ការលើកឡើងរបស់លោកអភិបាលខេត្ត ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣នេះ ក្នុងឱកាសបានអញ្ជើញបើកបវេសនកាល ឆ្នាំសិក្សា២០២២-២០២៣ នៅវិទ្យាល័យ សម្ដេច ជួន ណាត ស្ថិតនៅ ឃុំក្រឡា ស្រុកកំពង់សៀម។ ពិធីនេះ ក៏មានការចូលរួមពីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង អតីតលោកគ្រូ អ្នកគ្រូ ជានិវត្តន៍ជន និងលោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យ៉ាងច្រើនកុះករ។
បន្ទាប់ពីអានសារលិខិតសម្តេចតេជោ ហ៊ុន សែន ជូនដល់លោកគ្រូ-អ្នកគ្រូ និងសិស្សានុសិស្ស រួចមក, លោក អ៊ុន ចាន់ដា បានគូសបញ្ជាក់ថា ការកសាងវប្បធម៌សន្តិភាព និងការអប់រំវប្បធម៌សន្តិភាព គឺជាភារកិច្ចដ៏ឧត្តុង្គឧត្តមរបស់បុគ្គលិកសិក្សា គ្រួសារ និងសង្គមជាតិទាំងមូល ដោយឈរលើមូលដ្ឋាននៃការបណ្តុះបណ្តាលគុណធម៌ និងឥរិយាបថ ដែលឆ្លុះបញ្ចាំងពីការគោរពជីវិត ការគោរពចំពោះមនុស្សជាតិ និងសិទ្ធិមនុស្ស ការគោរពគោលការណ៍ច្បាប់ គោលការណ៍សេរីភាព ប្រជាធិបតេយ្យ និងយុត្តិធម៌ប្រឆាំងនឹងអំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន និងការរើសអើងគ្រប់ប្រភេទ។
លោកអភិបាលខេត្ត ក៏បានអំពាវនាវឲ្យគ្រូបង្រៀន និងអ្នកអប់រំទាំងអស់ បន្តការអនុវត្តគោលការណ៍អប់រំមូលដ្ឋាន និងខ្លឹមសារអប់រំវប្បធម៌សន្តិភាពនេះ ឲ្យបានជ្រួតជ្រាបដល់សិស្សានុសិស្សគ្រប់ភូមិសិក្សា ឲ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពថែមទៀត ដើម្បីកសាងយុវជនជំនាន់ថ្មី ប្រកបដោយកាតរីកចម្រើនលើគ្រប់វិស័យ។
លោកបន្ដថា ជាការពិតណាស់ការអប់រំ និងការកសាងធនធានមនុស្ស ត្រូវតែឆ្លងកាត់ការបណ្តុះបណ្តាលក្នុងសាលារៀនដែលមានគ្រូបង្រៀន «គឺជាអ្នកសម្រួចអនាគតរបស់សិស្ស ជាឪពុកម្ដាយទី២ និងជាវិស្វករព្រលឹង នៃយុវជនជំនាន់ក្រោយ»។ ប៉ុន្តែ ក៏ត្រូវមានកិច្ចសហការពីមាតា បិតា អាណាព្យាបាល ចាស់ព្រឹទ្ធាចារ្យ មហាជនទូទៅក្នុងសង្គមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។ គ្រួសារត្រូវតែដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងកោសិកាសង្គម និងតម្រែតម្រង់ទិសសិស្សឲ្យដើរទៅតាមផ្លូវត្រូវ។
ទន្ទឹមនឹងនេះ យើងក៏ត្រូវទទួលស្គាល់ផងដែរថា ការអប់រំមិនបានដិតដល់ ឬការបែកបាក់ក្នុងគ្រួសារក៏ជាប្រភពដែលបង្កើតឲ្យមានការប្រព្រឹត្តនូវឧក្រិដ្ឋកម្ម និងអំពើអបាយមុខទៅវិញ។ ដូច្នេះមាតាបិតា ឬអាណាព្យាបាលសិស្ស ត្រូវជួយគ្រប់គ្រងអប់រំកូនចៅ ឲ្យពួកគេស្ថិតនៅក្នុងសាលារៀន ស្ថិតក្នុងលំនៅឋាន ស្ថិតក្នុងរង្វង់នៃការកម្សាន្តជាមួយគ្រួសារ មិត្តភ័ក្រត្រឹមត្រូវ ដើម្បីកុំឲ្យពួកគេស្ថិតនៅក្នុងក្រុមក្មេងទំនើងដើរមិនចូលផ្ទះ មិនចូលសាលារៀន ហើយបង្កបញ្ហានៅតាមទីធ្លាសាធារណៈ ឬសាលារៀន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ និងសង្គមជាតិ៕