(ភ្នំពេញ)៖ សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលត្រូវបានគេទទួលស្គាល់ថា ជាសាកលវិទ្យាល័យ ឈានមុខគេនៅកម្ពុជាបានបនែ្ថមមុខវិជ្ជាថ្មីមួយទៀតលើវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ច។ តាមសេចក្តីប្រកាសព័ត៌មានរបស់ AUPP ដែលទទួលបាននៅថៃ្ងទី២៣ ខែមិថុនា ឆ្នាំ២០១៦នេះ បានឱ្យដឹងថា មុខវិជ្ជាជំនាញផែ្នកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច(Tourism and Hospitality Management) ខ្នាតស្តង់ដារអន្តរជាតិនេះ ត្រូវបានពង្រីកបនែ្ថមចាប់ពីឆ្នាំ២០១៦ នេះទៅ។
សេចក្តីប្រកាសព័ត៌មានបានបនែ្ថមថា និស្សិតដែលរៀនយកជំនាញផែ្នកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ចនេះ នឹងទទួលបានសញ្ញាបត្រពីរបន្ទាប់ពីបញ្ចប់ការសិក្សារបស់ខ្លួន គឺសញ្ញាបត្រមួយទទួល បានពី AUPP និងសញ្ញាបត្រមួយទៀតទទួលបានពីសាកលវិទ្យាល័យដៃគូរនៅសហរដ្ឋអាមេរិក គឺសាកលវិទ្យាល័យរដ្ឋហ្វត ហេ (Fort Hays States University) នៅរដ្ឋកាន់សាស។
មុខវិជ្ជាជំនាញផែ្នកគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច ជាមុខវិជ្ជាដ៏ពេញនិយមមួយនៅទូទាំងពិភពលោក ជាពិសេសសម្រាប់បណ្តាប្រទេសដែលមានសក្តានុពល ឬកេរ្តិ៍ដំណែលទេសចរណ៍ដូចប្រ ទេសកម្ពុជា ហើយភ្ញៀវទេសចរបរទេស ចំនួនជិត ៥លាននាក់ បានមកកម្ពុជានៅឆ្នាំ២០១៥ ធ្វើឱ្យកម្ពុជារកចំណូលបានចំនួនជាង ៣ពាន់លានដុល្លារ ហើយកម្ពុជារំពឹងថានឹងមានភ្ញៀវទេសចរបរទេសចំនួន៧លាននាក់ នឹងធ្វើដំណើរមកកម្ពុជានៅឆ្នាំ២០២០។ ពេលនោះហើយដែលនិស្សិតរៀនយកជំនាញមួយនេះនឹង ទទួលបានឱកាសការងារយ៉ាងច្រើនលើសលប់។
ការបនែ្ថមមុខវិជ្ជាជំនាញគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច របស់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ត្រូវបានធ្វើឡើងចំពេលដែល ក្រុមប្រឹក្សាភិបាលទេសចរណ៍និងពាណិជ្ជកម្មអឺរ៉ុប បានប្រ សិទ្ធនាម «កម្ពុជាជាប់ជាគោលដៅទេសចរណ៍ល្អបំផុត លើពិភពលោកឆ្នាំ២០១៦» និងការផ្តល់មេដាយ ដល់សមេ្តចតេជោ ហ៊ុន សែន ជាសមាជិកកិត្តិយសរបស់សភាទេសចរណ៍អឺរ៉ុប ៕