(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ២០២២ មិនមានការប្រែប្រួលនោះទេ។

បើតាមសេចក្តីប្រកាសព័ត៌មានដែលបណ្តាញ Fresh News ទទួលបាន ក្រសួងអប់រំ បានលើកឡើងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ ប្រព្រឹត្តទៅដោយរលូនស្របតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល និងការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា ពិសេសមានកិច្ចសហការល្អរវាងក្រសួង ស្ថាប័នអាជ្ញាធរ និងភាគីពាក់ព័ន្ធ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្រផ្ទាល់របស់បេក្ខជន ការអនុវត្តភារកិច្ចប្រកបដោយភាពហ្មត់ចត់ ស្មោះត្រង់ និងស្មារតីទទួលខុសត្រូវខ្ពស់របស់គណៈមេប្រយោគនិងគណៈកម្មការនានាគ្រប់ថ្នាក់។

សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា ឆ្លើយតបចំពោះសំណូមពរនិងការតវ៉ារបស់បេក្ខជនដែលបានដាក់ពាក្យតវ៉ាចំពោះលទ្ធផលនៃការប្រឡង ក្រសួងអប់រំ យុវជន និងកីឡាបានពិនិត្យយ៉ាងយកចិត្តទុកដាក់ លើកិច្ចការរបស់បេក្ខជនពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ធ្វើយ៉ាងណាឱ្យបេក្ខជន មាតាបិតា អ្នកអាណាព្យាបាលនិងសាធារណជនមានការជឿទុកចិត្ត។ ក្រោយពីបានបញ្ចប់ការពិនិត្យ បានរកឃើញថា លទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៥ ធ្នូ ២០២២ មិនមានការប្រែប្រួលទេ។ ឈរលើមូលដ្ឋាននេះ ក្រសួង សូមប្រកាសបញ្ចប់ការទទួលពាក្យតវ៉ារបស់បេក្ខជន និងបញ្ចប់ដំណើរការពិនិត្យ និងដោះស្រាយការតវ៉ា ចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាននេះតទៅ។

សម្រាប់ក្រសួងអប់រំ ចំពោះសិស្សប្រឡងធ្លាក់ ក្រសួងផ្តល់ឱកាសឱ្យប្រឡងឆ្នាំក្រោយទៀត និងលើកទឹកចិត្តឱ្យខិតខំរៀនសូត្របន្ត ដោយមានការជួយគាំទ្រពីសំណាក់លោកគ្រូ អ្នកគ្រូ មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ដើម្បីទទួលបានជោគជ័យនៅឆ្នាំខាងមុខ។ សូមអ្នកសិក្សាគ្រប់រូបចងចាំថា ការព្យាយាមគង់បានសម្រេចដូចបំណង៕