(ភ្នំពេញ)៖ រថយន្តម៉ាកហុីយ៉ាន់ដាយប្រភេទបែនដឹកថ្ម ១គ្រឿង បើកបរក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តម៉ាកនីស្សាន់បែនដឹកថ្ម ១គ្រឿងពីក្រោយបណ្តាលឱ្យកៀបជាប់អ្នកបើកបររងរបួសជើងឆ្វេងធ្ងន់ធ្ងរ ត្រូវបានប្រជាពលរដ្ឋ និងក្រុមសង្គ្រោះរបស់អង្គភាពរុករក និងសង្គ្រោះ៧១១ គាស់យកចេញរួចដឹកយកទៅសង្រ្គោះបន្ទាន់នៅឯមន្ទីរពេទ្យព្រះកុសុមៈ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៤៥នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុគេបានឃើញរថយន្តម៉ាកហុីយ៉ាន់ដាយបែនដឹកថ្មពណ៌ស្លាទុំ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3879 បើកបរដោយឈ្មោះ ស្រស់ វិត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិត្រពាំងជួន ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ធ្វើដំណើរក្នុងទិសដៅបើកពីលិច ទៅកើតក្នុងល្បឿនលឿន លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តម៉ាកនីស្សាន់ពណ៌លឿង ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-2793 ជាប្រភេទរថយន្តបែនដឹកថ្មដូចគ្នា ពេញទំហឹងក្នុងពេលដែលរថយន្តនីស្សាន់នោះកំពុងបន្ថយល្បឿន។
ប្រភពដដែលបានបញ្ជាប់ថា ពេលនោះបានបណ្ដាលឱ្យរថយន្តហុីយ៉ាន់ដាយ ដែលបើកបុកគេពីក្រោយរងការខូចខាតខ្ទេចកាប៊ីនទាំងស្រុងកៀបអ្នកបើកបររងរបួសជើងធ្ងន់ធ្ងរ។ បន្ទាប់មកបានប្រជាពលរដ្ឋ និងក្រុមសង្គ្រោះរបស់អង្គភាពរុករក និងសង្គ្រោះ៧១១ គាស់យកចេញរួចដឹកយកទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យព្រះកុសុមៈ។ ដោយឡែករថយន្តទាំង ២គ្រឿង គឺមានម្ចាស់តែមួយ ហើយខាងក្រុមហ៊ុនដឹកជញ្ជូនដែលជាម្ចាស់បាននាំយកទៅធ្វើការជួសជុលឡើងវិញដោយខ្លួនឯង៕