(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល (NICA) នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំទទួលដំណើរទស្សនកិច្ចរបស់ភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា ដឹកនាំដោយលោក នោ ហ្សន់ជូន (RHO Hyunjun) ប្រធានភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា។

គណៈប្រតិភូត្រូវបានទទួលស្វាគមន៍ ដោយនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) និងលោក លឹម កៅ នាយកវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល និងថ្នាក់ដឹកនាំ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល។

លោក លឹម កៅ បានបញ្ជាក់ឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនេះ គឺដើម្បីពិនិត្យមើលសមិទ្ធិផលនានា នៅក្នុងវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល ដូចជា៖ សំណង់អគារសិក្សា សម្ភារៈសិក្សា និងគ្រឿងសង្ហារឹម តាមការិយាល័យជាដើម។

វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល (NICA) ដែលជាអតីតមជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល(CATC) ត្រូវបានសាងសង់ឡើង ដោយ KOICA ក្រោមជំនួយឥតសំណង របស់ប្រទេសសាធារណៈរដ្ឋកូរ៉េ ចំនួន១០.១លានដុល្លារអាមេរិក ដែលរួមបញ្ចូលការសាងសង់អាគារសិក្សា បំពាក់សម្ភារៈសិក្សា និងការបណ្តុះបណ្តាលគ្រូបង្គោលជាមន្ត្រី របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដោយគ្រូជនជាតិកូរ៉េ។

ដើម្បីជួយដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងនិរន្តរភាពក្នុងវិស័យអាកាសចរណ៍ និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព នៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសធនធានមនុស្ស ក្នុងវិស័យដឹកជញ្ជូន តាមផ្លូវអាកាសនៅកម្ពុជា KOICA បន្តជួយដល់កម្ពុជា តាមរយៈការផ្តល់ឧបករណ៍ និងសម្ភារៈថ្មីៗ និងការធ្វើឲ្យប្រសើរឡើង នូវគ្រឿងបរិក្ខារ។

នាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនអាកាសចរស៊ីវិល ត្រូវបានប្រែក្លាយ ទៅជាវិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល ដោយរាជរដ្ឋាភិបាលកម្ពុជា នៅខែកុម្ភៈ ឆ្នាំ២០២២ ក្នុងគោលបំណងអនុញ្ញាតឲ្យវិទ្យាស្ថាន អាចបើកវគ្គសិក្សាបានទូលំទូលាយ និងដល់កម្រិតខ្ពស់ រហូតដល់ថ្នាក់បរិញ្ញាបត្រ។

លោកបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលដែល KOICA សម្រេចបាន និងថ្លែងអំណរគុណចំពោះ KOICA និងប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដែលតែងតែគាំទ្រ វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិលជាបន្តបន្ទាប់ ហើយក៏សង្ឃឹមថា KOICA នឹងបន្តជួយគាំទ្រ ដល់វិទ្យាស្ថានជាតិនេះទៀត។

លោក នោ ហ្សន់ជូន បានថ្លែងថា លោករំពឹងថា វិទ្យាស្ថានជាតិអាកាសចរណ៍ស៊ីវិល នឹងជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៅកម្ពុជា តាមរយៈការចូលរួមចំណែក ក្នុងការអភិវឌ្ឍធនធានមនុស្ស ក្នុងវិស័យអាកាសចរណ៍ និងការពង្រឹង និងពង្រីកសេវាកម្មអាកាសចរណ៍ក្នុងស្រុក និងក្រៅប្រទេស ឲ្យស្របតាមស្តង់ដារអន្តរជាតិ។

លោកបានថ្លែងថា «តាងនាមរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះ SSCA និង NICA ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការធ្វើឲ្យមានវឌ្ឍនភាពដ៏អស្ចារ្យ និងធ្វើឲ្យប្រសើរឡើងពី CATC ទៅជា NICA។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ដែលបានឃើញសមិទ្ធិផលនេះ តាមរយៈកិច្ចសហប្រតិបត្តិការរបស់យើង»៕